ភ្នំពេញៈ រដ្ឋបាលជលផលកម្ពុជា កំពុងរង់ចាំការឆ្លើយតបពីភាគីចិនដើម្បីអាចចុះពិធីសារជាផ្លូវការជាមួយគ្នាបាន ក្រោយពេលកសិដ្ឋានចិញ្ចឹមចំនួន៣និងរោងចក្រកែច្នៃចំនួន ១ បានកែសម្រួលរួចរាល់តាមការណែនាំរបស់អគ្គរដ្ឋបាលគយចិន។
លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ០៧ ខែមីនាថា បន្ទាប់ពីអគ្គរដ្ឋបាលគយចិន បានទុកពេលឱ្យកម្ពុជា ៣សប្តាហ៍ ត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ ដើម្បីកែចំណុចខ្វះខាតហើយនោះ បច្ចុប្បន្នកសិដ្ឋានដែលទទួលបានសិទ្ធិនាំចេញ និងរោងចក្រកែច្នៃចំនួនមួយ បានធ្វើការកែសម្រួលតាមការណែនាំ និងកំពុងរង់ចាំការឆ្លើយតបមកវិញពីភាគីចិន។
លោកបានបញ្ជាក់ថា៖ «ក្រោយពីកែសម្រួលតាមការណែនាំពីអគ្គរដ្ឋបាលគយចិនរួចហើយ ឯកឧត្តមប្រតិភូ បានរៀបចំលិខិតផ្លូវការនិងរបាយការណ៍ ផ្ញើទៅខាងភាគីចិនរួចរាល់ហើយដែរ ហើយបច្ចុប្បន្ន យើងកំពុងរង់ចាំការឆ្លើយតបពីខាងភាគីចិនមក ហើយបើភាគីចិនឯកភាពលើការកែសម្រួលនេះហើយ បន្ទាប់មកនឹងមានការចុះពិធីសារជាផ្លូវការរវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម ដើម្បីអាចនាំត្រីប្រាទៅកាន់ប្រទេសចិន»។
លោកបានបន្ថែមថា ចំពោះតម្លៃ និងចំនួនតម្រូវការត្រីប្រា ដែលត្រូវនាំចេញទៅកាន់ប្រទេសចិននោះ ក្រសួងនឹងរៀបចំឱ្យមានការចរចាជាមួយក្រុមហ៊ុនកែច្នៃ ដើម្បីអាចដាក់តម្លៃមួយដែលអ្នកចិញ្ចឹម និងភាគីចិនទទួលយកបាន។
ប្រធានសមាគមវារីវប្បករកម្ពុជា លោក សុខ រ៉ាដែន បានប្រាប់ថា ស្របពេលវារីវប្បករ កំពុងរង់ចាំដំណឹងពីការនាំចេញត្រីប្រាទៅកាន់ប្រទេសចិន តម្លៃត្រីប្រាកាន់តែចុះថោក ខណៈដែលថ្លៃដើមផលិតកាន់ច្រើន។
លោកបានបញ្ជាក់៖ «ត្រីប្រានៅតែមានតម្លៃថោកដដែលទេ តែប្រេងឥន្ធនៈ និងចំណីកាន់តែឡើងថ្លៃ ដូចនេះអ្នកចិញ្ចឹមរំពឹងថា អាចនាំចេញទៅទីផ្សារចិនឆាប់ៗ ទើបមាន សង្ឃឹមខ្លះ»។
លោក វ៉ិត ធារិទ្ធិ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី ៧ មករា ដែលជាកសិកដ្ឋានមួយក្នុង ចំណោមកសិដ្ឋាន ៣ ដែលទទួលបានសិទ្ធិក្នុងការនាំចេញត្រីប្រាទៅកាន់ប្រទេសចិន បានប្រាប់ថា ក្រសួង កសិកម្មនឹងផ្តល់ចម្លើយដល់កសិដ្ឋានក្នុងពេលឆាប់ៗនេះ ដោយលោកជឿជាក់ថា ចិននឹងជាទីផ្សារថ្មីមួយទៀតសម្រាប់ត្រីប្រាកម្ពុជា ខណៈបច្ចុប្បន្នតម្លៃកាន់តែចុះថ្លៃជាងមុន។
លោកបានបន្ថែមថា៖ «ត្រីប្រាកាន់ចុះថោក ដោយលក់ចេញបោះដុំបានត្រឹមតែជាង ៤ ០០០ រៀលប៉ុណ្ណោះ ស្របពេលដែលចំណី និងឥន្ធនៈ ឡើងថ្លៃ ធ្វើឱ្យថ្លៃដើមផលិត ចំណាយកាន់តែច្រើន អ្នកចិញ្ចឹមស្ទើរតែគ្មានចំណេញសោះ»។
បើតាមរដ្ឋបាលជលផល ក្រៅពីកសិដ្ឋានចិញ្ចឹមត្រីប្រាទាំង ៣ កន្លែង និងម្ចាស់រោងកែច្នៃត្រី ១ កន្លែង ក្នុងករណីកសិដ្ឋានដទៃទៀត ដែលមានបំណងចង់នាំចេញត្រីប្រាទៅកាន់ប្រទេសចិនដែរ ត្រូវធ្វើការចុះបញ្ជី ជាមួយរដ្ឋបាលជលផលជាមុនសិន និងត្រូវ អនុវត្តវារីវប្បកម្មល្អ តាមគោលការណ៍របស់ក្រសួង កសិកម្មនិងភាគីចិន៕ LA