កំពតៈ រោងចក្រផ្គុំ និងដំឡើងគ្រឿងបរិក្ខារអគ្គិសនី ដែលមានតម្លៃប្រមាណ ២,៥ លានដុល្លាររបស់ក្រុមហ៊ុន SchneiTec CHINT Co.,Ltd ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ រោងចក្រផ្គុំ និងដំឡើងគ្រឿងបរិក្ខារអគ្គិសនីនេះនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍថាមពល តាមរយៈការបង្កើននូវធនធាន និងចំណូលក្នុងស្រុកផងដែរ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផ្គុំ និងដំឡើងគ្រឿងបរិក្ខារអគ្គិសនីកាលពីថ្ងៃទី ២៨ ខែកុម្ភៈនេះ លោក ហេង សុជាតិ អគ្គនាយកក្រុមហ៊ុន SchneiTec បានឱ្យដឹងថា ដោយមើលឃើញពីសម្ទុះនៃការអភិវឌ្ឍឥតឈប់ឈររបស់ប្រទេសកម្ពុជាដែលនាំឱ្យមានការកើនឡើងយ៉ាងឆាប់រហ័សនូវតម្រូវការគ្រឿងបរិក្ខារអគ្គិសនី ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍថាមពល តាមរយៈការបង្កើននូវធនធាន និងចំណូលក្នុងស្រុកផងនោះ ក្រុមហ៊ុនរបស់លោកក៏បានសម្រេចចិត្តបណ្តាក់ទុនរួមគ្នា ដើម្បីបង្កើតរោងចក្រផ្គុំ និងដំឡើងគ្រឿងសម្ភារអគ្គិសនីក្នុងស្រុកនេះឡើង។
លោកបន្តថា ការកើនឡើងនៃរោងចក្រនេះក៏បានមកពីការលើកទឹកចិត្ត និងជួយជ្រោមជ្រែងផ្នែកផ្លូវច្បាប់ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាមានក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអាជ្ញាធរខេត្តជាដើមជាមួយទុនវិនិយោគប្រមាណ ២,៥ លានដុល្លារ។ រោងចក្រនេះសាងសង់លើផ្ទៃដី ២០ ០០០ ម៉ែត្រការ៉េជាមួយអគាររោងចក្រ ៣ ០០០ ម៉ែត្រការ៉េ សម្រាប់ជំហានទី ១ ដែលផ្ដោតចម្បងជាបឋម ទៅលើការផលិតគ្រឿងសម្ភារអគ្គិសនី តង់ស្យុងកម្រិតមធ្យមគ្រប់ប្រភេទ និងសម្ភារប្រព័ន្ធសូឡាដើរដោយពន្លឺព្រះអាទិត្យខ្នាតតូច។
បើតាមលោក លោក ហេង សុជាតិ រោងចក្រនេះមានគោលដៅនាំមកនូវបច្ចេកវិទ្យាថ្មីៗចុងក្រោយ ក្នុងការផលិតគ្រឿងសម្ភារអគ្គិសនីគ្រប់ប្រភេទ ចាប់ពីតង់ស្យុងកម្រិតទាប មធ្យម រហូតដល់កម្រិតខ្ពស់ ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ ដើម្បីតម្រូវទីផ្សារក្នុងស្រុក និងបន្តផែនការក្នុងការនាំចេញនាពេលអនាគត។
លោកសង្ឃឹមថា៖ «ការវិនិយោគក្នុងការបង្កើតរោងចក្រផ្គុំ និងដំឡើងគ្រឿងសម្ភារអគ្គិសនីក្នុងស្រុកមួយនេះនឹងអាចធ្វើឱ្យអតិថិជនដែលធ្លាប់ប្រើប្រាស់សម្ភារអគ្គិសនីនាំចូលពីបរទេស ងាកមកគាំទ្រផលិតផលក្នុងស្រុក ម៉ាក CHINT នេះវិញម្តង»។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានសម្ដែងការអបអរសាទរ ចំពោះ ជោគជ័យនៃកិច្ចសហការ និងការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក គឺក្រុមហ៊ុន SchneiTec ជាមួយក្រុមចិន CHINT ក្នុងការវិនិយោគបង្កើតជារោងចក្រផ្គុំ និងដំឡើងសម្ភារគ្រឿងបរិក្ខារអគ្គិសនីដ៏ទំនើបនេះឡើង នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកបានថ្លែងថា ស្រុកក្រគរពុំធ្លាប់មានការវិនិយោគអ្វីទាល់តែសោះពីមុនមក ទើបតែពេលនេះទេមានរោងចក្រកាត់ដេរ រោងចក្រផ្តុំ និងដំឡើងបរិក្ខារអគ្គិសនី រោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផលិតកែវ និងទុយោ ធ្វើអំពីគ្រាប់ធញ្ញជាតិ និងរោងចក្រផ្តុំ និងដំឡើងរថយន្ត Ford របស់សហរដ្ឋអាមេរិកផងដែរ។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាថ្លែងថា រោងចក្រនេះនឹងផលិតគ្រឿងបរិក្ខារអគ្គិសនីផ្សេងៗ ដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារនៅក្នុងស្រុក សម្រាប់សេវាករអគ្គិសនី ព្រោះវាមានសារៈសំខាន់ខ្លាំងក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតការធ្វើជូនដល់និស្សិតកម្ពុជា។
លោកបន្តថា មួយវិញទៀត រោងចក្រផ្គុំ និងដំឡើងគ្រឿងបរិក្ខារអគ្គិសនីនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍ និងផ្តល់ចំណូលសេដ្ឋកិច្ចក្នុងមូលដ្ឋាននេះឱ្យមានការរីកចម្រើន។ ជាមួយគ្នានេះ កម្ពុជាក៏មានផលិតផលមួយដែលមានគុណភាព ដោយមិនចាំបាច់នាំផលិតផលគ្រឿងផ្គុំ និងគ្រឿងបរិក្ខារអគ្គិសនីនេះពីក្រៅស្រុកច្រើនដែរ។
តាមផែនការរបស់រោងចក្រផ្គុំ និងដំឡើងគ្រឿងបរិក្ខារអគ្គិសនីនេះ នឹងនាំបច្ចេកវិទ្យាថ្មីៗចុងក្រោយ គ្រប់ប្រភេទបន្ថែម ដើម្បីផលិតនៅក្នុងប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជាមានការរីកចម្រើនលើវិស័យថាមពល និងអគ្គិសនីបានធ្វើឱ្យមានតម្រូវការខ្ពស់លើគ្រឿងបរិក្ខារអគ្គិសនីសម្រាប់យកទៅផ្គត់ផ្គង់សំណង់អគារនានា នៅក្នុងប្រទេសក្នុងដំណាក់កាលទី ១ ក្រោយដាក់ឱ្យដំណើរការជាផ្លូវការ។ និងក្នុងដំណាក់កាលពី ២ រោងចក្រនេះនឹងពង្រីកការផលិតបរិក្ខារអគ្គិសនីដែលមានគុណភាពសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ៕ LA