ភ្នំពេញៈ កម្ពុជា គឺជាប្រទេស ១ ក្នុងចំណោមប្រទេសចំនួន ៩ ដែលតម្លៃអគ្គិសនីមិនប្រែប្រួលចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ បើទោះមានការរំខានដោយសារការរីករាលដាលជំងឺកូវីដ ១៩។ នេះបើយោងតាមទិន្នន័យថ្មីបំផុតបានពីក្រុមហ៊ុន Compare the Market ដែលមានមូលដ្ឋាននៅប្រទេសអូស្ដ្រាលីចេញផ្សាយនាពេលថ្មីៗនេះ។
ក្រុមហ៊ុន Compare the Market បានស្វែងយល់ពីការប្រែប្រួលតម្លៃអគ្គិសនីនៅក្នុងអំឡុងពេលប៉ុន្មានខែដំបូងនៃការរីករាលដាលជំងឺ ដែលភាគច្រើនត្រូវរងឥទ្ធិពលដោយសម្ពាធធនធាន និងការផ្លាស់ប្តូរតម្រូវការ។
ការផ្លាស់ប្តូរខ្លាំងជាងគេត្រូវបានមើលឃើញនៅក្នុងប្រទេសអ៊ីរ៉ង់ដែលបានធ្លាក់ចុះតម្លៃ ៥០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននៅចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០។ ផ្ទុយទៅវិញ ប្រទេសអាហ្វ្រិកខាងត្បូងបានមើលឃើញការកើនឡើងខ្លាំងជាងគេចំនួន ២៥,៨ ភាគរយនៅចន្លោះមុនពេល និងពាក់កណ្ដាលពេលនៃការរីករាលដាលជំងឺកូវីដ ១៩។
លោកស្រី Hannah Norton ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈឌីជីថលនៅក្រុមហ៊ុន Compare the Market បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ដោយផ្អែកតាមការស្រាវជ្រាវដែលយើងបានធ្វើឡើង កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតដែលរាយការណ៍ថា មិនមានការផ្លាស់ប្តូរតម្លៃអគ្គិសនីនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តម្លៃបានស្ថិតនៅថេរចន្លោះ ៤៨០-៧៤០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង (អាស្រ័យលើការប្រើប្រាស់ក្នុងគ្រួសារ) មួយរយៈពេលនេះដែលតម្លៃខ្ពស់ជាងប្រទេសជិតខាងដូចជាថៃ និងឥណ្ឌូនេស៊ី ដែលតម្លៃស្ថិតក្រោម ០,០៧-០,១០ ដុល្លារក្នុង ១ គីឡូវ៉ាត់ម៉ោង។ ជាក់ស្ដែងតម្លៃអគ្គិសនីរបស់កម្ពុជាគឺខ្ពស់ខ្លាំងជាងគេក្នុងចំណោមបណ្ដាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍»។
លោកស្រីបន្តថា តម្លៃអគ្គិសនីខ្ពស់បើធៀបនឹងបណ្ដាប្រទេសផ្សេងទៀតអាចជាឧបសគ្គមួយដែលរួមចំណែកក្នុងការទាក់ទាញការវិនិយោគនៅក្នុងវិស័យផលិតកម្មផ្សេងៗរបស់កម្ពុជា។ ទោះយ៉ាងណាក៏ដោយ វាមិនចាំបាច់បង្វែរចំណាប់អារម្មណ៍ពីសមត្ថភាពរបស់ប្រទេសមួយនេះក្នុងប្រតិបត្តិការប្រកបដោយនិរន្តរភាពនោះទេ។ ជាឧទាហរណ៍ ទោះបីក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនគិតតម្លៃខ្ពស់ក៏ដោយ ក៏ពួកគេប្រើប្រាស់ដោយការសន្សំសំចៃ ដែលអាចឱ្យប្រតិបត្តិការមាននិរន្តរភាព។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តម្លៃអគ្គិសនីមិនផ្លាស់ប្តូរទេសម្រាប់ឆ្នាំ ២០២២ ហើយវាជាតម្លៃខ្ពស់បំផុតមួយនៅក្នុងតំបន់ដែលរារាំងដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
