ភ្នំពេញៈ បន្ទាប់ពីទទួលជោគជ័យពីការដាក់លក់ទឹកដោះគោស្រស់នៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុន Khmer Fresh Milk ដែលជាម្ចាស់វិនិយោគលើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំមួយនៅកម្ពុជា បានចាប់ផ្តើមពង្រីកការលក់របស់ខ្លួនទៅតាមផ្ទះ «គិរីសួគ៌ហៅស៍» នៅជាយរាជធានីភ្នំពេញ និងបណ្តាខេត្ត ដោយគ្រោងនឹងបង្កើតឱ្យបានចន្លោះពី ២០-៣០ នៅត្រឹមដំណាច់ឆ្នាំ ២០២២ នេះ។
Khmer Fresh Milk គឺជាក្រុមហ៊ុនក្នុងស្រុកដែលបានបណ្តាក់ទុនប្រមាណ ១០ លានដុល្លារលើកសិដ្ឋានគិរីសួគ៌ (Kirisu Farm) ដើម្បីចិញ្ចឹមគោយកទឹកដោះលើដី ៣០០ ហិកតា ក្នុងស្រុកបាទី ខេត្តតាកែវ ដោយមានគោផ្តល់ទឹកដោះពូជ Holstein heifers ប្រមាណ ៥០០ ក្បាលមកពីប្រទេសអូស្ត្រាលី។ ក្រុមហ៊ុននេះក៏មានរោងចក្រកែច្នៃទឹកដោះគោស្រស់ផ្ទាល់ខ្លួន ដែលបានបើកដំណើរការកាលពីខែកក្កដា ឆ្នាំ ២០២០ ផងដែរ។
សហស្ថាបនិកនៃក្រុមហ៊ុន Khmer Fresh Milk លោក ជី សិលា បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងថ្ងៃទី ១៤ ខែមីនា ថា ការចិញ្ចឹមគោ និងការផលិតទឹកដោះគោរបស់ក្រុមហ៊ុន Khmer Fresh Milk កំពុងមានដំណើរការទៅមុខយ៉ាងរលូន ដោយបច្ចុប្បន្នក្នុងកសិដ្ឋានគិរីសួគ៌មានគោផ្តល់ទឹកដោះជិត ៧០០ ក្បាល ក្នុងនោះ ៥០០ ក្បាលជាពូជគោ Holstein heifers ដែលនាំចូលមកពីប្រទេសអូស្ត្រាលី និងប្រមាណ ២០០ ក្បាលទៀតជាកូនគោពូជ Holstein heifers កើតនៅស្រុកខ្មែរកាលពីឆ្នាំ ២០២០។ លោកបន្តថា ជាមួយនឹងចំនួនគោខាងលើ បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌ អាចប្រមូលទឹកដោះគោបានប្រហែល ១២ ០០០ លីត្រក្នុង ១ ថ្ងៃ ដោយក្នុងនោះចំនួនជិត ១០ ០០០ លីត្រ ត្រូវបានចម្រាញ់ជាទឹកដោះគោស្រស់ (មាន ៣ ប្រភេទ) ក្រៅពីនោះក៏មានយ៉ៅអួរ (៤ រសជាតិ) និងប៊័រផងដែរ។
ទាក់ទងនឹងតម្រូវការទីផ្សារ លោក សិលា បានបញ្ជាក់ថា តម្រូវការទឹកដោះគោស្រស់កំពុងកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែការផ្គត់ផ្គង់នៅក្នុងស្រុកនៅតែមានកម្រិតទាបដដែល។
លោកបានថ្លែងថា៖ «ដោយសារបច្ចុប្បន្នតម្រូវការទឹកដោះគោស្រស់នៅតាមទីផ្សារកើនឡើងជាប្រចាំ ក្រុមហ៊ុនក៏បានដាក់ចេញយុទ្ធសាស្ត្រទីផ្សារថ្មីបន្ថែមតាមរយៈការបង្កើតកន្លែងលក់នៅតាមផ្ទះដែលហៅថា គិរីសួគ៌ហៅស៍ ដោយបច្ចុប្បន្នក្រុមហ៊ុនបានពង្រីកទីតាំងបានចំនួន ៩ ទីតាំងហើយនៅប្រជុំជនជាយរាជធានីភ្នំពេញ»។
បើតាមលោក សិលា គិរីសួគ៌ហៅស៍ នឹងផ្តល់ផលប្រយោជន៍ចម្បងៗចំនួន ២ គឺជួយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារក្នុងអំឡុងពេលទទួលរងផលវិបាកពីវិបត្តិជំងឺកូវីដ ១៩ និងបានផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកផលិតផលទឹកដោះគោស្រស់ក្នុងស្រុក ដែលមានគុណភាពកម្រិតស្តង់ដាអន្តរជាតិ។
លោកបានបញ្ជាក់ថា៖ «ចាប់ពីដើមឆ្នាំរហូតដល់ពេលនេះ ហាងគិរីសួគ៌ហៅស៍ បានបើកដំណើរការចំនួន ៩ ហើយនៅក្នុងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនមានផែនការពង្រីកទីតាំងបន្ថែមឱ្យបានពី ២០-៣០ ទីតាំងនៅតាមតំបន់ជាយរាជធានី-ភ្នំពេញ និងតាមបណ្តាខេត្តមានសក្តានុពលមួយចំនួន»។
យោងតាមលោក សិលា បច្ចុប្បន្ននៅកម្ពុជាមានកសិដ្ឋានធំៗ ចិញ្ចឹមគោយកទឹកដោះប្រមាណ ៣-៤ ប៉ុណ្ណោះ ដោយអាចមានសមត្ថភាពផ្គត់ផ្គង់តម្រូវការក្នុងស្រុកប្រហែលជាង ២០ ភាគរយ ហើយក្រៅពីនោះគឺជាផលិតផលនាំចូលពីក្រៅប្រទេស។
លោកបន្ថែមថា បច្ចុប្បន្នទឹកដោះគោស្រស់របស់ Khmer Fresh Milk ត្រូវបានគេទទួលស្គាល់ថា មានគុណភាពល្អ និងតម្លៃសមរម្យ។
បច្ចុប្បន្នក្រៅពី Kirisu Farm នៅកម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗចំនួន ២ កន្លែងទៀត គឺកសិដ្ឋានផលិតទឹកដោះគោតេជោសែនឫស្សីត្រឹបក្នុងខេត្តព្រះវិហារ និងកសិដ្ឋាន Moo Moo Farms ក្នុងខេត្តកណ្តាល៕ LA