ភ្នំពេញៈ លោក Joo-Ok Lee ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)បានបង្ហាញនូវការគាំទ្រចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ក្នុងការជួយឱ្យសម្រេចសមិទ្ធផលអាទិភាព ដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មឌីជីថល និងការសម្រួលវិនិយោគ។
ក្នុងជំនួបពិភាក្សាជាមួយនឹងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ លោក Joo-Ok Lee ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានថ្លែងថា WEF នឹងបន្តសហការបន្ថែមទៀត និងពិនិត្យលទ្ធភាពគាំទ្រលើសមិទ្ធផលអាទិភាពទាំងឡាយរបស់កម្ពុជាដែលចង់សម្រេចបាន ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ។
លោកមានប្រសាសន៍បញ្ជាក់ថា៖ «វេទិកាសេដ្ឋកិច្ចពិភពលោកមានបំណងចង់ធ្វើជាដៃគូសហការជាមួយអាស៊ាន ព្រោះអាស៊ានគឺជាតំបន់ដ៏មានសក្ដានុពលមួយក្នុងការផ្គត់ផ្គង់សកល និងត្រៀមលក្ខណៈក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នាពេលខាងមុខដ៏ខ្លីនេះផងដែរ»។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ដោយលោកបានលើកឡើងអំពីការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាល់ព្រឹត្តិការណ៍នៃវេទិកាសេដ្ឋកិច្ចពិភពលោកកន្លងមក ជាពិសេសកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកានេះ។
លោកបន្តថា សម្ព័ន្ធសកលសម្រាប់ការសម្របសម្រួលពាណិជ្ជកម្មក្រោមអនុស្សរណៈនៃការយោគយល់រវាងក្រសួងពាណិជ្ជកម្មជាមួយនឹង Swisscontact ពិតជាមានសារៈសំខាន់ និងបានលើកឡើងអំពីសមិទ្ធផលអាទិភាពមួយចំនួនពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មឌីជីថលក្នុងនាមជាប្រធានអាស៊ាន ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។
លើសពីនេះ លោក ប៉ាន សូរស័ក្តិ ថ្លែងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជានូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសង្គមកម្ពុជា ២០២១-២០៣៥ កាលពីខែឧសភា ឆ្នាំ ២០២១ កន្លងទៅ ដែលក្របខ័ណ្ឌគោលនយោបាយនេះបានកំណត់ចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់ការទទួលយក និងការផ្លាស់ប្តូរឌីជីថលនៅក្នុងគ្រប់វិស័យនៃសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញកំណើន សេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គមដោយផ្អែកទៅលើគន្លង "ធម្មតាថ្មី"។
លោកបានមានប្រសាសន៍បន្តទៀតថា៖ «ដើម្បីទាញយកអត្ថប្រយោជន៍ពីពាណិជ្ជកម្មឌីជីថលឱ្យបានកាន់តែច្រើនបន្ថែមទៀត កម្ពុជាបានអនុម័តច្បាប់មួយចំនួន ដូចជាច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក ច្បាប់ស្ដីពីការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីការប្រកួតប្រជែងជាដើម»។
លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោកបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរជាពិសេស បានគាំទ្រសម្ព័ន្ធសកលសម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) និងការសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនៃគម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូច សម្រាប់សហគ្រាសធុនតូច និងមធ្យម កាលពីខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។
ក្នុងជំនួបពិភាក្សាជាមួយនឹងលោក Joo Ok Lee នៅថ្ងៃទី ៣ ខែមីនា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានអាស៊ានបានថ្លែងថា ប្រសិនបើគ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ជាសកលនោះទេ ប្រទេសកម្ពុជានឹងមានការរីកចម្រើនជាងនេះជាមួយនឹងការកាត់បន្ថយភាពក្រីក្រកាន់តែច្រើនបន្ថែមទៀត។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានចាក់ស្រោចវ៉ាក់សាំងកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋកម្ពុជា ហើយក៏បានបើកប្រទេសជាតិឡើងវិញកាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានការកើនឡើង ប្រមាណជា ៥,៦% សម្រាប់ឆ្នាំ ២០២២ នេះ។
ក្នុងនាមជាប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖ «អ្វីដែលសម្ដេចចង់បាន គឺអាស៊ានសហការគ្នាបើកប្រទេសឡើងវិញព្រមគ្នា ជំរុញទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់ និងបំពេញឱ្យគ្នាទៅវិញទៅមក ជាពិសេសនៅពេលដែលទាំងអស់គ្នារស់នៅក្នុងបរិបទថ្មីនៃសម័យកូវីដ ១៩ នេះ»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់នូវទស្សនៈរបស់លោកពាក់ព័ន្ធទៅនឹងរូបមន្ត ១ បូក នោះគឺការវិនិយោគមិនប្រមូលផ្ដុំ ដែលមានន័យថា ការវិនិយោគនៅប្រទេស ១ ហើយ គប្បីវិនិយោគនៅប្រទេសជាប់នោះ ១ ទៀត ដើម្បីដោះស្រាយនៅពេលដែលប្រទេស ១ ជួបនូវវិបត្តិ ដូចជាបញ្ហាជំងឺកូវីដ ១៩ រីករាលដាលជាដើម ប្រទេស ១ ទៀតអាចបំពេញនូវតម្រូវការ ប្រទេស ១ ទៀត ដើម្បីរក្សានូវស្ថិរភាព ការផ្គត់ផ្គង់ទំនិញ ក៏ដូចជាការទាញចំណាប់អារម្មណ៍ទៅលើការវិនិយោគ លើវិស័យឌីជីថល ដែលកន្លងមកនេះវិស័យឌីជីថលមិនត្រឹមតែមិនមានការប៉ះពាល់ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ទេ ផ្ទុយទៅវិញវិស័យនេះ បាននិងកំពុងតែវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ៕ LA