លោកលើកឡើងថា៖ «ខណៈពេលដែលការដំឡើងសូឡាបានរួមចំណែកដល់ការផលិតថាមពលបៃតង ដែលជួយសង្គ្រោះបរិស្ថាន វាមិនមានប្រយោជន៍ផ្នែកហិរញ្ញវត្ថុសម្រាប់វិស័យឯកជនទេ ដោយសារគោលនយោបាយគិតថ្លៃទៅលើផលិតភាពដោយអគ្គិសនីកម្ពុជា។ ការប្រើប្រាស់ការ-គិតថ្លៃទៅលើសមត្ថភាពប្រើប្រាស់ខ្ពស់ មិនជំរុញឱ្យមានការប្រើប្រាស់បន្ទះសូឡា ឬនាំមកផលប្រយោជន៍ហិរញ្ញវត្ថុដល់វិស័យឯកជននោះទេ»។
លោកស្រី Hannah បានបញ្ជាក់ថា កាលពីដើមឆ្នាំ ២០២០ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានប្រកាសថា រដ្ឋាភិបាលបានសម្រេចចិត្តវិនិយោគក្នុងបរិមាណច្រើន ដើម្បីកាត់បន្ថយថ្លៃដើមអគ្គិសនី។
លោកស្រីបានលើកឡើងថា៖ «នៅក្នុងការឆ្លើយតបជាវិជ្ជមានថ្នាក់ដឹកនាំក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងផលិតកម្មផ្សេងៗបានទទួលស្គាល់ថា ការបញ្ចុះថ្លៃអគ្គិសនីនឹងបង្កើនផលិតកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យនានា។ លើសពីនេះ លោក វិចទ័រ ហ្សូនា (អតីតអគ្គនាយកថាមពលក្រសួងរ៉ែ និងថាមពល) បានពន្យល់ថា ការកាត់បន្ថយតម្លៃអគ្គិសនីនឹងរួមចំណែកដល់ការបង្កើនកត្តាប្រកួតប្រជែងរបស់ប្រទេសជាតិ»។
អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) កាលពីខែកញ្ញា ឆ្នាំ ២០២១ បានចេញផ្សាយផែនការតម្លៃអគ្គិសនីសម្រាប់ឆ្នាំ ២០២២ របស់អ្នកទទួលអាជ្ញាប័ណ្ណតភ្ជាប់ជាមួយបណ្តាញអគ្គិសនីជាតិ ដើម្បីឱ្យក្រសួង ស្ថាប័ន និងអ្នកទទួលអាជ្ញាប័ណ្ណពិនិត្យ និងផ្តល់យោបល់។
តម្លៃអគ្គិសនីដែលបានស្នើឡើងមានដូចជា តម្លៃ ០,១១៣៨ ដុល្លារក្នុងគីឡូវ៉ាត់ម៉ោងសម្រាប់ការតភ្ជាប់នៅតង់ស្យុងមធ្យម (MV) ពីអនុស្ថានីយអគ្គិសនី, ០,១២៩០ ដុល្លារសម្រាប់កុងទ័រតង់ស្យុងមធ្យម, តម្លៃ ០,១៣៤១៦ ដុល្លារសម្រាប់ការប្រើប្រាស់កុងទ័រត្រង់ស្វូក្នុងកម្រិតតង់ស្យុងទាប (LV) និង តម្លៃ ០,១៤២១៦ ដុល្លារសម្រាប់អ្នកផ្គត់ផ្គង់កុងទ័រត្រង់ស្វូ LV។
EAC បានឱ្យដឹងថា តម្លៃនេះបានចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ហើយវិក្កយបត្រ ដំបូងបានចេញកាលពីថ្ងៃទី ២០ ខែមករា។ EAC បញ្ជាក់ថា នឹងខិតខំផ្តល់សេវាអគ្គិសនីកាន់តែល្អក្នុងតម្លៃសមរម្យសម្រាប់ការប្រើតាមគេហដ្ឋាន និងសហគ្រាស៕LA