ភ្នំពេញៈ អ្នកជំនាញ​សេដ្ឋកិច្ច និង​អ្នកជំនួញ​ក្នុង​ផ្នែក​ផលិតកម្ម​កំពុង​បារម្ភ​ពី​ការកើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​ឥត​ឈប់ឈរ​ដែល​នឹង​ធ្វើឱ្យ​ថ្លៃដើម​ផលិត​កើនឡើង ជាពិសេស​ក្រោយពេល​វិបត្តិ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ុយក្រែន​បាន​ផ្ទុះឡើង​។

តម្លៃ​ប្រេងឆៅ​អន្តរជាតិ​បាន​បន្ដ​ហក់​ឡើងថ្លៃ​បន្ថែមទៀត​នា​ដើម​សប្ដាហ៍​នេះ បន្ទាប់ពី​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី​បាន​ប្រកាស​ដាក់អាវុធ​នុយក្លែអ៊ែរ​ត្រៀម​ទុក​ប្រុង​ជើងការ អំឡុងពេល​មាន​សង្គ្រាម​បង្ហូរឈាម​យ៉ាង​ក្ដៅគគុក​ជាមួយ​ប្រទេស​អ៊ុយក្រែន​។ កាលពី​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ​ ២០២២ តម្លៃ​ប្រេងឆៅ​នៅ​ទីផ្សារ​អង់គ្លេស បាន​ហក់ឡើង​ដល់​ជិត​ ១០០​ ដុល្លារ​អាមេរិក​ក្នុង​ធុង​បារ៉ែល ដែល​កើនឡើង​ជាង ១,៩៣ ​ដុល្លារ​បន្ថែមទៀត​។ នេះ​បើតាម គេហទំព័រ oilprice.com​។

លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ខ្ពស់​គឺជា​និន្នាការ​របស់​សកលលោក ជាពិសេស​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​ ២០២១ ក្រោយពី​វិបត្តិ​កូវីដ​មាន​ភាព​ធូរស្រាល ដែល​ធ្វើឱ្យ​វិស័យ​ផលិតកម្ម​មាន​សកម្មភាព​ឡើងវិញ ប្រេងឥន្ធនៈ​ចាប់ផ្តើម​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់​។

លោក​បន្ថែមថា នៅពេល​ថ្មីៗ​នេះ​ជម្លោះ​រវាង​រុស្ស៊ី​ជាមួយនឹង​អ៊ុយក្រែន​ក៏​ជា​បញ្ហា​ថ្មី​មួយ​ដែល​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​អន្តរជាតិ​នៅតែ​មានតម្លៃ​ខ្ពស់ និង​បន្ត​កើនឡើង​ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​បើសិន​បញ្ហា​រុស្ស៊ី និង​អ៊ុយក្រែន​នៅតែ​បន្ត ហើយ​ក្រុម​ប្រទេស OPEC នៅតែ​មិន​ព្រម​បង្កើន​ផលិតកម្ម​របស់ខ្លួន តម្លៃ​ប្រេងឥន្ធនៈ​នៅតែ​មិន​ងាយ​នឹង​ចុះ​វិញ​ទេ​»​។

លោក វណ្ណៈ យល់ឃើញថា ក្នុងអំឡុងពេល​វិបត្តិ​សង្គ្រាម​នេះ​ច្បាស់​ជាមាន​ការឆ្លៀតឱកាស​ថែមទៀត​ពី​ប្រទេស​អ្នក​ផលិត​ប្រេង​ខ្លះ ក្នុងការ​បង្កើន​នូវ​តម្លៃ​ប្រេងឥន្ធនៈ​ដោយ​យក​លេស​ថា ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​។

បែបនេះ​ក្តី លោក​លើកឡើងថា ទោះបីជា​សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយក្រែន ត្រូវបាន​បញ្ចប់ ក៏​តម្លៃ​ប្រេង​មិនអាច​ចុះថ្លៃ​បាន​ច្រើន​ដែរ ដែល​នេះ​នឹង​បន្ត​មាន​ផលប៉ះពាល់​សម្រាប់​បណ្តា​ប្រទេស​នាំចូល​ប្រេង​ដូចជា​កម្ពុជា ដោយ​នឹង​ធ្វើឱ្យ​ការផលិត​ត្រូវ​ចំណាយ​ថ្លៃដើម​កាន់តែ​ខ្ពស់​។

