ភ្នំពេញៈ ការមកដល់កម្ពុជារបស់កំពូលតារាភាពយន្តហូលីវូដ អ្នកនាង Angelina Jolie នាអំឡុងពេលវិបត្តិជំងឺកូវីដ ១៩ នេះត្រូវបានចាត់ទុកជាការផ្សព្វផ្សាយដ៏ល្អមួយទៅពិភពលោកថា កម្ពុជាគឺជាគោលដៅទេសចរណ៍ស្រស់បំព្រងមានសុវត្ថិភាព និងនិរន្តរភាព ខណៈពេលប្រទេសកម្ពុជា បាននិងកំពុងខិតខំយ៉ាងខ្លាំងក្នុងការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១។ នេះបើយោងតាមអ្នកនៅក្នុងវិស័យទេសចរណ៍។
កំពូលតារាភាពយន្តអាមេរិកអ្នកនាង Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dor-sata ដែលមានដើមកំណើតក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ អ្នកនាង Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN «Women for bees» ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។
ការបង្ហាញវត្តមានដ៏សំខាន់នៅក្នុងបេសកកម្មរបស់ខ្លួននាពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរទៅកាន់ពិភពលោកផងដែរ។ បន្ថែមពីលើនេះកាលពីថ្ងៃទី ២៣ ខែកុម្ភៈ អ្នកនាង Angelina Jolie ក៏ត្រូវគេឃើញដើរកម្សាន្តនៅផ្សារទួលទំពូង (ភ្នំពេញ) ទៀតផង។
អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា ការមកដល់ប្រទេសកម្ពុជារបស់កំពូលតារាភាពយន្តហូលីវូដ អ្នកនាង Angelina Jolie ជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា។ ដំណើរទស្សនកិច្ចក្នុងពេលនេះអាចបញ្ជាក់ប្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសទាំងអស់ថា កម្ពុជា គឺជាគោលដៅទេសចរប្រកបដោយសុវត្ថិភាព និងជាគោលដៅទេសចរណ៍ដែលពុំមានបញ្ហាប្រឈមជាមួយនឹងជំងឺកូវីដ ១៩ ឡើយ។ លោកបន្តថា ក្រៅពីនេះកម្ពុជាក៏ត្រូវបានគេទទួលស្គាល់ជាប្រទេសទទួលបានជោគជ័យក្នុងអត្រាដ៏ខ្ពស់នៃចំនួនប្រជាជនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ផងដែរ។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការមកដល់របស់ Angelina Jolie ក៏ជានិមិត្តរូបមួយដែលបង្ហាញថា កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និយាយថា ការមកដល់របស់អ្នកនាង Angelina Jolie គឺចូលរួមចំណែកយ៉ាងច្រើនដល់ការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅដល់ប្រជាជនលើពិភពលោក តាមរយៈការផ្តល់នូវទំនុកចិត្ត និងក៏បានជួយសន្សំប្រាក់ពីការផ្សព្វផ្សាយពាណិជ្ជកម្មវិស័យទេសចរណ៍បានរាប់លានដុល្លារផងដែរ។ លោកបន្តថា ការមកដល់របស់ Angelina Jolie ក៏ស្របពេលកម្ពុជាបាននិងកំពុងខិតខំផ្សព្វផ្សាយពីវិស័យទេសចរណ៍សុវត្ថិភាពផងដែរ។
លោកថ្លែងថា៖ «ដំណើររបស់អ្នកនាង Angelina Jolie មកកម្ពុជានៅក្នុងពេលនេះ ខ្ញុំអាចហៅថា «Free Marketing» ព្រោះវានឹងរួមចំណែកច្រើនក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅពិភពលោក ពិសេសជួយឱ្យប្រទេសកម្ពុជាសន្សំប្រាក់បានខ្ទង់លានដុល្លារពីការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់វិស័យទេសចរណ៍»។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី លើកឡើងថា ទន្ទឹមនឹងកិច្ចខិតខំរបស់ក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ការមកដល់របស់អ្នកនាង Angelina Jolie គឺជាការប្រាប់ទៅកាន់ពិភពលោកថា កម្ពុជា ជាទីតាំងទេសចរណ៍សុវត្ថិភាព។
លោកបញ្ជាក់ថា៖ «បើទោះបីជាពេលនេះ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមានចំនួនតិច ប៉ុន្តែខ្ញុំរំពឹងថា ចាប់ពីខែក្រោយ (ខែមីនា) ទៅចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជានឹងមានកំណើនជាបណ្តើរៗ ខណៈចំនួនជើងហោះហើរអន្តរជាតិក៏នឹងកើនឡើងផងដែរ» ។
នៅក្នុងន័យពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ ១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២១ ខែកុម្ភៈក៏បានចេញសារាចរណែនាំមួយដែលមានចំណុចសំខាន់ៗមួយចំនួនដូចជា ការបន្តពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញ, គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវបន្តពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ជាពិសេសត្រូវកំណត់សមត្ថភាពផ្ទុកអតិបរមា, គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍មិនត្រូវរៀបចំឱ្យមានការជួបជុំផឹកស៊ី កម្សាន្តប្រាសចាកពីការណែនាំ, គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវធានាថា គ្រប់បុគ្គលិកបម្រើការបានចាក់វ៉ាក់សាំងកូវីដ ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ, និងគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវពង្រឹងគុណភាពសេវាកម្មថែរក្សាបរិស្ថានអនាម័យ និងរក្សាតម្លៃផលិតផលឱ្យបានសមរម្យ៕ LA
វីដេអូ៖