ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគចំនួន ៣៧ ដែលមានទឹកប្រាក់ប្រមាណ ២ ៤០០ លានដុល្លារ ពីខែមករា និងកុម្ភៈ ឆ្នាំ ២០២២។
របាយការណ៍ CDC បង្ហាញថា គម្រោងដែលបានអនុម័តនៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ ភាគច្រើនជាគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសម្បកកង់យានយន្ត និងគម្រោងមួយចំនួនទៀត។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គម្រោងដែល CDC ទើបអនុម័តថ្មីៗនេះភាគច្រើននៅតែជាគម្រោងរបស់ក្រុមហ៊ុនមកពីប្រទេសចិន។ លោកបន្ថែមថា អ្វីដែលគួរឱ្យមោទនភាពនោះគឺ គម្រោងវិនិយោគទាំងនោះ ភាគច្រើនមិនមែនក្នុងវិស័យកាត់ដេរ ដោយភាគច្រើនក្នុងអនុវិស័យ ដូចជា គម្រោងផលិតសម្បកកង់រថយន្ត និងរោងចក្រកែច្នៃផលិតផលកសិកម្ម ដែលជាឧស្សាហកម្មគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាបាននឹងនរ ប្រសើរជាងវិស័យកាត់ដេរ។
លោកបញ្ជាក់ថា៖ «ឧស្សាហកម្មធុនស្រាល ឬវិស័យកាត់ដេរអាចនឹងមានផលប៉ះពាល់លឿន ប៉ុន្តែបើមានការវិនិយោគប្រភេទឧស្សាហកម្មធុនមធ្យម ឬវិស័យមិនមែនកាត់ដេរច្រើន នោះវាជួយដល់លំនឹងសេដ្ឋកិច្ច ដែលជាការបង្កើតទីផ្សារក្នុងស្រុក ជាពិសេសការយកវត្ថុធាតុដើមក្នុងស្រុកដើម្បីកែច្នៃសម្រាប់នាំចេញ ដូចជាកៅស៊ូ និងផលិតផលកសិកម្មជាច្រើនទៀត»។
លោកលើកឡើងថា ក្នុងឆ្នាំ ២០២២ នេះសភាពាណិជ្ជកម្មកម្ពុជាបានពង្រីកទំនាក់ទំនងច្រើនជាមួយបរទេស ដោយថ្មីៗនេះសភាពាណិជ្ជកម្មតួកគី ក៏ដូចជាពាណិជ្ជករតួកគី សន្យាថានឹងមកកម្ពុជាក្នុងពេលឆាប់ៗដើម្បីអនុវត្ត និងសិក្សាគម្រោងវិនិយោគនៅកម្ពុជា។ លោកបន្តថា សភាពាណិជ្ជកម្មកម្ពុជាបានជួយជ្រោមជ្រែង និងដោះស្រាយបញ្ហាឱ្យវិស័យឯកជនបានច្រើននៅក្នុងរយៈពេលចុងក្រោយ ដោយកត្តានេះបានផ្តល់ទំនុកចិត្តដល់វិនិយោគិនក្នុងស្រុក បន្តទាក់ទាញអ្នកវិនិយោគពីក្រៅថែមទៀត។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថា ការខិតខំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្មក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងវិស័យឯកជនក្នុងស្រុកក្នុងការកៀរគរវិនិយោគពីក្រៅប្រទេសបានជំរុញឱ្យមានគម្រោងវិនិយោគថ្មី។ លោកបន្ថែមថា វាជាចំណុចចាប់ផ្តើមដ៏ល្អក្នុងឆ្នាំ ២០២២ នេះ ទោះបីជំងឺកូវីដ ១៩ នៅតែបន្តយាយីក៏ដោយ។
លោកបានបញ្ជាក់ថា៖ «ដូចយើងដឹងហើយថា កម្ពុជាក៏នៅតែទទួលបាន EBA ពីសហភាពអឺរ៉ុប ហើយក៏នៅតែទទួលបាន GSP ពីសហរដ្ឋអាមេរិកនៅឡើយ ដែលនេះក៏ជាលក្ខខណ្ឌមួយ ដែលធ្វើឱ្យវិនិយោគនានា នៅមានក្តីសង្ឃឹមក្នុងការផលិតនូវផលិតផលរបស់ខ្លួនសំដៅធ្វើការនាំចេញទៅលក់នៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងអាមេរិក»។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថាប័ននៃរាជរដ្ឋាភិបាលចំនួន ៨ រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ក្រសួងសេដ្ឋកិច្ច, ក្រសួងរៀបចំដែនដី, ក្រសួងឧស្សាហកម្ម, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ, ក្រសួងរ៉ែ និងក្រសួងសាធារណការ ក្រោមជំនួយពីចក្រភពអង់គ្លេស បានរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនបន្ថែមទៀត និងបង្កើនទំហំនាំចេញក្នុងទំហំទឹកប្រាក់លើសពី ២ ពាន់លានដុល្លារនៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕ LA