ភ្នំពេញៈ «ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» ដែលត្រូវបានរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ន្នក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃសុក្រ ទី ៤ ខែមីនា ឆ្នាំ ២០២២ នេះ។
«ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» ត្រូវបានរៀបចំចងក្រងឡើងដោយផ្ចិតផ្ចង់ក្រោមកិច្ចសហការគ្នារវាងស្ថាប័នចំនួន ៣ រួមមាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា។
លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់នូវ «ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» នេះគឺឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ និងយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥ ក្នុងគោលបំណងចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ការបង្កើតក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាការរួមចំណែកធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានភាពរឹងមាំ បរិយាបន្ន ដោយផ្ដោតលើតម្រូវការអ្នកប្រើប្រាស់ និងទំនុកចិត្ត ការកំណត់បទដ្ឋាន សីលធម៌នៃការប្រកបវិជ្ជាជីវៈដោយទំនួលខុសត្រូវសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកថ្លែងថា៖ «ក្រមប្រតិបត្តិនៃវិស័យធនាគារ និង ហិរញ្ញវត្ថុ នេះក៏នឹងរួមចំណែកទប់ស្កាត់បំណុលលើសលប់ និងការពារអតិថិជនដែលងាយរងគ្រោះផងដែរ។ ក្រមនេះក៏នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជាក្នុងការសម្រេចឱ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយមានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារ (Market Diversification) ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេស គាំទ្រដល់និរន្តរភាពនៃកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលដល់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ»។
ចំណែក លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិយាយថា ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះបានបង្កើតឡើងនៅក្នុងថេរវេលាមួយសមស្រប ដើម្បីធានាបាននូវនិរន្តរភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជា តាមរយៈការបង្កើននូវការអនុវត្តប្រកបទៅដោយក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើ និងផ្តល់សេវាជូនដល់អតិថិជនប្រកបដោយការការពារ។
លោកបានបន្ថែមថា វាមិនមែនជាការចៃដន្យឡើយក្នុងការបង្កើតក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះ ព្រោះការបង្កើតក្រមនេះឡើងដោយមានលក្ខណៈជាយុទ្ធសាស្ត្រ និងដោយមានការគិតគូរប្រុងប្រៀបទុកជាមុន និងសមស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥។
លោកអះអាងថា៖ «សមិទ្ធផលដ៏ថ្លៃថ្លាដែលកើតមានឡើងនៅថ្ងៃនេះ គឺដោយសារមានការសហការ និងការគាំទ្រទាំងធនធានថវិកា ធនធានបច្ចេកទេសពីគ្រប់ភាគីពាក់ព័ន្ធនានា ជាពិសេសការសហការ គាំទ្រ ណែនាំ និងការផ្តល់អនុសាសន៍ពីសំណាក់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាការគាំទ្រដោយផ្ទាល់ពីអតិថិជន និងប្រជាពលរដ្ឋកម្ពុជាទាំងមូល»។
បន្ថែមពីលើនេះ លោក ប៉ិល រ៉េម៉ីស៊ីសុផន ប្រធានសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជាបាននិយាយថា វិស័យហិរញ្ញវត្ថុនៅកម្ពុជាកំពុងមានការរីកលូតលាស់ទៅមុខយ៉ាងឆាប់រហ័ស ហើយវាក៏បាននិងកំពុងចូលរួមចំណែកក្នុងការជួយដល់សហគ្រាសគ្រប់ប្រភេទសម្រាប់កំណើនផងដែរ។ ក្រមប្រតិបត្តិនេះ គឺជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវានឹងមិនមែនជាលើកចុងក្រោយនោះទេ។
អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងអបអរសាទរចំពោះការបង្កើត និងដាក់ឱ្យអនុវត្តនូវក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុនេះ ដែលក្រមនេះជួយធ្វើឱ្យការផ្តល់កម្ចីហិរញ្ញវត្ថុនៅកម្ពុជា ប្រកបដោយការទទួលខុសត្រូវមានវិជ្ជាជីវៈ និងប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋ។ លោកបន្តថា នេះជាសក្ខីកម្មមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការចូលរួមអនុវត្តតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០០៦-២០២៥ និងយុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥ ដើម្បីចូលរួមគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
លោកលើកឡើងទៀតថា ការរៀបចំក្រមប្រតិបត្តិនេះបង្ហាញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានបទប្បញ្ញត្តិ និងគោលការណ៍ផ្ទាល់ខ្លួនសម្រាប់អនុវត្តបន្ថែមលើបទប្បញ្ញត្តិនានាដែលចេញដោយធនាគារជាតិនៃកម្ពុជា និងបានឆ្លុះបញ្ចាំងពីសុច្ចឆន្ទៈនៃការចូលរួម និងការយកចិត្តទុកដាក់ពីសំណាក់សមាគមទាំង ៣ ក៏ដូចជាសមាជិកទាំងអស់ចំពោះប្រសិទ្ធភាពនៃប្រតិបត្តិការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់។
លោកថ្លែងថា៖ «ធនាគារជាតិនៃកម្ពុជាជឿជាក់ថា ក្រមប្រតិបត្តិនេះនឹងក្លាយជាគោលការណ៍រួមសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ក្នុងការបង្កើតនូវតម្លាភាពនៃការផ្តល់សេវា និងកិច្ចការពារអតិថិជន ដែលនឹងកសាង ទំនាក់ទំនងល្អ ការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ ដើម្បីឱ្យប្រព័ន្ធធនាគាររីកចម្រើនប្រកបដោយបរិយាប័ន្ន»។
លោកបន្ថែមថា ក្រមប្រតិបត្តិនេះ គឺប្រៀបប្រដូចទៅនឹងការកំណត់ស្តង់ដារួមអប្បរមាមួយសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់អនុវត្តឱ្យមានលក្ខណៈប្រហាក់ប្រហែលគ្នាផងដែរ ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។
យោងតាមលោក ចាន់នី ក្រមនេះនឹងត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំ ដើម្បីតាមដានពីការរីកចម្រើននៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឬនៅពេលមានការផ្លាស់ប្តូរឯកសារនានា ឬត្រូវបានតម្រូវដោយច្បាប់បទប្បញ្ញត្តិជាធរមាន ដើម្បីធានានូវអនុលោមតាមក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញតិ្តជាធរមានដែលពាក់ព័ន្ធ។ ក្រមនេះនឹងត្រូវដាក់ឱ្យអនុវត្តជាស្វ័យបញ្ញត្តិ (Self-Regulation) ដើម្បីឱ្យសមាជិកអនុវត្តក្រមនេះក្នុងកម្រិតស្តង់ដាអប្បបរមានៃក្រមនេះ។ សមាជិកទាំងអស់មានពេលវេលាពេញមួយឆ្នាំ ២០២២ នេះ ក្នុងការកែសម្រួលក្រមប្រតិបត្តិផ្ទៃក្នុងរបស់គ្រឹះស្ថាន ឬលើកជាយោបល់បន្ថែមលើការអនុលោមតាមក្រមនេះ៕