ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដើម្បីបង្កើនទំហំនាំចេញក្នុងទំហំទឹកប្រាក់លើសពី ២ ប៊ីលានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
សេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ គឺជាសមិទ្ធផលនៃកិច្ចប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាចំនួន ៨ ដែលរួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងដែនដី, ក្រសួងឧស្សាហកម្ម, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ, ក្រសួងរ៉ែ និងថាមពល, ក្រសួងសាធារណការ ដែលសេចក្តីព្រាងនេះក្រោមជំនួយពីចក្រភពអង់គ្លេសត្រូវបានចាប់ផ្តើមរៀបចំកាលពីខែកុម្ភៈ ឆ្នាំ ២០២២។
នៅក្នុងកិច្ចពិភាក្សានេះ ជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងវិស័យឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មនេះ កាលពីថ្ងៃទី ១ ខែមីនា លោក សុខ ចិន្តាសោភា ជាអគ្គលេខាធិការរបស់ CDC បានលើកឡើងថា ការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយក្នុងការកំណត់នូវយុទ្ធសាស្ត្រ ទិសដៅ និងយន្តការចាំបាច់ដើម្បីធ្វើការអភិវឌ្ឍ និងទាក់ទាញការវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក និងបង្កើនភាពប្រកួតប្រជែងតម្លៃក្នុងប្រតិបត្តិការនៃវិស័យទាំងនេះ។
លោកបានបញ្ជាក់ថា៖ «ការសហការជាមួយវិស័យឯកជន គឺជាភាពចាំបាច់ ដើម្បីអភិវឌ្ឍវិស័យទាំងនេះ ដោយចាប់ផ្តើមពីការរៀបចំយុទ្ធសាស្ត្ររួមរហូតដល់ការដាក់ចេញ និងអនុវត្តផែនការសកម្មភាព ដោយកិច្ចពិភាក្សានេះមានគោលដៅប្រមូលធាតុចូលបន្ថែមពីផ្នែកឯកជនលើសេចក្តីព្រាងច្បាប់នេះ»។
លោកស្រី ទីណា រ៉េតសរ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងដែរថា ចក្រភពអង់គ្លេសបានរួមចំណែកយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដូចជាការផ្តល់វ៉ាក់សាំងជាដើម។ លោកស្រីបានបញ្ជាក់ថា៖ «ចក្រភពអង់គ្លេសរីករាយជានិច្ចក្នុងការសហការជាមួយកម្ពុជា ដើម្បីរួមចំណែកគាំទ្រការរៀបចំពង្រាងផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍ និងទាក់ទាញ ការវិនិយោគវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញពីវិបត្តិកូវីដ ១៩»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនេះ គឺជាប្លង់គោលដ៏សំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងបរិបទឧស្សាហកម្មឌីជីថល។
លោកបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកំពុងតែលើកទឹកចិត្តឱ្យមានការប្រើប្រាស់យានយន្ត ដែលមានការប៉ះពាល់តិចបំផុតដល់បរិស្ថាន ដូចជារថយន្តអគ្គិសនីជាដើម ហើយផែនទីបង្ហាញផ្លូវនេះនឹងផ្តល់នូវសក្តានុពលក្នុងការតភ្ជាប់ទៅកាន់ខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក ហើយអាចឱ្យកម្ពុជាឈានទៅខ្សែចង្វាក់តម្លៃបន្ថែមកាន់តែខ្ពស់»។
តាមរយៈសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ វិនិយោគិននៅក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ការបង្កើនធនធានមនុស្សប្រកបដោយជំនាញ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកអគ្គិសនី និងភ័ស្តុភារកម្ម ដើម្បីគាំទ្រភាពប្រកួតប្រជែងតម្លៃនៃកម្មន្តសាល និងកិច្ចសម្របសម្រួលផ្នែកគយ និងពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន សំដៅជំរុញដល់ការនាំចេញ និងនាំចូលផលិតផល៕ LA