ភ្នំពេញៈ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ៣ នៃការបង្កើនប្រាក់ចំណូលសម្រាប់ប្រទេសពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បន្ទាប់ពីប្រទេសវៀតណាម និងម៉ាឡេស៊ី ខណៈការនាំចេញរបស់កម្ពុជានឹងកើនប្រមាណ ៦,៥ ភាគរយ ដោយជាប់លេខ ៣ បន្ទាប់ពីវៀតណាម ១១,៤ ភាគរយ និងជប៉ុន ៨,៩ ភាគរយ។ នេះបើតាមរបាយការណ៍ចុងក្រោយពីធនាគារពិភពលោក (WB)។
យោងតាមឯកសារស្រាវជ្រាវកម្រាស់ ៤៦ ទំព័រ កាលពីខែកុម្ភៈ របស់ WB ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃសុក្រ បានឱ្យដឹងថា RCEP ត្រូវបានចុះហត្ថលេខានៅពេលថ្មីៗនេះក្នុងចំណោមប្រទេសចំនួន ១៥ ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលរួមមាន ប្រទេសអូស្ត្រាលី កម្ពុជា ប្រ៊ុយណេ ចិន ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ក្នុងចំណោមប្រទេសទាំង ១៥ ដែលជាផ្នែកនៃ RCEP មាន ៥ ប្រទេសកំពុងរង់ចាំការផ្តល់សច្ចាប័ន គឺប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងប្រទេសកូរ៉េ។
ឯកសារនេះបន្តថា៖ «ដោយពិចារណាលើសេណារីយោពេញលេញជាមួយការកាត់បន្ថយពន្ធ វិធានការមិនមែនពន្ធនាំចូល និងតម្លៃពាណិជ្ជកម្មប្រទេសឡាវ ថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ីនឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុត។ ការកើនឡើងជាវិជ្ជមានទាំងនេះត្រូវបានបង្កើននៅពេលដែលផលិតភាពត្រូវបានកំណត់»។
ស្ថិតក្រោមសេណារីយ៉ូនេះ ប្រាក់ចំណូលពិតប្រាកដនៅប្រទេសវៀតណាម និងម៉ាឡេស៊ីបានកើនជិត ៥ ភាគរយ។ ជប៉ុន ដែលជាប្រទេសទទួលប្រាក់ចំណូលតិចជាងគេស្ថិតនៅក្រោមសេណារីយោនេះ ដោយប្រាក់ចំណូលពិតប្រាកដកើនឡើង ០,៥ ភាគរយ។ គួរឱ្យចាប់អារម្មណ៍សម្រាប់ប្រទេសជប៉ុន ឥទ្ធិពលនៃសេណារីយោ RCEP ទាំង ៤ គឺស្រដៀងគ្នាដែលបង្ហាញថា ការកើនឡើងភាគច្រើនត្រូវបានជាប់ទាក់ទងការធ្លាក់ចុះពន្ធនាំចូល ផ្ទុយទៅនឹងបណ្ដាប្រទេសជាច្រើនផ្សេងទៀត ដែលការធ្លាក់ចុះពន្ធនាំចូលនាំឱ្យមានផលប៉ះពាល់តិចតួចបំផុត ឬថែមទាំងផលប៉ះពាល់អវិជ្ជមានដូចជា នៅប្រទេសកម្ពុជា និងវៀតណាម។
ទាក់ទងនឹងការនាំចេញសរុប វិស័យដែលកើនឡើងច្រើនជាងគេសម្រាប់កម្ពុជា គឺផលិតផលឈើ និងក្រដាស (៣៤,៨ ភាគរយ) សារធាតុគីមី កៅស៊ូ និងប្លាស្ទិក (២៥,៣ ភាគរយ) និងឧបករណ៍អគ្គិសនី និងគ្រឿងម៉ាស៊ីន (២៤,២ ភាគរយ)។
លោក ហុង វណ្ណៈ នាយកទទួលបន្ទុកផ្នែកសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍នាពេលកន្លងមកថា មុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលកម្ពុជាបានថ្លឹងថ្លែងដោយប្រុងប្រយ័ត្ននូវផលិតផលដែលមានសក្តានុពលដែលអាចបំពេញតម្រូវការតាមការយល់ឃើញរបស់ភាគីហត្ថលេខី។ លោកបន្ថែមទៀតថា ពេលនេះកម្ពុជាត្រូវតែបង្កើនបរិមាណ និងគុណភាពការផលិត និងបង្កើនកម្រិតនៃការធ្វើពិពិធកម្មរបស់ខ្លួន។
លោកថ្លែងថា៖ «ទោះបីកិច្ចព្រមព្រៀង RCEP ភ្ជាប់យើងជាមួយដៃគូពាណិជ្ជកម្មកាន់តែច្រើន និងផ្តល់លក្ខខណ្ឌពិសេសលើការនាំចេញ-នាំចូលទំនិញក៏ដោយ ក៏អ្វីដែលសំខាន់ជាងនេះទៀតនោះគឺតើផលិតផលរបស់យើងត្រូវគ្នានឹងតម្រូវការរបស់ប្រទេសផ្សេងទៀតដែរឬទេ? នេះជាព័ត៌មានលម្អិតដ៏សំខាន់មួយដែលត្រូវពិចារណាឱ្យបានហ្មត់ចត់»។
ជាមួយនឹងការចរចាកិច្ចព្រមព្រៀង RCEP និងការស្រាវជ្រាវបន្ថែមជាមូលដ្ឋាន វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតាសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានរកឃើញថា កិច្ចព្រមព្រៀង RCEP នឹងបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ២ ភាគរយបន្ថែមទៀត បង្កើនការនាំចេញ ៧,៣ ភាគរយបន្ថែម និងបង្កើនការវិនិយោគបន្ថែម ២៣,៤ ភាគរយ៕ LA