ភ្នំពេញៈ សមាគមត្រចៀកកាំខ្មែរត្រូវបានរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការ ដែលជាការបើកផ្លូវក្នុងការអភិវឌ្ឍ និងជំរុញការនាំចេញនូវផលិតផលដ៏មានសក្តានុពលមួយនេះទៅកាន់ទីផ្សារក្រៅប្រទេសជាពិសេសទីផ្សារចិនកាន់តែច្រើន។
លោក ស៊ុយ កុកធាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៨ ខែមីនា ថា បន្ទាប់ពីទទួលបានការយល់ព្រមពីក្រសួងមហាផ្ទៃ សមាគមត្រចៀកកាំខ្មែរជាផ្លូវការ នាដើមខែមីនា ឆ្នាំ ២០២២ សមាគមបាននិងកំពុងខិតខំធ្វើការគ្រប់បែបយ៉ាងដើម្បីចូលរួមជួយជំរុញ និងអភិវឌ្ឍសកម្មភាពនៃការរៀបចំផ្ទះ ការចិញ្ចឹម និងកែច្នៃផលិតផលពីទឹកមាត់សត្វត្រចៀកកាំខ្មែរឱ្យមានទីផ្សារកាន់តែធំ និងមានគុណភាពកម្រិតស្តង់ដា។
លោកបន្តថា សម្បុកត្រចៀកកាំ គឺជាផលិតផលដែលមានការនិយមចូលចិត្តទទួលទានច្រើនបំផុតនៅលើពិភពលោកវៀតណាមជាពិសេសក្នុងប្រទេសចិន ហេតុនេះបើកម្ពុជាអាចជំរុញឱ្យមានការវិនិយោគលើផលិតផលនេះកាន់តែច្រើន វានឹងជួយផ្តល់ប្រាក់ចំណូលដល់អ្នកចិញ្ចឹមផ្ទាល់ ក៏ដូចជាកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ឧស្សាហកម្មនេះនឹងអាចជួយបង្កើនប្រាក់ចំណូលយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិ។
លោកបាននិយាយថា៖ «ទោះបីពេលនេះផលិតផលសម្បុកត្រចៀកកាំខ្មែរនៅមិនទាន់ទទួលបានតម្លៃខ្ពស់ ប៉ុន្តែសម្រាប់ទីផ្សារគឺមិនមានបញ្ហាទេ។ យើងចង់ជួយធ្វើឱ្យសម្បុកត្រចៀកកាំខ្មែរ មានទីផ្សារកាន់តែធំ និងទទួលបានតម្លៃកាន់តែខ្ពស់ ពិសេសការនាំចេញទៅលក់នៅប្រទេសចិន»។
លោក កុកធាន សកម្មភាពចម្បងៗដែលសមាគមត្រចៀកកាំខ្មែរបាននិងកំពុងធ្វើ មានដូចជា ការជំរុញ និងលើកទឹកចិត្តចំពោះការវិនិយោគលើការចិញ្ចឹម និងអភិវឌ្ឍផ្ទះត្រចៀកកាំ, ការពង្រឹងគុណភាពផលិតផលពីទឹកមាត់ត្រចៀកកាំ, ការផ្តល់ការសិក្សាស្វែងយល់ ដំណោះស្រាយ និងចែករំលែកចំណេះដឹងពីបច្ចេកទេសក្នុងការចិញ្ចឹម និងអភិរក្ស, និងការស្វះស្វែងរកទីផ្សារនាំចេញទឹកមាត់ត្រចៀកកាំទៅទីផ្សារអន្តរជាតិ ពិសេសប្រទេសចិន។
លោកលើកឡើងថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានហើយ ហេតុនេះឱកាសសម្រាប់ការនាំចេញសម្បុកត្រចៀកកាំខ្មែរទៅលក់នៅប្រទេសចិន ដែលជាទីផ្សារមានតម្រូវការច្រើនជាងគេលើពិភពលោកក៏កាន់តែមានលក្ខណៈងាយស្រួលជាងមុនដែរ»។
