ភ្នំពេញៈ ក្រុមហ៊ុនឯកជនមកពីសាធារណរដ្ឋឆែកបានចុះកិច្ចសន្យាទិញម្រេចពីសមាគមម្រេចកំពតចំនួន ៣៥ តោន ពីកសិករជាង ២០០ គ្រួសារ ក្នុងរយៈពេល ១០ ឆ្នាំ។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ៨ ខែមីនាថា ក្រុមហ៊ុន អ៊ីយូ លែន អេន ផេបភើរ អ៊ីនវេសមិន (Eu land and pepper investment co ltd) ជាក្រុមហ៊ុនទី ៨ ហើយ ដែលបានសម្រេចចុះកិច្ចសន្យាជាមួយកសិករផ្ទាល់ដោយគ្រោងនឹងទិញម្រេចពីកសិករចំនួន ២០០ គ្រួសារ ក្នុងរង្វង់ប្រមាណ ៣៥ តោននៅក្នុងឆ្នាំ ២០២២ នេះ។
លោកបានបន្ថែមថា កាលពីឆ្នាំ ២០២១ ក្រុមហ៊ុនបានទិញម្រេចពីសមាគម ប៉ុន្តែមិនមានការចុះកុងត្រាដោយផ្ទាល់នោះទេ ដោយក្រុមហ៊ុននេះ ជាក្រុមហ៊ុន ១ ក្នុងចំណោមក្រុមហ៊ុន ៣០ ជាក្រុមហ៊ុននាំចេញម្រេចទៅក្រៅប្រទេស។ លោកបានបញ្ជាក់ថា៖ «ឆ្នាំនេះ ក្រុមហ៊ុន អ៊ីយូលែន នេះបានចុះកុងត្រា (កិច្ចសន្យា) ជាមួយកសិករ ២០០ គ្រួសារ ដោយអាចប្រមូលទិញក្នុងរង្វង់៣៥តោន ឬលើសពីនេះ ឱ្យតែកសិករផលិតបាន គាត់ប្រមូលទិញទាំងអស់ បច្ចុប្បន្នក្រុមហ៊ុនកំពុងតែជំរុញឱ្យកសិករទាំង ២០០ គ្រួសារនេះ ដាំដុះម្រេចតាមបែបសរីរាង្គ»។
លោក ទេព យឿន កសិករម្នាក់ក្នុងចំណោមកសិករ ២០០ នាក់ ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន អ៊ីយូលែន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោក និងកសិករផ្សេងទៀតគ្រោងនឹងពង្រីកការដាំដុះបន្ថែមទៀត បន្ទាប់ពីចុះកិច្ចសន្យាជាមួយក្រុមហ៊ុននេះហើយ។
យោងតាមរបាយការណ៍ពីក្រសួង កសិកម្ម នៅក្នុងឆ្នាំ ២០២១ កម្ពុជានាំចេញផលិតផលម្រេចបានប្រមាណ ២៨ ០៧៤,៧៩ តោន កើនឡើងចំនួន ៤៥២,៧២ ភាគរយ ទាំងម្រេចកំពត ដែលជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) និងម្រេចធម្មតាមិនមានសម្គាល់ទីតាំងភូមិសាស្ត្រ។ នៅក្នុងនោះ នាំចេញទៅវៀតណាមមានចំនួន ២៧ ១១៧,៧៤ តោន ក្រៅពីនេះនាំទៅប្រទេសអាល្លឺម៉ង់ ថៃ បារាំង ឥណ្ឌា បែលហ្ស៊ិក តៃវ៉ាន់ សាធារណរដ្ឋឆែក ប៉ូឡូញ ជប៉ុន រុស្ស៊ីកូរ៉េ សិង្ហបុរី និងបណ្តាប្រទេសមួយចំនួនទៀត។ ប្រទេសកម្ពុជាមានខេត្តចំនួន ១៨ ដែលមានការដាំដុះម្រេចនៅក្នុងនោះខេត្តដែលសម្បូរការដាំដុះម្រេចច្រើនដែរ រួមមាន មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និងកំពតជាដើម៕ LA