ភ្នំពេញៈ រយៈពេលជិត ២ ឆ្នាំនៃការដាក់ឱ្យដំណើរការការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដែលហៅថា «Single Portal» មានក្រុមហ៊ុនជាង ១២ ពាន់បានទទួលជោគជ័យក្នុងការចុះបញ្ជីជាផ្លូវការតាមប្រព័ន្ធនេះ ខណៈក្រុមហ៊ុនជាង ១ ពាន់ទៀតកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ។
ទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា គិតពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ មានក្រុមហ៊ុនចំនួន ១២ ២០១ ដែលបានទទួលជោគជ័យក្នុងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន «Single Portal» និងក្រុមហ៊ុនចំនួន ១ ១៧៤ ផ្សេងទៀតកំពុងស្ថិតក្រោមការត្រួតពិនិត្យ។ ចំនួនថ្ងៃជាមធ្យមដើម្បីចុះបញ្ជីក្រុមហ៊ុនមួយ គឺរយៈពេល ៨ ថ្ងៃ។ ដោយឡែកមានក្រុមហ៊ុនសរុប ៩ ០៤៨ ទទួលបានជោគជ័យសម្រាប់ចំនួននាមករណ៍បម្រុងទុក) និងចំនួន ៣៣៨ ទៀតកំពុងស្ថិតក្រោមការត្រួតពិនិត្យ។ នេះបើតាមទិន្នន័យដដែល។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានឱ្យដឹងថា កំណើនជាបន្តបន្ទាប់នៃចំនួនចំនួនក្រុមហ៊ុនចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺដោយសារប្រព័ន្ធនេះបង្កភាពងាយស្រួល ចំណាយថវិកាតិចធ្វើបាននៅគ្រប់កន្លែង ជាពិសេសមិនចាំបាច់ធ្វើរឿងដដែលៗតាមក្រសួងស្ថាប័ន ដោយរៀបចំម្តងរួចរាល់គ្រប់ក្រសួងស្ថាប័នដែលត្រូវការ។ លោកថា ការបង្កឱ្យមានភាពងាយស្រួលនេះក៏ធ្វើឱ្យចំណាប់អារម្មណ៍បញ្ចេញទុនវិនិយោគទាំងសម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេសកើនឡើងផងដែរ។
លោកថ្លែងថា៖ «ប្រព័ន្ធនេះបានផ្តល់ផលចំណេញច្រើន ជាពិសេសវាបានផ្តល់នូវកម្លាំងចិត្តដល់អ្នកវិនិយោគក្នុងការបង្កើន និងពង្រីកអាជីវកម្មផងដែរ»។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១០ ខែមីនាថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា កំពុងចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សមត្ថភាពក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាល ក៏ដូចជាផ្តល់ភាពយស្រួលជាងមុនដល់ធុរជន។ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាមិនត្រឹមតែដើរស្របនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលរដ្ឋាភិបាលកម្ពុជាបានកំណត់យកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានតម្លាភាព ចំណេញពេលវេលា និងជួយកាត់បន្ថយការិយាធិបតេយ្យបានយ៉ាងច្រើនទៀតផង។
លោកនិយាយថា៖ «ប្រព័ន្ធនេះនឹងដើរតួនាទីក្នុងការជួយពង្រឹង និងពង្រីកកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំល្អ ព្រោះវាមិនត្រឹមតែជួយឱ្យរដ្ឋាភិបាលអាចគ្រប់គ្រងចំនួនក្រុមហ៊ុន/សហគ្រាស ដែលកំពុងមានវត្តមាននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែការមានទិន្នន័យចំនួនក្រុមហ៊ុន និងចំនួនប្រភេទអាជីវកម្មក៏អាចជួយឱ្យរដ្ឋាភិបាលដាក់ចេញនូវផែនការជួយអភិវឌ្ឍន៍ ឬផ្តល់ការគាំពារចំពោះវិស័យដែលដំណើរការមិនល្អនេះផងដែរ»។
ចំពោះវិស័យឯកជន ប្រព័ន្ធចុះបញ្ជីនេះបានធ្វើឱ្យពួកគេចំណេញពេលវេលា និងថវិកាបានយ៉ាងច្រើន។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន «Single Portal» នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដោយបានដាក់ក្រសួង-ស្ថាប័នរដ្ឋចំនួន ៦ ជាមួយគ្នា។ ក្រសួងស្ថាប័នទាំងនោះរួមមាន ក្រសួង-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន្ត ធ្លាប់បាននិយាយថា Single Portal នឹងតម្រូវឱ្យក្រុមហ៊ុនបំពេញបែបបទចុះបញ្ជីអាជីវកម្មតែម្ដង ដោយត្រូវការពេលវេលាច្រើនបំផុត ៨ ថ្ងៃ។ លោកកត់សម្គាល់ថា ទិន្នន័យទាំងអស់ដែលបានដាក់ជូនដោយក្រុមហ៊ុននានាស្ថិតក្រោម Single Portal មួយនេះនឹងត្រូវបញ្ជូនដោយស្វ័យប្រវត្ដិទៅក្រសួងស្ថាប័នដែលដំណើរការដោយរដ្ឋដែលបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធនេះ៕ LA