ភ្នំពេញៈ ខេត្តបាត់ដំបងគ្រោងសិក្សានូវផលិតផលកសិកម្មសំខាន់ៗចំនួន ២ មុខទៀតរបស់ខេត្ត ដើម្បីចុះបញ្ជីជា “ម៉ាកសមូហភាព” ក្នុងគោលបំណងលើកកម្ពស់ និងរក្សាកេរដំណែលរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានខេត្ត និងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តឱ្យកាន់តែច្រើនបន្ថែមទៀត។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១០ ខែមីនា ឱ្យដឹងថា តាមផែនការ មន្ទីរសិក្សា និងចុះបញ្ជីផលិតផល “ម៉ាកសមូហភាព” មានចំនួន ៤ រួមមានទី ១ ក្រូចពោធិ៍សាត់បានចុះរួមជាមួយនឹងក្រូចពោធិ៍សាត់របស់ខេត្តពោធិ៍សាត់ ទី ២ ដូងខ្ទិះបាត់ដំបងបានធ្វើសិក្ខាសាលាផ្សព្វផ្សាយរួចហើយ ប៉ុន្តែមិនទាន់ចុះបញ្ជី ខណៈ ២ មុខទៀត ត្រៀមនឹងសិក្សាគឺ ១ ម្នាស់បាត់ដំបង និង ទី ២ ស្រូវថ្មគោល។
លោកបានថ្លែងថា៖ «ជាទូទៅ មន្ទីរបានដាក់កំណត់គោលដៅផលិតផល ៤ មុខ។ ដំបូងគេ គឺក្រូចពោធិ៍សាត់ ប៉ុន្តែវាជាន់គ្នាជាមួយនឹងខេត្តពោធិ៍សាត់ ដូច្នេះគេកំណត់រួមទាំងក្រូច ពោធិ៍សាត់នៃខេត្តពោធិ៍សាត់ធ្វើរួចហើយ។ ក្រោយមកទៀត យើងធ្វើដូងខ្ទិះ យើងបានធ្វើសិក្ខាសាលាផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋរួចហើយដែរ ប៉ុន្តែការចុះបញ្ជីម៉ាកសមូហភាពមិនទាន់ចុះនៅឡើយទេ រង់ចាំឱ្យគាត់ស្ម័គ្រចិត្តចងក្រងជាសហគមន៍ជាមុនសិន»។
លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ ថ្លែងថា ក្នុងការងារអភិវឌ្ឍន៍ និងលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលសក្តានុពលក្នុងស្រុកសំដៅដល់ការធ្វើពិពិធកម្មមុខទំនិញ និងពិពិធកម្មទីផ្សារនាំចេញរបស់ផលិតផលកម្ពុជា នាយកដ្ឋានរបស់លោកកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម សហគមន៍កសិកម្ម សមាគមឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីជំរុញផ្សព្វផ្សាយ អភិវឌ្ឍអាជីវកម្ម និងផលិតផលរបស់ខ្លួនតាមរយៈគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ព្រមទាំងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសក្តានុពល ដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចត្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា “អំបិល និងផ្កា អំបិលកំពត” “បង្កងតាកែវ” និង “ទឹកត្រីកំពត”។
លោកថ្លែងបន្តថា ក្រៅពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នាយកដ្ឋានលោកបានចុះបញ្ជីម៉ាកសមូហភាព “គុយទាវភ្នំពេញ”; “អំបុកកំពង់ធំ”“អង្ករព្រះវិហារ”; និងគ្រោងចុះបន្ថែមនូវម៉ាកសមូហភាពដូចជា ៖ “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល”; “ក្រូចពោធិ៍សាត់”; និង “នំបញ្ចុកសៀមរាប”។
បើតាម លោក សួន វិជ្ជា ភាពជោគជ័យនៅក្នុងការកសាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាពនាពេលកន្លងមកបានធ្វើឱ្យផលិតផលកម្ពុជាជាច្រើនបានឈានចូលទៅទីផ្សារបរទេស និងមានឈ្មោះល្បីយ៉ាងខ្លាំងដូចជា ម្រេចកំពត គុយទាវភ្នំពេញ និងស្ករតោ្នតកំពង់ស្ពឺ។ ផលិតផលទាំងនេះមិនត្រឹមតែទទួលបាននូវថ្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយផលិតផលដែលរួមចំណែកផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍របស់ខេត្ត វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
លោកថ្លែងថា៖ «ការចុះម៉ាកសមូហភាពពិតជាបានផ្តល់នូវលទ្ធផលវិជ្ជមានជាច្រើនទាំងការលើកកម្ពស់ផ្នែកសេដ្ឋកិច្ច ផ្សព្វផ្សាយវប្បធម៌ ទាក់ទាញទេសចរណ៍ និងការអភិវឌ្ឍមូលដ្ឋាន។ ប៉ុន្តែទោះបីយ៉ាងនេះក្តី យើងចាំបាច់ត្រូវមានអភិបាលកិច្ចនៃការតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាពប្រកបដោយភាពហ្មត់ចត់បំផុត ដើម្បីធានាឱ្យការប្រើប្រាស់ម៉ាកស្របតាមស្មារតីនៃបទបញ្ជាផ្ទៃក្នុង និងស្របតាមគោលបំណងរួម»៕ LA