ភ្នំពេញៈ ធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) ផ្តល់ឥណទានចម្បងដល់វិស័យស្រូវអង្ករសម្រាប់ការសាងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារនៅក្នុងខេត្តចំនួន ៤។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា ARDB បានផ្តល់ឥណទានចម្បងដល់វិស័យស្រូវអង្ករក្នុងលក្ខណៈសម្បទានពីរដ្ឋាភិបាលសម្រាប់សាងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវ នៅក្រោមរូបភាពជាដៃគូរដ្ឋ និងវិស័យឯកជន តាមរបៀប «សាងសង់ប្រតិបត្តិការ និងទូទាត់» ក្នុងទំហំទឹកប្រាក់ ៣០ លានដុល្លារនៅតំបន់ចំនួន ៤ រួមមាន ខេត្តបាត់ដំបង កំពង់ធំ ព្រៃវែង និងខេត្តតាកែវ។
លោកបញ្ជាក់ថា៖ «ARDB ក៏គ្រោងនឹងបង្កើតការិយាល័យចល័តនេះឱ្យបាន ៥ ខេត្តទៀត ខណ:បច្ចុប្បន្នខ្លួនបានបង្កើត ៩ ខេត្តរួចមកហើយ ដោយភាគច្រើននៅខេត្តជុំវិញបឹងទន្លេសាប និងខេត្តឆ្ងាយៗ ដូចជា ស្ទឹងត្រែង ក្នុងគោលបំណងបង្ខិតសេវាកម្មទៅជិតអតិថិជន ខណ:បច្ចុប្បន្នការពឹងផ្អែកលើការិយាល័យកណ្តាលតែមួយ គឺនៅឆ្ងាយពីអ្នកមានតម្រូវការសេវាកម្មនៅតាមបណ្តាខេត្តមួយចំនួន»។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ថា កម្ពុជាជាប្រទេសដែលមានសក្តានុពល ក្នុងការដាំដុះស្រូវ ដូចនេះការវិនិយោគបន្ថែមទៅលើការសាងសង់ឃ្លាំងស្តុក និងឡសម្ងួត គឺជាការវិនិយោគមួយដែលត្រឹមត្រូវបំផុត។
លោកបញ្ជាក់ថា៖ «ការវិនិយោគលើការសាងសង់ឃ្លាំងស្តុក និងឡសម្ងួតនឹងជួយជំរុញការកែច្នៃ និងនាំចេញជាផ្លូវការនៃវិស័យស្រូវអង្កររបស់យើង។ ខ្ញុំក៏អរគុណដល់ធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្មដែលតែងផ្តល់ឥណទានដល់ក្រុមហ៊ុនសមាជិកសហព័ន្ធ ស្រូវអង្ករកម្ពុជា, រោងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុននាំចេញអង្ករ ក៏ដូចជាការជួយពង្រឹងសមត្ថភាពរោងម៉ាស៊ីនក្នុងស្រុកយើងឱ្យមានលទ្ធភាពប្រកួតប្រជែង និងរស់រានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាពិសេសបង្កើនចំនួនឡ សម្ងួត ឃ្លាំង និងការកែច្នៃនាំចេញ។
លោក ហេង ផេង អ្នកនាំចេញអង្ករ នៅស្រុកថ្មគោល ខេត្តបាត់ដំបង និងជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ថា ប៉ុន្មានឆ្នាំមុនការខ្វះខាតឃ្លាំងស្តុក និងឡសម្ងួតស្រូវ ជាច្រើនដែលធ្វើឱ្យនៅរដូវប្រមូលផលម្តងៗតម្លៃស្រូវចុះថោកខ្លាំង។ លោកបន្តថា ទោះយ៉ាងណាប៉ុន្មានឆ្នាំចុងក្រោយ បញ្ហានេះត្រូវបានដោះស្រាយភាគច្រើន ដោយសារការផ្តល់ឥណទានពីធនាគារ ARDB។
លោកបានបន្ថែមថា ឃ្លាំងស្តុក និងឡសម្ងួតស្រូវ លែងជាបញ្ហាហើយ ប៉ុន្តែបញ្ហាដែលប្រជាកសិករ និងក្រុមឈ្មួញកំពុងជួបប្រទះនាពេលនេះ គឺថ្លៃដើមផលិតកើនឡើង ដូចប្រេង និងជីកសិកម្មជាដើម។
លោកបញ្ជាក់ថា៖ «ឃ្លាំងស្តុក និងឡសម្ងួតស្រូវមានកាន់តែច្រើន វានឹងបង្កលក្ខណៈងាយស្រួល ដោយសារយើងជាអ្នកនាំចេញមិនចាំបាច់ព្រួយបារម្ភពីការខ្វះខាតកន្លែងស្តុក និងឡសម្ងួត ហើយកសិករអាចលក់ស្រូវបានក្នុងតម្លៃសមរម្យ។ ចំពោះយើងជាឈ្មួញក៏លក់ចេញបានតម្លៃប្រកួតក្នុងទីផ្សារផងដែរ»។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម ក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិ ក្នុងបរិមាណសរុប ៦១៧ ០៦៩ តោន ថយចុះ ១០,៦៨ ភាគរយ បើធៀបនឹងបរិមាណនាំចេញឆ្នាំ ២០២០ ដែលមាន ៦៩០ ៨២៩ តោន។ ដោយឡែកក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិសរុប ១០៣ ០៥៨ តោន កើនឡើង ៣៥,២១ ភាគរយបើធៀបនឹងបរិមាណនាំចេញរយៈពេល ២ ខែ ឆ្នាំ ២០២១ ដែលមានចំនួន ៧៦ ២២២ តោន៕ LA