លោកស្រី កែវ មុំ ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លីលី បាន​ប្រាប់ថា ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​បាន​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ខ្សែចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន ជាពិសេស​ការចំណាយ​លើ​ការដឹកជញ្ជូន​កាន់តែច្រើន ខណៈ​ដែល​ការលក់​ផលិតផល​របស់​ក្រុមហ៊ុន​មិនមាន​ការកើនឡើង​ទាល់តែសោះ​។

លោកស្រី​បន្ថែមថា ជា​រឿង​គួរឱ្យ​បារម្ភ​ណាស់​ដោយសារ​បច្ចុប្បន្ន​ការផលិត​របស់​ក្រុមហ៊ុន​ស្ទើរតែ​ខាត​ទៅហើយ ដោយសារ​វត្ថុធាតុដើម​ឡើង​គ្រប់មុខ​នាំឱ្យ​ចំណាយ​កើនឡើង ប៉ុន្តែ​ការលក់​ផលិតផល​វិញ​មានការ​ធ្លាក់ចុះ​។

លោកស្រី​ប្រាប់ថា​៖ «​បើសិន​ប្រេងឥន្ធនៈ​នៅតែ​បន្ត​ឡើងថ្លៃ​ទៀត ពិតណាស់​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ក្នុងស្រុក​នោះទេ គឺ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ទាំងអស់ ដោយសារតែ​សព្វថ្ងៃនេះ​តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ច្រើន​សម្រាប់​យានយន្ត ហើយ​ផ្នែក​ផលិតកម្ម​ប៉ះពាល់​ខ្លាំងជាងគេ​»​។

ដោយឡែក លោក លន់ យ៉េង អគ្គលេខាធិការ​នៃ​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​និយាយថា សម្រាប់​វិស័យ​ស្រូវ​អង្ករ តម្លៃ​ប្រេងឥន្ធនៈ​មិនទាន់​ចោទ​ជា​បញ្ហា​ខ្លាំងពេក​ទេ ទោះបី​ជាមាន​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ក៏ដោយ ព្រោះ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​នេះ មាន​កត្តា​គួបផ្សំ​ជាច្រើន​ទៀត​។

លោក​បន្ថែមថា បញ្ហា​ធំ​របស់​ផ្នែក​ស្រូវ​អង្ករ​នៅតែ​ជា​កង្វះ​ទូ​កុងតឺន័រ និង​ការដឹកជញ្ជូន​ទៅ​ឆ្ងាយ​។ លោក​បន្តថា ការបន្ថយ​ការផលិត​វត្ថុធាតុដើម​សម្រាប់​ផលិត​ជី​កសិកម្ម និង​តម្លៃ​ដឹកជញ្ជូន​បានធ្វើឱ្យ​តម្លៃ​ជី​កើនឡើង ដោយ​មិន​ត្រឹមតែ​កម្ពុជា​ទេ​ដែល​ជួប​បញ្ហា​នេះ ប្រទេស​ផ្សេងទៀត​នៅក្នុង​ពិភពលោក​ជួប​បញ្ហា​នេះ​ដូចគ្នា​។

លោក​បញ្ជាក់ថា​៖«​វត្ថុ​ធាតុ​-​ដើម​មួយចំនួន​មាននៅ​ប្លុក​រុស្ស៊ី​ខ្លះ​ដែរ ដោយសារ​តែមាន​តម្រូវការ​កាក​ប្រេង​ ដើម្បី​យក​ធ្វើជា​វត្ថុធាតុដើម ខណៈ​មាន​ប្រទេស​ខ្លះទៀត​បាន​កាត់បន្ថយ​ការផលិត​វត្ថុធាតុដើម ដោយសារតែ​បញ្ហា​ការឡើង​កម្តៅ​ផែនដី ដែល​ជំរុញ​ឱ្យ​ការផលិត​ជី​មានការ​ឡើងថ្លៃ​»៕ LA

វីដេអូ៖