ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធកំពុងពន្លឿនការងាររៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ ដើម្បីទទួលបានការអនុម័តពីរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខនេះ។
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពី វឌ្ឍនភាព និងសក្តានុពលរបស់វិស័យស្វាយចន្ទីកម្ពុជាកាលពីថ្ងៃទី ០៣ ខែមីនា តាមរយៈប្រព័ន្ធវីដេអូថា ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវតែបន្តសហការ និងចូលរួមពន្លឿនការងាររៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលវិស័យនេះកំពុងជួបប្រទះ។
លោកបានបញ្ជាក់ថា៖ «ការចូលរួមផ្តល់ជាធាតុចូលពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម អគ្គនាយកដ្ឋានគយ តំណាងសមាគមស្វាយចន្ទីកម្ពុជា និងវិស័យឯកជន ក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ពាក់ព័ន្ធលើសក្តានុពល ទីផ្សារ ទិន្នន័យរបស់វិស័យស្វាយចន្ទីកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីប្រមូលធាតុចូលបំពេញ បន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយនូវវឌ្ឍនភាពថ្មីៗ សម្រាប់ការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទីមុននឹងដាក់ជូនគណៈរដ្ឋមន្ត្រី»។
លោក អួន ស៊ីឡូត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ខាងវិស័យឯកជនរំពឹងថា គោលនយោបាយជាតិស្តីពីស្វាយចន្ទីនឹងអាចជួយជ្រោមជ្រែងដល់វិស័យស្វាយចន្ទីបានមួយកម្រិតទៀត ព្រោះថានៅពេលដែលគោលនយោបាយចេញជាផ្លូវការកសិករនឹងទទួលបានឥណទានបន្ថែមពីរាជរដ្ឋាភិបាល ដើម្បីជួយដល់ការកែច្នៃផលិតផលស្វាយចន្ទីនេះ។
លោកបានបន្ថែមថា បច្ចុប្បន្នដោយសារតែការប្រែប្រួលអាកាសធាតុ ជាពិសេសភ្លៀងធ្លាក់នៅអំឡុងពាក់កណ្តាលខែកុម្ភៈបានធ្វើឱ្យដំណាំស្វាយចន្ទីដែលកំពុងចេញ ត្រូវរងការខូចខាតជាដំណំ ប្រមាណ ១០ ទៅ ៣០ ភាគរយ ក្នុងចំណោមចម្ការស្វាយចន្ទី ១០ ខេត្ត នៅទូទាំងប្រទេស។ លោកបានបញ្ជាក់ថា៖ «កសិករយើងនឹងប្រឈមនឹងការខាតបង់ច្រើន ដោយទី ១ ទិន្នផលធ្លាក់ចុះដោយសារការប្រែប្រួលអាកាសធាតុ ទី ២ តម្លៃជីថ្នាំកសិកម្ម និងប្រេងឥន្ធនៈឡើងថ្លៃ ដែលអាចនឹងធ្វើឱ្យកសិករប្រឈមនឹងការខាតបង់កាន់តែធ្ងន់ធ្ងរ ខណៈដែលតម្លៃស្វាយចន្ទីនេះមិនមានស្ថិរភាពនោះ ទេ។ចំណែកទីផ្សារវិញក៏ពឹងផ្អែកទៅលើប្រទេសវៀតណាមតែមួយទៀត ដោយតម្លៃគេឱ្យតាមចិត្តគេ»។
លោកបានបន្តថា តម្លៃស្វាយចន្ទីឆ្នាំនេះ គឺប្រហាក់ប្រហែលនឹងឆ្នាំមុនដែរចន្លោះពី ៤ ០០០ រៀល ទៅ ៥ ០០០ រៀល ដែលតម្លៃនេះអាចនឹងរួចខ្លួន ឬខាត ព្រោះតែការឡើងថ្លៃនៃវត្ថុធាតុដើម ដូចជាជីកសិកម្ម និងឥន្ធនៈជាដើម។
លោក ណុក ប៊ុនថន អ្នកដាំដុះស្វាយចន្ទី និងជាប្រធានសមាគមស្វាយចន្ទីប្រចាំខេត្តកំពង់ធំ បាននិយាយថា ដោយសារអាកាសធាតុប្រែប្រួលខ្លាំង បានធ្វើឱ្យស្វាយចន្ទីរបស់លោកទើបតែចេញក្តឹបនៅខែមីនានេះ ខណៈដែលរាល់ឆ្នាំនៅក្នុងអំឡុងពេលនេះគេអាចប្រមូលផលបានទៅហើយ។
លោកបញ្ជាក់ថា៖ «បើសិនយើងបានប្រមូលនៅដើមដៃនោះអាចលក់បានថ្លៃបន្តិច ដោយតម្លៃអាចបានលើស ៥ ពាន់រៀល ក្នុង ១ គីឡូក្រាម ប៉ុន្តែស្វាយចន្ទីរបស់ខ្ញុំទើបតែចេញក្តឹបបែបនេះ ទាល់តែខែមេសាទើបប្រមូលផលបាន ទម្រាំដល់ពេលនោះ តម្លៃអាចនឹងធ្លាក់ចុះ មិនទៀងទាត់»។
ទោះជាយ៉ាងណាក៏ដោយចុះ លោករំពឹងយ៉ាងមុតមាំថា ស្វាយចន្ទីកម្ពុជាអាចនឹងប្រសើរ បន្ទាប់ពីគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ នេះត្រូវបានដាក់ឱ្យអនុវត្ត។ អ្វីដែលប្រធានសមាគមស្វាយចន្ទីប្រចាំខេត្តកំពង់ធំរូបនេះចង់បាននោះ គឺការវិនិយោគលើរោងចក្រកែច្នៃស្វាយចន្ទីឱ្យបានច្រើន ខណៈដែលបច្ចុប្បន្នទូទាំងប្រទេសមានរោងចក្រ ៤ ហើយកំពុងដំណើរការមានត្រឹមតែ ២ ប៉ុណ្ណោះ។
បើយោងតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា ដោយយោងតាមទិន្នន័យក្រៅផ្លូវការដែលសមាគមទទួលបាន បច្ចុប្បន្នដំណាំស្វាយចន្ទីត្រូវបានដាំដុះនៅខេត្តចំនួន ១០ លើផ្ទៃដីប្រមាណ ៨០ ម៉ឺនហិកតា។
បើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្នុងឆ្នាំ ២០២១ កន្លងមក ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសបានជាង ៩១ ម៉ឺនតោន កើនឡើងជាង ៣៤៣ ភាគរយ ក្នុងនោះចេញទៅវៀតណាមជាង ៩០ ម៉ឺនតោន៕ LA