ភ្នំពេញៈ ទោះបីប្រទេសរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែជាប្រទេសទទួលទិញអង្ករពីកម្ពុជា ក៏ជម្លោះប្រដាប់អាវុធដែលកំពុងកើតមានរវាងប្រទេសទាំង ២ នេះនឹងមិនមានផលប៉ះពាល់អ្វីគួរឱ្យកត់សម្គាល់ដល់ទីផ្សារនាំចេញអង្ករកម្ពុជាឡើយ។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
យោងតាមការផ្សព្វផ្សាយរបស់ CRF ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ គឺពីឆ្នាំ ២០១៧ -២០២១ ប្រទេសកម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសរុស្ស៊ីចំនួន ១៧ ៥១២តោន។ ក្នុងនោះសម្រាប់ឆ្នាំ ២០២១ ការនាំចេញអង្ករកម្ពុជាទៅប្រទេសរុស្ស៊ីមានបរិមាណ ២ ២២៣ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១ ៩៦៣ ៦៤០ ដុល្លារ។ ចំណែកក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ ២០២២ បរិមាណអង្ករនាំចេញទៅប្រទេសរុស្ស៊ី មានចំនួន ២០០ តោន ដែលស្មើនឹងទឹកប្រាក់ ២០០ ៦៤០ ដុល្លារ។
CRF ឱ្យដឹងទៀតថា សម្រាប់ការនាំអង្ករចេញទៅកាន់ប្រទេសអ៊ុយក្រែនពីឆ្នាំ២០១៧-២០២១ គឺមានបរិមាណត្រឹមតែ ៥៧២ តោនប៉ុណ្ណោះ។
អគ្គលេខាធិការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង បាននិយាយថា ជម្លោះប្រដាប់អាវុធរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែននឹងមិនមានការប៉ះពាល់ដល់ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិទេ ព្រោះការទទួលទិញរបស់ប្រទេសទាំង ២ គឺមានបរិមាណតិចតួចប៉ុណ្ណោះ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោក សុង សារ៉ន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នកម្ពុជាកំពុងខិតខំធ្វើពិពិធកម្មទីផ្សារដោយផ្តោតលើទីផ្សារអាស៊ីគឺប្រទេសចិន (ហុងកុង និងម៉ាកាវ) ដែលជាទីផ្សារធំជាងគេ ព្រមទាំងទីផ្សារក្នុងតំបន់អាស៊ាន។
បើតាមលោក សារ៉ន ការធ្វើពិពិធកម្មទីផ្សារនេះត្រូវបានធ្វើឡើង បន្ទាប់ពីការនាំចេញអង្កររបស់កម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់នៅទីផ្សារសហគមន៍អឺរ៉ុបដោយហេតុ កង្វះកុងតឺន័រ និងការកើនឡើងនាំតម្លៃដឹកជញ្ជូនតាមសមុទ្រក្នុងរយៈពេលប្រហែលជាង ២ ឆ្នាំនៃវិបត្តិជំងឺកូវីដ ១៩។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ កម្ពុជាមាននាំចេញអង្ករទៅទីផ្សារអន្តរជាតិសរុប ១០៣ ០៥៨ តោន កើនឡើង ២៦ ៨៣៦ តោន ឬស្មើនឹង ៣៥,២១ ភាគរយ បើធៀបនឹងបរិមាណនាំចេញរយៈពេល ២ ខែ ឆ្នាំ ២០២១ ដែលមានចំនួន ៧៦ ២២២ តោន។
ក្នុងនោះការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប (២០ ប្រទេស) មានបរិមាណសរុប ២៦ ៥០៧ តោន កើនឡើង ៣៩,៥៤ ភាគរយ, នាំទៅទិសដៅប្រទេសចិន មានបរិមាណសរុប ៥៦ ៣៨៥ តោន កើនឡើង ៤៩,៨៤ ភាគរយ, តំបន់អាស៊ាន (៣ ប្រទេស) មានបរិមាណ ៩ ៣៧០ តោន កើនឡើង ៥០,៤៣ ភាគរយ និងទិសដៅដទៃទៀត (១៦ ប្រទេស) មានបរិមាណ ១០ ៧៩៦ តោន ថយចុះ ១៩,២៣ ភាគរយ៕
វីដេអូ៖