លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងវេទិកាធុរកិច្ចអង់គ្លេស-អាស៊ាន ឆ្នាំ ២០២២ (UK-ASEAN Business Forum 2022) តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានលើកឡើងពីសារ:សំខាន់នៃការគាំទ្ររបស់អង់គ្លេសលើរបៀបវារ:សេដ្ឋកិច្ចរបស់កម្ពុជា ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស និងក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន (UK-ASEAN Business Council – UK-ABC)។
វេទិកាធុរកិច្ចដែលចូលរួមដោយឥស្សរជនសំខាន់ៗដូចជា លោក Grimstone of Boscobel Kt រដ្ឋមន្ត្រីវិនិយោគអង់គ្លេស លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន លោកស្រី Baroness Neville-Rolfe DBE CMG ប្រធានក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ ២០២២ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋជាសមាជិកអាស៊ាន និងក្រុមហ៊ុននានាដែលជាសមាជិករបស់ក្រុមប្រឹក្សា UK-ABC សរុបប្រមាណ ២៥០ រូប។
នាពេលនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្ររបស់អង់គ្លេសដល់កម្ពុជា ដើម្បីសម្រេចបានសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២ និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស រួមមានពាណិជ្ជកម្មឌីជីថល ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពក្នុងដំណើរឆ្ពោះទៅរកសហគមន៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់រឹងមាំ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃវិស័យឯកជនក្នុងការស្តារសេដ្ឋកិច្ចទ្បើងវិញសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់តំបន់អាស៊ាន ជាពិសេសការពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផលិតកម្មសកល តាមរយៈការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ជាដើម។
លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