ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ របស់ថៃ ដែលមានតម្លៃសមរម្យនឹងចាប់បើកការហោះហើរមកកម្ពុជា នៅក្នុងខែមីនានេះ។ នេះបើតាមក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា។
ក្រសួងទេសចរណ៍កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា ក្រុមហ៊ុនអាកាសចរណ៍ Thai Smile របស់ប្រទេសថៃ នឹងចាប់ផ្តើមហោះហើរឡើងវិញពីទីក្រុងបាងកកមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់ទីក្រុងបាងកក ចាប់ពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ តទៅ នឹងបើកការហោះហើរត្រង់ ២ ជើងក្នុង ១ សប្តាហ៍។ ជាមួយគ្នានេះដែរ បើតាមសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក្រុមហ៊ុនអាកាសចរណ៍ថ្មីសន្លាងឈ្មោះថា VietJet Air របស់ថៃមួយទៀត ក៏នឹងបើកការហោះហើរចូលមកកម្ពុជានៅខែមីនានេះដែរ ដោយក្រុមហ៊ុននេះកំពុងសហការគ្នាជាមួយមន្ទីរព្យាបាល ផាយ៉ាថៃ ដើម្បីបម្រើទេសចរសុខាភិបាលពីកម្ពុជា។
ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជនបន្តចូលរួមផ្សព្វផ្សាយ ក៏ដូចជាជំរុញទេសចរអន្តរជាតិមកកាន់គោលដៅទេសចរណ៍ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយរបស់កម្ពុជា។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រុមហ៊ុនអាកាសចរណ៍ទាំង ២ នេះ សុទ្ធតែប្រភេទក្រុមហ៊ុនដែលមានតម្លៃសំបុត្រធូរថ្លៃ ដោយជើងហោះហើរទាំង ២ នេះនឹងដឹកជញ្ជូនភ្ញៀវពីបាងកកមកកម្ពុជា ក៏ដូចជាទៅកាន់តែខេត្តសៀមរាប ដែលនឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ភ្ញៀវទេសចរ ដែលចង់ហោះហើរមកកម្ពុជា។
លោកស្រីបានបញ្ជាក់ថា៖ «យើងចង់ឱ្យមានការហោះហើរកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ព្រោះថាភ្ញៀវមានច្រើនប្រភេទ ជួនកាលគាត់អត់ចង់ហោះមកភ្នំពេញទេ គាត់ចង់ហោះទៅសៀមរាបតែម្តង ចៀសវាងចំណាយពេលច្រើន។ ដូចនេះយើងសង្ឃឹមថា ជើងហោះហើរទាំង ២ នេះនឹងទទួលបានភ្ញៀវច្រើនប្រភេទមកកម្ពុជា ទាំងបែបធុរកិច្ច និងបែបទេសចរណ៍»។
កាលពីថ្ងៃទី ២៤ ខែកុម្ភៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយថា ខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព ដោយរដ្ឋបាលខេត្តនេះបានចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ក្នុងខេត្តសៀមរាបនាពេលកន្លងមក ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់រហូតឈានដល់ការបើកដំណើរការសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចនានាក្នុងគន្លងប្រក្រតីភាពថ្មី ខណៈដែលព្រលានយន្តហោះខេត្តសៀមរាបបានទទួលជើងហោះហើរអន្តរជាតិជាបន្តបន្ទាប់។
លោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទេសក៍ទេសចរណ៍បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដោយសារតែខេត្តសៀមរាបជាគោលដៅទេសចរណ៍សំខាន់របស់កម្ពុជា និងជាគោលដៅដែលមានការតភ្ជាប់ជើងហោះហើរ ទើបចាំបាច់ត្រូវមានក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាព ដើម្បីផ្តល់ទំនុកចិត្តដល់ទេសចរ ដែលបានមកលេងខេត្តនេះ។
លោកបានបញ្ជាក់ថា៖ « សម្រាប់ខេត្តព្រះសីហនុ យើងកំពុងតែរៀបចំប្រជុំបន្តបន្ទាប់ នៅក្នុងករណីដែលមានបញ្ហាប្រឈម ដែលយើងត្រូវដោះស្រាយ ព្រោះបច្ចុប្បន្ន ខេត្តនេះមានការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានប្រសើរច្រើន និងការអនុវត្តវិធានសុវត្ថិភាពបានត្រឹមត្រូវច្រើនដែរ ដូចនេះនៅពេលមានបញ្ហាប្រឈម យើងនឹងដោះស្រាយតាមរយៈកិច្ចប្រជុំនេះ»។
បើតាមក្រសួងទេសចរណ៍ ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ មានជើងហោះហើរពីបណ្តាប្រទេសនានាមកកាន់ប្រទេសកម្ពុជាមានចំនួន ៣២៦ ជើង មានការកើនឡើងជិត ២០ ភាគរយ ខណៈដែលភ្ញៀវទេសចរវ៉ាក់សាំងដែលមកកម្ពុជានៅមានចំនួនតិចតួចនៅឡើយ៕