ភ្នំពេញៈ ក្រុមហ៊ុនប៉ាងណាគ្រីរៀលអ៊ីសស្ទេត ឯ.ក ដែលមានភាគហ៊ុនចម្រុះខ្មែរ ចិន និងថៃបានបើកឱ្យដំណើរការរោងចក្រដែកដំបូងគេមួយនៅខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកការនាំចូលពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ការបើកសម្ពោធរោងចក្រដែកនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែ មីនា ដែលជាការបើកដំណើរការផលិតកម្ម និងកែច្នៃដែក គ្រឿងសំណង់ ឬរោងចក្រដែកទី ១ នៅខេត្តបន្ទាយមានជ័យ។ រោងចក្រនេះគឺមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក តឹក ប៊ុនធឿន តំណាងក្រុមហ៊ុនបានឱ្យដឹងថា ការដាក់ឱ្យដំណើរការនូវរោងចក្រផលិតដែកនេះគឺជាការរួមចំណែករបស់ក្រុមហ៊ុនក្នុងការបង្កើតការងារ និងប្រែក្លាយតំបន់ម៉ាឡៃដែលជាសមរភូមិក្តៅមួយទៅជាតំបន់អភិវឌ្ឍន៍។
លោកបានថ្លែងបញ្ជាក់ថា៖ «ការឈានដល់ស្រុះស្រួល ចូលភាគហ៊ុន និងសុំអាជ្ញាប័ណ្ណបើករោងចក្រដែកទី ១ ឬដំបូងគេនៅខេត្តបន្ទាយមានជ័យនេះ គឺជាការចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ជាពិសេសប្រែក្លាយតំបន់អតីតព្រៃដាច់ស្រយាល តំបន់អតីតសមរភូមិសង្គ្រាម និងតំបន់ចម្ការមីនក្លាយទៅជាតំបន់អភិវឌ្ឍន៍»។
លោកបានថ្លែងបន្តទៀតថា កន្លងមកក្រុមហ៊ុន បាននិងកំពុងអភិវឌ្ឍតំបន់នោះលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើនខ្សែចំណាយប្រមាណ ៣ លានដុល្លារសហរដ្ឋអាមេរិកដោយបានវិនិយោគលើវិស័យអចលនវត្ថុ, បង្កើតផ្សារ,រោងចក្រ, សេវាកម្មមួយចំនួន ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅក្នុងគម្រោងបន្ត គឺក្រុមហ៊ុននឹងកសាងរោងចក្រផលិតសម្បកកង់រថយន្ត និងអាជីវកម្ម វិស័យផ្សេងទៀតដើម្បីផលចំណេញក្រុមហ៊ុនផង និងរកការងារជូនពលរដ្ឋក្នុងមូលដ្ឋានផង។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការរោងចក្រផលិតដែកនេះគឺបានឆ្លុះបញ្ចាំងពីជំនឿជាក់របស់វិស័យឯកជនមកលើខេត្តរបស់លោក ហើយបានរួមចំណែកដល់ការបង្កើតការងារដល់ខេត្តផងដែរ។
លោកបានមានប្រសាសន៍បញ្ជាក់ថា៖ «អាជ្ញាធរខេត្តសូមស្វាគមន៍ចំពោះវិស័យឯកជនក្នុងការបោះទុនវិនិយោគនៅខេត្ត មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងបន្តសម្របសម្រួល បង្កលក្ខណ:ងាយស្រួលជូនដល់វិនិយោគិនខ្មែរ និងបរទេសទាំងឡាយដែលមកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តកាន់តែច្រើនបន្ថែមទៀត»។
បើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជាបាននាំចូលគ្រឿងសំណង់មានតម្លៃសរុបជាង ១,៤ ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២១ កើនជាង ២០ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
បើតាមរបាយការណ៍ដដែលស្ថិតិនៃការនាំចូលមុខទំនិញសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២១ កម្ពុជាបាននាំចូលគ្រឿងសំណង់ក្នុងទឹកប្រាក់សរុប ១ ៤២៩ លានដុល្លារ កើនឡើង ២០,៨៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានចំនួន ១ ១៨២ លានដុល្លារ។ ក្នុងនោះការនាំចូលសម្ភារសំណង់មានទឹកប្រាក់ ១ ០៦៣ លានដុល្លារ កើនឡើង ៣៣ ភាគរយ ពីចំនួន ៨០២ លានដុល្លារ និងការនាំចូលដែក មានទឹកប្រាក់ ៣២៦ លានដុល្លារ កើនឡើង ១ ភាគរយពីចំនួន ៣២១ លានដុល្លារ។ ដោយឡែកការនាំចូលស៊ីម៉ងត៍មានតម្លៃ ៤០ លានដុល្លារ ធ្លាក់ចុះ ៣៣ ភាគរយពីចំនួន ៥៩ លានដុល្លារ៕ LA