ភ្នំពេញៈ ប្រទេសកម្ពុជា និងសហភាពអឺរ៉ុបបានប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរបន្ថែមទៀត បើទោះបីការរីករាលដាលជំងឺកូវីដ ១៩ នៅតែបន្តកើតមានក៏ដោយ។
ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុបលើកទី១១ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១០ ខែមីនា។ កិច្ចប្រជុំគណៈកម្មាធិការចម្រុះនេះដឹកនាំដោយលោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Paola Pampaloni អនុប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃមន្ទីរកិច្ចការបរទេសសហភាពអឺរ៉ុប។
កិច្ចប្រជុំនេះក៏បានពិភាក្សាផងដែរអំពីវិធានការស្ដារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រួមទាំងការដកជាបណ្ដោះអាសន្ន នូវផ្នែកខ្លះនៃការអនុគ្រោះពន្ធពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ក្រោមគម្រោងគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA), កិច្ចសហប្រតិបត្តិការបច្ចេកទេស, បញ្ហានៃការចូលទៅកាន់ទីផ្សារ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវបរិយាកាសធុរកិច្ច រួមទាំងច្បាប់វិនិយោគថ្មី និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានកិច្ចប្រជុំបានបន្តថា៖ «ភាគីទាំង ២ ក៏បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាថា បរិយាកាសវិនិយោគរបស់កម្ពុជានៅតែបើកចំហ មានការសម្របសម្រួលយ៉ាងល្អ មានលក្ខណៈប្រកួតប្រជែង និងអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព»។
កិច្ចប្រជុំអនុក្រុមស្ដីពីពាណិជ្ជកម្ម និងការវិនិយោគ បានពិនិត្យមើលឡើងវិញទៅលើពាណិជ្ជកម្មទ្វេភាគីកម្ពុជាសហភាពអឺរ៉ុប និងបរិយាកាសវិនិយោគនៅកម្ពុជា។ ក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំង ២ មានតម្លៃ ៤,៣ ពាន់លានអឺរ៉ូ និង ៤,៥ ពាន់លានអឺរ៉ូក្នុងឆ្នាំនីមួយៗ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោក Anthony Galliano អគ្គនាយក Cambodia Investment Management Co Ltd បានប្រាប់ថា ប្លុក EU ជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំជាងគេទី៣របស់កម្ពុជា ដែលទំហំពាណិជ្ជកម្មរវាងដៃគូទាំង ២ មានប្រមាណ ៤,៣ ពាន់លានអឺរ៉ូ។
យោងតាមលោក Anthony ក្នុងចំណាត់ថ្នាក់ជាទ្វីបនៃការនាំចេញរបស់កម្ពុជា បើគិតជាតម្លៃត្រូវបានចែកចាយទៅកាន់បណ្ដាប្រទេសនៅអាស៊ី គឺមាន ៤០,១ ភាគរយ ខណៈ ៣៤,៧ ភាគរយ ត្រូវបាននាំទៅទីផ្សារអាមេរិកខាងជើង និង ២៣,៤ ភាគរយនៃតម្លៃទំនិញទៅកាន់អឺរ៉ុប។ ពាណិជ្ជកម្មជាមួយនឹងអាមេរិកកំពុងកើនឡើង ដោយការនាំចេញកើន ២៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលស្មើនឹងប្រមាណ ៤០ ភាគរយនៃការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ ២០២១។
លោកបន្តថា៖ «ដូច្នេះហើយ វាមានឱកាសច្រើនសម្រាប់ការកើនឡើងពាណិជ្ជកម្មទ្វេភាគីជាមួយប្លុកសហភាពអឺរ៉ុប»។
គណៈកម្មការអឺរ៉ុប (EC) បានរាយការណ៍ថា សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៨ ដែលមានចំនួន ៤៥ ភាគរយនៃការនាំចេញរបស់កម្ពុជានៅឆ្នាំនោះ។ ភាគច្រើននៃការនាំចេញទាំងនោះ (៩៥,៧ ភាគរយ) បានចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុប ក្រោមផែនការអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ(EBA)។ សរុបមក កម្ពុជា គឺជាប្រទេសប្រើប្រាស់ផែនការអនុគ្រោះពន្ធ EBA ឈានមុខគេទី២ បន្ទាប់ពីបង់ក្លាដែស។
ទោះយ៉ាងណា កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២០ EC បានដកផ្នែកខ្លះនៃគម្រោង EBA ពីកម្ពុជា។ ការផ្អាកនេះប៉ះពាល់ដល់ ១ ភាគ ៥ ឬ ១ ពាន់លានអឺរ៉ូនៃការនាំចេញប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់ទីផ្សារ EU។
លោក Anthony បានពន្យល់ថា ដោយសារវិបត្តិភូមិសាស្ត្រនយោបាយបច្ចុប្បន្ន អាមេរិក និងសហភាពអឺរ៉ុបគួរតែសម្លឹងមើលកម្ពុជា ដែលបានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃទំនាក់ទំនងល្អជាមួយប្រទេសចិន និងសារៈសំខាន់ និងឥទ្ធិពលកាន់តែខ្លាំងក្នុងតំបន់។
លោក Anthony បន្ថែមថា៖ «អ្វីដែលអាចជាកាយវិការតូចមួយចំពោះអាមេរិក និងសហភាពអឺរ៉ុប នឹងគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង។ ដូច្នេះហើយ ខ្ញុំនឹងគាំទ្រឱ្យបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP រវាងអាមេរិកជាមួយប្រទេសកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈការស្តារលទ្ធភាពទទួលបានឡើងវិញរបស់កម្ពុជាចំពោះប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ»៕ LA