ម្ចាស់ផ្ទះត្រចៀកកាំ ១ កន្លែងក្នុងខេត្តកោះកុងបានប្រាប់ថា លោកចាប់ផ្តើមចិញ្ចឹមត្រចៀកកាំ ៤ ឆ្នាំមកហើយ ប៉ុន្តែការវិនិយោគនេះនៅមិនទាន់ផ្តល់ប្រាក់ចំណេញទេ។ លោកនិយាយ ថា៖ «២-៣ ខែទើបប្រមូលផលបានម្តង ហើយតម្លៃក៏មិនបានច្រើនទៀត នេះខ្ញុំធ្វើលក្ខណៈគ្រួសារផង។ បើអាចនាំចេញទៅចិនបាននោះ តម្លៃប្រាកដជាកើនឡើងខ្ពស់»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមកបានឱ្យដឹងថា កម្ពុជាបានដាក់សំណើទៅរដ្ឋាភិបាលចិន ដើម្បីស្នើសុំនាំចេញផលិតផលកសិកម្មដូច ផ្លែមៀនប៉ៃលិន ម្រេច ទុរេន ក្រូចត្លុង និងសម្បុកត្រចៀកកាំ ជាដើម។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ងិន ឆាយ ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមការងាររបស់ក្រសួងកសិកម្មកំពុងតែធ្វើការជាមួយផ្នែកឯកជន និងអាជ្ញាធរប្រទេសចិន ដើម្បីនាំចេញផលិតផលពីទឹកមាត់ត្រចៀកកាំទៅប្រទេសចិន។ ទោះយ៉ាងណាផែនការនេះមានឧបសគ្គធំៗចំនួន ២ គឺការចរចាជាមួយភាគីចិន និងបញ្ហាក្នុងស្រុក។ លោកបន្តថា បញ្ហាខាងក្រៅ គឺភាគីចិនបានកំណត់គោលការណ៍ក្នុងការចរចា ១ ដង ១ មុខទំនិញ ចំណែកបញ្ហាខាងក្នុងគឺសមត្ថភាពកែច្នៃដែលនៅមិនទាន់ស្របតាមស្តង់ដាដែលប្រទេសចិនចង់បាន។
លោកនិយាយថា៖ «តាមការស្រាវជ្រាវ គឺកម្ពុជានៅមិនទាន់មានការរៀបចំរោងចក្រកែច្នៃណាមួយដែលមានកម្រិត ISO នៅឡើយទេ»។
បើយោងតាមការស្រាវជ្រាវក្នុង ១ ឆ្នាំៗប្រទេសចិនមានតម្រូវការផលិតផលសម្បុកត្រចៀកកាំរាប់ពាន់តោន ខណៈការផ្គត់ផ្គង់នៅខ្វះជាង ១ ០០០ តោនជារៀង រាល់ឆ្នាំ។ នេះបើតាមលោក កុកធាន។
លោកប្រាប់ថា៖ «បើទោះបីមិនទាន់មានការសិក្សា ប៉ុន្តែខ្ញុំគិតថានៅក្នុង ១ ឆ្នាំៗ ការប្រមូលផលសម្បុកត្រចៀកកាំនៅកម្ពុជា នៅមានបរិមាណតិចជាង ១០០ តោននៅឡើយ ខណៈដែលកម្ពុជាជាប្រទេសដែលមានធម្មជាតិល្អគ្រប់គ្រាន់សម្រាប់ការវិនិយោគលើផ្ទះត្រចៀកកាំ»។
បើតាមលោក កុកធាន បច្ចុប្បន្នសម្បុកត្រចៀកកាំនៅកម្ពុជាមិនទាន់សម្អាត មានតម្លៃជាមធ្យមចន្លោះពី ៦៥០-៧០០ ដុល្លារក្នុង ១ គីឡូក្រាម និងសម្អាតហើយមានតម្លៃចន្លោះពី ១ ៦០០ ដុល្លារទៅជាង ២ ០០០ ដុល្លារ។ ចំណែកនៅប្រទេសម៉ាឡេស៊ី ផលិតផលសម្បុកត្រចៀកកាំមិនទាន់សម្អាតអាចមានតម្លៃចន្លោះពី ៨០០-១ ០០០ ដុល្លារឯណោះ៕ LA