ភ្នំពេញៈ ស្របនិន្នាការពេញនិយមទូទាំងសកលលោកនៃការប្រើប្រាស់រថយន្តអគ្គិសនី ក្រសួងសាធារណការ និង ដឹកជញ្ជូនរៀបចំសិក្ខាសាលាអន្តរក្រសួង ដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយឆ្ពោះទៅរកការប្រើប្រាស់យានយន្តអគ្គិសនី ប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។
សិក្ខាសាលាអន្តរក្រសួងនេះ មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយឆ្ពោះទៅរកការប្រើប្រាស់យានយន្តអគ្គិសនីប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា ដែលរៀបចំដោយអង្គការ Energylab ក្រោមកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។
សិក្ខាសាលាអន្តរក្រសួងនេះ មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃកម្ពុជា តំណាងអគ្គិសនីកម្ពុជា (EDC) និងក្រសួងស្ថាប័នមួយចំនួនទៀតដែលពាក់ព័ន្ធ ព្រមទាំងតំណាងគម្រោង GIZ/SMMR និង សម្ព័ន្ធការប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance)។
នៅក្នុងវគ្គសិក្ខាសាលានេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន រៀបចំឱ្យមានការធ្វើបទបង្ហាញមួយចំនួន ដែលផ្ដោតសំខាន់ទៅលើការៀបចំផែនការ យុទ្ធសាស្រ្ត និងវិធានការផ្សេងៗ ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នផ្ទះកញ្ចក់។
ក្រសួងសាធារណការបានឱ្យដឹងថា យោងទៅតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ប្រទេសកម្ពុជាប្ដេជ្ញាក្នុងការជំរុញការប្រើរថយន្តអគ្គិសនី និងរថយន្តក្រុងក្នុងទីក្រុងឱ្យបាន ៤០% និងទោចក្រយានយន្តឱ្យបាន ៧០% នៅឆ្នាំ ២០៥០៕