ភ្នំពេញៈ វិស័យឯកជនស្នើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចលើផ្ទៃដីក្រោម ១០ ហិកតា ចំនួន ១៦ គម្រោងស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោក្នុងភូមិសាស្ត្រសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីរួមចំណែកការការពារ និងអភិរក្សធនធានធម្មជាតិ និងក៏ជាការជំរុញលើទេសចរណ៍ធម្មជាតិផងដែរ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៨ ខែមីនាថា ក្រុមការងារចម្រុះក្រសួងបរិស្ថានបានចុះពិនិត្យលើគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចនេះកាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ ក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលពីទិន្នន័យនៅលើទីតាំងជាក់ស្តែង ជាមួយនឹងមន្ត្រីបច្ចេកទេស ដើម្បីស្នើសុំការពិនិត្យ និងសម្រេចពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មុននឹងចាប់ផ្តើមការអភិវឌ្ឍ។
លោកបន្តថា គម្រោងវិនិយោគទេសចរណ៍ខ្នាតតូចនេះគឺជាការចូលរួមពីវិស័យឯកជននៅក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ពីព្រោះផ្ទៃដីដែលការវិនិយោគលើទេសចរណ៍ធម្មជាតិដែលមានទំហំក្រោម ១០ ហិកតានេះ គឺដើម្បីជំរុញបន្ថែមលើការចូលរួមរបស់វិស័យឯកជននៅក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។
ទោះជាយ៉ាងណា លោកថា សម្រាប់ផ្ទៃដីដែលទទួលបាននេះ គឺម្ចាស់គម្រោងមានសិទ្ធិប្រើប្រាស់បានត្រឹមតែ ៣០ ភាគរយប៉ុណ្ណោះ និង ៧០ ភាគរយទៀត គឺត្រូវរក្សាជាការងារអភិរក្ស ដែលនេះ គឺការបើកទ្វារឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងក៏ជាការជំរុញលើទេសចរណ៍ធម្មជាតិផងដែរ។
លោកថ្លែងថា៖ «ទេសចរណ៍ធម្មជាតិជាចលករមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានព្រោះបានបង្កើតការងារផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ»។
បើតាមលោក នេត្រ ភក្ត្រា ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមស្គាល់ច្បាស់ពីតម្លៃនៃទេសចរណ៍ធម្មជាតិ និងបានដើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិនានា។ ជាមួយនឹងការដើរទស្សនាកម្សាន្ត និងការស្នាក់នៅ ភ្លក្សមុខម្ហូបរបស់ប្រជាសហគមន៍ភ្ញៀវទេសចរបានចូលរួមផ្សព្វផ្សាយពីទេសភាពដ៏ស្រស់ស្អាតនៃតំបន់ការពារធម្មជាតិដល់ប្រជាពលរដ្ឋផ្សេងទៀត។
លោកបញ្ជាក់ទៀតថា ជាមួយការចូលរួមពីវិស័យឯកជនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិតាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ខេត្តកំពត ដែលមួយផ្នែកគ្របដណ្តប់ដោយផ្ទៃដីឧទ្យានជាតិ នឹងមានការរីករាយកាន់តែមានភាពទាក់ទាញ និងជាទិសដៅទេសចរណ៍ប៉ែកសមុទ្រមួយយ៉ាងសំខាន់បំផុត។
ភ្នំពេញប៉ុស្តិ៍ មិនអាចទាក់ទងលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត សុំធ្វើអត្ថាធិប្បាយបានទេនៅថ្ងៃទី ៨ ខែមីនា។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក-កម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២ នេះ ឱ្យដឹងថា សម្រាប់គម្រោងទេសចរណ៍ធម្មជាតិខ្នាតតូចរបស់ក្រសួងបរិស្ថានដែលបានចុះទៅត្រួតពិនិត្យនេះ បើសិនជាអ្នកស្នើសុំពិតជាមានភាពស្មោះត្រង់ចំពោះប្រទេសជាតិ និងកិច្ចសន្យារបស់ខ្លួនក្នុងការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ វាពិតជាមានផលប្រយោជន៍ សម្រាប់ប្រទេសជាតិ និងវិស័យទេសចរណ៍របស់កម្ពុជា។
លោកបន្តថា៖ «ប៉ុន្តែអ្វីជាឧបសគ្គនាពេលកន្លងមក វាភាគតិចមែនទែន ដែលវិស័យឯកជនមួយចំនួនទទួលបានគម្រោងយកទៅអភិវឌ្ឍ និងមួយចំនួនទៀត យកទៅទុកលក់បន្ត និងមួយទៀតបានហើយកៀរគររកអ្នកវិនិយោគ ឱ្យចូលរួមដាក់លុយ បើរកអ្នកវិនិយោគមិនបានទេ ក៏អត់ទៅ ដែលនេះ គឺជាបញ្ហា»៕ LA