ភ្នំពេញៈ ក្រោមកិច្ចសម្របសម្រួលរវាងក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី (ប្រទេសចិន) កម្ពុជានឹងនាំចេញដំឡូងមីស្ងួតចំនួន ៤០ ម៉ឺនតោនទៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីចាប់ពីខែមីនា ឆ្នាំ ២០២២ ដល់ខែមីនា ២០២៣។ នេះបើតាម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។
ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មរវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញនាថ្ងៃទី ២៤ ខែកុម្ភៈ។
ដំឡូងមី ជាដំណាំកសិឧស្សាហកម្មឈានមុខគេមួយរបស់កម្ពុជា។ កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលបានដាក់ចេញជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥» ក្នុងគោលបំណងដើម្បីបង្កើនផលិតកម្ម និងធ្វើឱ្យវាកាន់តែមានលក្ខណៈពាណិជ្ជកម្មសម្រាប់ការនាំចេញ។
ក្នុងអំឡុងពេលពិធីចុះ MoU កាលពីថ្ងៃទី ២៤ ខែកុម្ភៈ លោក សូរស័ក្តិ បានបង្ហាញនូវក្តីរីករាយដែលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីយល់ព្រមទទួលទិញដំឡូងមីស្ងួតចំនួន ៤០ ម៉ឺនតោនពីកម្ពុជា ខណៈដំណាំដំឡូងមីត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកជាផលិតផលមានសក្តានុពលសម្រាប់នាំចេញ។ បន្ថែមពីលើនេះលោកក៏បានស្នើឱ្យតំបន់ស្វយ័តក្វាងស៊ី ពិនិត្យលទ្ធភាពលើការជំរុញក្រុមហ៊ុនចិនឱ្យបន្តរៀបចំអនុស្សរណៈយោគយល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជាទៅទីផ្សារប្រទេសចិន ពិសេសតំបន់ស្វយ័តក្វាងស៊ី។
លោកថ្លែងថា៖ «កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលប្រទេសទាំង ២ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំង ២ កាលពីឆ្នាំ ២០១០, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀង RCEP, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា និងចិន»។
អភិបាលខេត្តនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោក LAN Tianli បានអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ លោកបន្តថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផលដែលមានគុណភាពពីបណ្តាប្រទេសអាស៊ាន រួមទាំងការទិញផលិតផលកសិកម្មដែលមានតម្លៃដល់ ១៥០ ពាន់លានដុល្លារ។
លោកថ្លែងថា៖ «ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យាទិញលក់ដំឡូងមីស្ងួត គឺជាសកម្មភាពជាក់ស្តែងមួយ ដើម្បីអនុវត្តសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២៧ ខែកុម្ភៈថា ប្រទេសចិន គឺជាទីផ្សារធំជាងគេលើពិភពលោក ហេតុនេះបើទីផ្សារចិនព្រមទទួលទិញបែបនេះ វានឹងក្លាយជាការចាប់ផ្តើមដ៏សំខាន់ និងជាការផ្តល់ទំនុកចិត្តសម្រាប់អ្នកដាំដុះ ក៏ដូចជាលើកទឹកចិត្តឱ្យមានការវិនិយោគលើការដាំដុះ រោងចក្រកែច្នៃ និងសម្ងួតកាន់តែច្រើននៅកម្ពុជា។
លោកអះអាងថា៖ «នេះជាដំណើរវិវឌ្ឍន៍ថ្មីមួយទៀតសម្រាប់ផលិតផលដំឡូងមីកម្ពុជា ខណៈកន្លងមកការនាំចេញរបស់យើងមានភាគច្រើនទៅកាន់ប្រទេសថៃ និងវៀតណាម។ ដំឡូងមី ជាផលិតផលមានសក្តានុពលខ្ពស់សម្រាប់នាំចេញ ព្រោះវាអាចត្រូវបានគេប្រើប្រាស់ច្រើនប្រភេទ ជាពិសេសការផលិតចំណីអាហារ»។
លោកបន្ថែមថា ព័ត៌មាននេះក៏នឹងធ្វើឱ្យការដាំដុះដំឡូងមីកាន់តែមានភាពផុលផុស និងទទួលបានតម្លៃខ្ពស់ជាងមុន បើកសិករ-អ្នកដាំដុះ ចេះរួមគ្នាបង្កើតជាប្រព័ន្ធ ឬសហគមន៍រួម។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានលើកឡើងថា តម្លៃ និងបរិមាណទិន្នផលដំឡូងមីនៅខេត្តបាត់ដំបងនាដើមឆ្នាំ ២០២២ នេះមានភាពល្អប្រសើរបើធៀបដើមឆ្នាំ ២០២១ ខណៈការនាំចេញទៅទីផ្សារប្រទេសថៃ ក៏មិនមានឧបសគ្គអ្វីនោះទេ។ លោកបន្តថា ប្រសិនបើមានទីផ្សារបរទេសកាន់តែច្រើនវានឹងជំរុញឱ្យមានការដាំដុះ និងវិនិយោគលើវិស័យនេះកាន់តែច្រើន។
លោកប្រាប់ថា៖ «តម្លៃ និងទិន្នផលដំឡូងមីក្នុងខេត្តបាត់ដំបងនៅដើមឆ្នាំ ២០២២ ល្អជាងរយៈពេលដូចគ្នាឆ្នាំមុន។ តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ដែលបើកឱ្យមានការនាំចេញដំឡូងមីស្ងួត ៤០ ម៉ឺនតោនទៅប្រទេសចិន វានឹងជួយធ្វើឱ្យប្រជាកសិករកាន់តែមានសង្ឃឹមច្រើនថែមទៀតលើការដាំដុះ»។
យោងតាមលោក គឹម ហួត គិតត្រឹមថ្ងៃអាទិត្យ (ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២) ដំឡូងមីស្រស់នៅខេត្តបាត់ដំបង មានតម្លៃជាមធ្យម ៣១០ រៀលក្នុង ១ គីឡូក្រាម និងដំឡូងមីស្ងួតមានតម្លៃ ៨៣០ រៀល ដែលតម្លៃនេះ ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ទិន្នផលដំឡូងមីក្នុងខេត្តបាត់ដំបងស្ទើរទាំងស្រុងត្រូវបាននាំចេញទៅលក់នៅប្រទេសថៃ។
ទិន្នន័យក្រសួងកសិកម្មឱ្យដឹងថា ក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញដំឡូងមីសរុប ២ ៧៩៣ ៧២៨,៩២ តាន ក្នុងនោះចំណិតដំឡូងមីក្រៀម ១ ៦៤៤ ៥៩១,៦៨ តោន កើនឡើង ៨,៤៥ ភាគរយ, ដំឡូងមីស្រស់ ១ ១០៤ ២២០ តោន កើន ៥២,៦ ភាគរយ, ម្សៅដំឡូងមី ៣៥ ៨៦២,៧៤ តោន កើន ២,៦៦ ភាគរយ និងកាកសំណល់ដំឡូងមី ៩ ០៥៤,៥០ តោន ថយចុះ -៣៣,០៦ ភាគរយ៕ LA