![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/field/image/dscf5111.jpg)
កម្មករ-កម្មការិនីធ្វើការក្នុងរោងចក្រ ១ កន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កាលពីឆ្នាំ ២០១៧។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ការនាំចេញផលិតផល វាយនភណ្ឌកាត់ដេរនៅក្នុងឆ្នាំ ២០២១ សម្រេចបានទំហំទឹកប្រាក់ជាង ១១,៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។
ទិន្នន័យពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញថា ក្នុងរយៈពេល ១២ ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២១ ការនាំចេញផលិតផលកាត់ដេរមានចំនួនជាង ១១ ៣៨៩ លានដុល្លារអាមេរិកកើនឡើងប្រមាណ ១ ៥០៥ លានដុល្លារអាមេរិក ស្មើនឹង ១៥,២ ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួន ៨ ០១៧ លានដុល្លារ ស្បែកជើង ១ ៣៩០ លានដុល្លារ និងផលិតផលធ្វើដំណើរ ១ ៤៩០ លានដុល្លារ ក្រៅពីនេះគឺផលិតផលវាយនភណ្ឌផ្សេងៗទៀត។
លោក កាំង ម៉ូនីកា អគ្គលេខាធិការ និងជាអ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សមាគមបានកត់សម្គាល់ឃើញថា ថ្វីដ្បិតតែកំណើននៃការនាំចេញមានជាវិជ្ជមានមែន ប៉ុន្តែកម្រិតនៃប្រាក់ចំណេញរបស់វិស័យនេះ មិនប្រាកដថាល្អប្រសើរដូចពេលកន្លងទៅនោះទេ។
លោកបានបញ្ជាក់បន្ថែមថា៖ «យើងដឹងហើយថា ពេលនេះយើងមានការចំណាយច្រើនណាស់ទៅលើវិធានការការពារជំងឺកូវីដ ១៩ រួមផ្សំទាំងការកើនឡើងនៃតម្លៃឡូជីស្ទិក ជាពិសេសការដឹកជញ្ជូនតាមកប៉ាល់ ដូចនេះពេលខ្លះកើនខ្លាំងមែន តែមិនចំណេញ»។
នៅក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី ៣ ខែមីនា ជាមួយរដ្ឋមន្ត្រី ក្រសួងការងារ លោក គង់ សាង ប្រធាន GMAC បានមានប្រសាសន៍ ឱ្យដឹងថា ក្រសួងការងារ នៅតែជាក្រសួងដែលពាក់ព័ន្ធសំខាន់ទី ១ សម្រាប់វិស័យរបស់វាយនភណ្ឌកាត់ដេរ ដែលជាវិស័យអតិពលកម្ម ដោយបច្ចុប្បន្នសមាគម GMAC មាន សមាជិកជារោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤៦២ ផលិតស្បែកជើងចំនួន ១៣ និងផលិតផលធ្វើដំណើរចំនួន ៩២។
លោកបានបញ្ជាក់ថា៖ «បើវិស័យការងារមានភាពច្របូកច្របល់ហើយនោះ វិស័យនេះនឹងមិនមាននិរន្តរភាព និងកំណើនបានឡើយ ទោះបីជាផ្នែកផ្សេងទៀតល្អយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ ការសម្របសម្រួលបង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈមួយដែលល្អប្រសើរ និងមានភាពចាស់ទុំ នាំមកនូវស្ថិរភាពផលិតកម្ម»។
លោកបានបន្ថែមថា គោលនយោបាយចាក់វ៉ាក់សាំងដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល រួមនឹងការជួយជ្រោមជ្រែងពីសំណាក់ក្រសួងការងារបានធានាដល់ស្ថិរភាពផលិតកម្ម និងកំណើននៃការនាំចេញ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចំពោះវិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាលជាមួយក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ដែលក្នុងនោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានចាត់ទុកជាវិស័យអាទិភាព ដោយតម្រូវឱ្យមាន នូវការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ ២០២១-២០២៤ ដែលផែនការយុទ្ធសាស្ត្រនេះនឹងធានាបាននូវនិរន្តរភាពរយៈពេលយូរ បន្តរីកចម្រើនទៅមុខ ហើយក៏អាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។
លោកបានប្រសាសន៍បញ្ជាក់ថា៖ «សមាគមមួយនេះបានដំណើរការ ២៥ ឆ្នាំកន្លងមកហើយ បានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិនក្នុងវិស័យកាត់ដេរ ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ និងបានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានាជាមួយគ្រប់ភាគីពាក់ព័ន្ធលើបញ្ហាជាច្រើនដែលមានផលប៉ះពាល់ជាសក្តានុពលដល់បរិយាកាសវិនិយោគទូទៅ សំដៅបង្កើតនូវស្ថានភាពមួយដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព»។
បើតាមរយៈកិច្ចពិភាក្សារវាងភាគីទាំង ២ បានបង្ហាញថា នៅក្នុងបរិបទកំណើននៃការបញ្ជាទិញគឺកើនឡើងខ្ពស់ បណ្តាលឱ្យខ្វះខាតនូវកម្លាំងពលកម្ម ដូចនេះក្រសួងការងារបានបន្តជំរុញឱ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងទីភ្នាក់ងារជ្រើសរើសឯកជន ផ្តល់ការផ្គត់ផ្គង់ទៅដល់រោងចក្រ សហគ្រាស ដែលកំពុងតែមានតម្រូវការកម្លាំងពលកម្មខ្ពស់នេះ ដើម្បីបង្កើនចង្វាក់ផលិតកម្មផ្សេងៗរបស់ខ្លួន៕ LA