ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាសម្រេចពន្យារពេលការអនុវត្ត «ពន្ធលើចំណេញមូលធន» រហូតដល់ដំណាច់ឆ្នាំ ២០២៣ ក្នុងគោលដៅ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់តាមគន្លងប្រក្រតីថ្មី។ នេះបើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ។
ការសម្រេចពន្យារពេលការអនុវត្ត «ពន្ធលើចំណេញមូលធន» របស់រដ្ឋាភិបាលនេះធ្វើឡើង បន្ទាប់ពីមានការអំពាវនាវពីវិស័យឯកជនកាលពីប៉ុន្មានខែកន្លងមកនេះ។ លុះក្រោយមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់សំណើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន កាលពីអំឡុងខែមករា ឆ្នាំ ២០២២ មក អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី ០៩ ខែមីនា បានចេញសេចក្តីជូនដំណឹងមួយស្តីពីការពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ២ ឆ្នាំបន្តទៀត ដោយកំណត់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថាក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជួយសម្រាលបន្ទុកសារពើពន្ធរបស់វិស័យឯកជន ពិសេសវិស័យដែលរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ ១៩ ដើម្បីរក្សាលំនឹងអាជីវកម្ម។
លោកបានបន្ថែមថា៖ «ការពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនគឺ ដើម្បីចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ ដើម្បីជំរុញការវិនិយោគ និងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ»។
លោក ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការ ពន្យារពេលដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធននៅក្នុងរយៈពេល ២ ឆ្នាំបន្តទៀតនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងចំពេលវេលារបស់រដ្ឋាភិបាល ដែលនេះជាការលើកទឹកចិត្តបន្ថែមទៀតដល់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងវិស័យអចលនវត្ថុ។
លោកបានបន្ថែមថា វិស័យអចលនទ្រព្យចាប់ផ្តើមធ្លាក់ចុះខ្លះនៅអំឡុងឆ្នាំ ២០២០ ហើយបានអូសបន្លាយដល់ឆ្នាំ ២០២១ ហើយទើបតែបានប្រសើរវិញបន្តិចចាប់ពីដើមឆ្នាំ ២០២២ នេះ។
លោកបានថ្លែងថា៖ «វិស័យអចលនទ្រព្យប្រភេទខុនដូបានរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែអចលនវត្ថុប្រភេទនេះពឹងផ្អែកការលក់ឱ្យជនបរទេស ប៉ុន្តែនៅពេលមានវិបត្តិកូវីដ ១៩ មកដល់ មានការបិទខ្ទប់ប្រទេសផង ធ្វើឱ្យខុនដូជាច្រើនលក់មិនដាច់។ ទោះជាយ៉ាងណា ការពន្យារពេលពន្ធលើចំណេញមូលធនបានជួយសម្រួលច្រើនដែរដល់វិស័យនេះ»។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ យល់ឃើញថា ការពន្យារពេលពន្ធលើចំណេញមូលធនបានផ្តល់ប្រយោជន៍ច្រើនដល់ធុរជនទាំងឡាយ ដែលកំពុងប្រកបអាជីវកម្មលើវិស័យពាក់ព័ន្ធនានានៅកម្ពុជា ជាពិសេសវិស័យអចលនទ្រព្យ។
លោកបានបន្ថែមថា ថ្វីដ្បិតតែការអនុគ្រោះនេះអាចនឹងធ្វើឱ្យរដ្ឋបាត់ចំណូលមួយចំនួនក៏ពិតមែន ប៉ុន្តែលោកជឿថា រាជរដ្ឋាភិបាលនឹងមានដំណោះស្រាយផ្សេងទៀត ដើម្បីអាចបង្កើនចំណូលជាតិបាន។
លោកបានប្រាប់ថា៖ «នេះជាការជួយលើកស្ទួយកម្រិត ជីវភាព សកម្មភាពសេដ្ឋកិច្ច សង្គមឱ្យមានភាពល្អប្រសើរឡើងជាជំហានៗ នៅក្នុងអំឡុងពេលនៃការរីករាលដាលវិបត្តិកូវីដ ១៩ នេះ»។
ពន្ធលើចំណេញមូលធន គឺជាប្រភេទពន្ធដែលអនុវត្តលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរមូលធន ដែលជាទ្រព្យចំនួន ៦ ប្រភេទរួមមាន៖ អចនលទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទិ្ធបញ្ញា និងរូបិយវត្ថុបរទេសក្នុងអត្រា ២០ ភាគរយ។
ច្បាប់បានអនុញ្ញាតឱ្យប្រមូលពន្ធនេះ តាំងពីការធ្វើវិសោធនកម្មច្បាប់ស្តីពីសារពើពន្ធ ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០០៧ មកម្ល៉េះ៕ LA