ភ្នំពេញៈ កម្ពុជា-អូស្ត្រាលី ប្តេជ្ញានឹងបន្តជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែខ្លាំងបន្ថែមទៀត ជាពិសេសការស្តារឡើងវិញគ្រប់វិស័យក្រោយវិបត្តិនៃជំងឺកូវីដ ១៩។
ការអះអាងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម រវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី ១០ ខែមីនា នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ បាននិយាយថា ពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី បានរីកចម្រើនគួរឱ្យកត់សម្គាល់ គឺទាំងលក្ខណៈទ្វេភាគី និងពហុភាគី ខណៈកម្ពុជា និងអូស្ត្រាលី គឺជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ បន្ថែមពីលើនេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនក្នុងឆ្នាំ ២០២២ នេះ ក៏បាននិងកំពុងខិតខំជំរុញការចរចាលើការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ច មួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀតរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២២។
លោកបន្ថែមថា៖ «កម្ពុជាបានប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យក្រោយវិបត្តិកូវីដ ១៩»។
ឯកអគ្គរាជទូតអូស្ត្រាលី លោក Pablo Kang បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ចកម្ពុជា ដែលឆ្លុះបញ្ចាំងពីការឆ្លើយតបនឹងការវិវឌ្ឍសកលជាពិសេសលោកបានចាត់ទុកការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង AANZFTA ជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់ ក្នុងឆ្នាំ ២០២២ នេះ។
វិស័យឯកជនបានលើកឡើងថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី នឹងកាន់តែប្រសើរ ខណៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ចូលជាធរមាន។ RCEP នឹងបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគបើកចំហ ដើម្បីសម្រួលដល់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសកលលោក។ RCEP មានសមាជិកអាស៊ានទាំង ១០ ប្រទេស រួមជាមួយប្រទេសក្រៅតំបន់ចំនួន ៥ ផ្សេងទៀតដូចជា ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១៣ ខែមីនាថា អូស្ត្រាលី គឺជាដៃគូពាណិជ្ជកម្មដ៏ល្អមួយរបស់កម្ពុជា ដោយបច្ចុប្បន្នប្រទេសទាំង ២ មិនត្រឹមតែមានទំនាក់ទំនងពាណិជ្ជកម្មលក្ខណៈទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាតាមរយៈ RCEP ផងដែរ។
លោកបន្តថា បន្ថែមលើនេះនៅកម្ពុជា ក៏មានកម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលកំពុងធ្វើប្រតិបត្តិការជាប្រចាំលើផ្នែកកសិកម្មផងដែរ។ ការសិក្សារបស់ CAVAC បានរកឃើញថា ផលិតផលកសិកម្មកម្ពុជា គឺជាវិស័យអាទិភាពថ្មីមួយទៀតដែលកម្ពុជាមានសម្រាប់ការនាំទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី នាពេលអនាគត បន្ថែមលើប្រភេទផលិតផលសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរដែលកំពុងមានទីផ្សារនៅទីនោះរួចមកហើយ។
លោកថ្លែងថា៖ «ក្រៅពីផលិតផលវាយនភណ្ឌ និងកសិកម្ម កម្ពុជាក៏នៅមានផលិតផលវត្ថុធាតុដើមសម្រាប់នាំចេញទៅអូស្ត្រាលីផងដែរ»។
យោងតាមលោក លឹម ហេង ក្រៅពីផលិតផលអាទិភាពដែលកម្ពុជាបាននិងកំពុងនាំចេញទៅទីផ្សារប្រទេសអូស្ត្រាលី បច្ចុប្បន្នអូស្ត្រាលីក៏កំពុងរៀបចំគម្រោងជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបង្កើតតំបន់/សួន-កសិ-ឧស្សាហកម្ម តាមបណ្តាខេត្ត។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភា-កម្ពុជា លោក ហុង វណ្ណៈ និយាយថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី ទោះបីមិនទាន់មានទំហំធំដូចអាមេរិក ឬចិន ប៉ុន្តែក៏ជាពាណិជ្ជកម្មមួយដែលមានលក្ខណៈល្អប្រសើរផងដែរ។ ម្យ៉ាងទៀតបច្ចុប្បន្នក៏មានអ្នកវិនិយោគអូស្ត្រាលីមួយចំនួនកំពុងបណ្តាក់ទុននៅកម្ពុជាផងដែរ។
លោកប្រាប់ថា៖ «ការបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយអូស្ត្រាលី គឺជាការចាំបាច់ដែលនឹងធ្វើឱ្យវិស័យនាំចេញទំនិញកម្ពុជាកាន់តែមានភាពរឹងមាំ ដោយអាចជួយកាត់បន្ថយការពឹងផ្អែកទៅលើការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗដូចជា EBA និង GSP ជាដើម»។
ទិន្នន័យក្រសួងពាណិជ្ជកម្មឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូស្ត្រាលី ឆ្នាំ ២០២១ មានទឹកប្រាក់ ៣២៤ លានដុលា្លរ កើន ៥២ ភាគរយ បើធៀបនឹងឆ្នាំ ២០២០៕ LA