ភ្នំពេញៈ បារាំង និងអ៊ីរ៉ង់ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការតភ្ជាប់ជើងហោះហើរជាមួយកម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងស្ដារវិស័យទេសចរណ៍ឡើងវិញដំណាក់កាលក្នុង និងក្រោយវិបត្តិកូវីដ ១៩។
ប្រទេសបារាំង និងប្រទេសអ៊ីរ៉ង់ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ សុទ្ធតែបានបង្ហាញពីបំណងក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យបានល្អប្រសើរឡើងវិញនៅលើវិស័យទេសចរណ៍។
លោក Pellet Jacques ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជាបាននិយាយថា៖ «យើងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីធ្វើជាគំរូដល់ប្រទេសសមាជិកដទៃ។ នេះគឺជាការចូលរួមដើម្បីផលប្រយោជន៍ ភាពរីកចម្រើនទាំងអស់គ្នា ពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ានផងដែរ»។
ក្នុងឱកាសនោះលោក ថោង ខុន ក៏បានស្នើឱ្យមានការជំរុញតភ្ជាប់ជើងហោះហើរត្រង់ពីបារាំងទៅមកកម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវទេសចរទៅវិញទៅមក។ លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «នាពេលខាងមុខ យើងនឹងជួបជាមួយអាជីវករ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដែលជាជនជាតិបារាំងដើម្បីរកវិធីសាស្ត្របន្ថែមទៀតក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឱ្យបានល្អប្រសើរឡើងវិញ ខណៈនៅកម្ពុជាក៏មានអាជីវករ និងប្រតិបត្តិករជាជនជាតិបារាំងច្រើនផងដែរ»។
ដោយឡែកក្នុងជំនួបជាមួយលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់វិញ លោក ថោង ខុន និយាយថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទាក់ទាញភ្ញៀវទេសចរមូស្លីមតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរមូស្លីម ដែលក្នុងនោះក៏នឹងជំរុញឱ្យមានការវិនិយោគ ក៏ដូចជា ភ្ញៀវទេសចរមូស្លីមមកកម្ពុជាផងដែរ។
លោក ថោង ខុន ក៏បានស្នើឱ្យភាគីអ៊ីរ៉ង់ជួយសិក្សាលើការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជានាពេលខាងមុខ ខណៈភាគីទាំង ២ បានពិនិត្យលើលទ្ធភាពជាជំហានលើការហោះហើរជាលក្ខណៈត្រីកោណពីអ៊ីរ៉ង់ចូលមកប្រទេសថៃ ឬប្រទេសម៉ាឡេស៊ី និងបន្តដំណើរមកកម្ពុជា។
លោក Ali Akbar Nazari ក៏បានឯកភាពជាមួយភាគីកម្ពុជាលើការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍នៃប្រទេសទាំង ២ ដោយកម្ពុជាជាអ្នកផ្ដួចផ្ដើម និងបានស្នើទៅកាន់ភាគីអ៊ីរ៉ង់កន្លងមករួចហើយ។
លោកបញ្ជាក់ថា៖ «ភាគីទាំង ២នឹងរៀបចំឱ្យមានកិច្ចចុះហត្ថលេខាលើអនុស្សរណៈលើវិស័យទេសចរណ៍ ហើយទន្ទឹមគ្នានោះក៏នឹងមានការចុះអនុស្សរណៈលើវិស័យកីឡាផងដែរ ដោយការចុះហត្ថលេខានឹងធ្វើឡើងនៅប្រទេសអ៊ីរ៉ង់»។
លោកស្រី ឆាយ ស៊ីលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជំនួបរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយបារាំងអាចនឹងជួយជំរុញដល់វិស័យទេសចរណ៍របស់កម្ពុជាឡើងវិញបានមួយកម្រិតទៀត ដោយសារកន្លងទៅកម្ពុជាទទួលបានទេសចរបារាំងក្នុងរង្វង់ ២០ ម៉ឺននាក់ដែរ ក្នុង ១ ឆ្នាំ។
ដោយឡែកចំពោះភ្ញៀវទេសចរមកពីខាងប្រទេសអ៊ីរ៉ង់វិញ លោកស្រីបានបន្ថែមថា គឺនៅមានកម្រិតនៅឡើយ ដូចនេះប្រសិនបើមានការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំង ២ កាន់តែប្រសើរ។
លោកស្រីបានថ្លែងថា៖ «ប្រជាជនបារាំងបានស្គាល់ និងមានប្រវត្តិជាមួយប្រទេសកម្ពុជាជាយូរមកហើយ ដូចនេះបើមានកិច្ចសហការថែមទៀតនឹងកាន់តែប្រសើរ។ ចំណែកអ៊ីរ៉ង់វិញ ខ្ញុំរំពឹងថា តាមរយៈការផ្សព្វផ្សាយកីឡាស៊ីហ្គេមដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ប្រជាជនអ៊ីរ៉ង់នឹងអាចស្គាល់កម្ពុជាកាន់តែច្បាស់»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបាននិយាយថា កិច្ចសហប្រតិបត្តិការទេសចរណ៍របស់កម្ពុជាកាន់តែច្រើន ជាពិសេសជាមួយប្រទេសបារាំង គឺជាសញ្ញាណដ៏ល្អបំផុតសម្រាប់វិស័យទេសចរណ៍កម្ពុជា។
លោកបានអះអាងថា៖ «កន្លងមកទេសចរដែលមានចំនួនច្រើន គឺមកពីខាងប្រទេសបារាំងនេះហើយ ហើយគ្រប់រដូវកាលភ្ញៀវបារាំងតែងមានការរួមចំណែកជាមួយទេសចរណ៍កម្ពុជា ខណៈកន្លងមកកម្ពុជា និងបារាំងមានភាពជិតដិតរួចហើយ»៕ LA