ភ្នំពេញៈ ស្របពេលការរីករាលដាលជំងឺកូវីដ ១៩ នៅបន្តបំប្លែងថ្មី អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធបានជាង ៥១២ លានដុល្លារនៅក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២២ កើនជិត ២៣ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ទិន្នន័យនេះត្រូវបានអ្នកជំនាញអះអាងថា ជាស្ថានភាពល្អនៃការកៀរគរចំណូលពន្ធ ដោយសារតែស្ថានភាពសេដ្ឋកិច្ចចាប់ផ្តើមល្អប្រសើរឡើងវិញ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ ឆ្នាំ ២០២២ ព្រមទាំងទិសដៅអនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ១៤ ខែមីនា លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា ក្នុងរយៈពេល ២ ខែ ដើមឆ្នាំនេះ ចំណូលពន្ធអាករដែលអង្គភាពពន្ធដារប្រមូលបានមានចំនួន ២ ០៧៤,៦៦ ពាន់លានរៀល ស្មើប្រមាណ ៥១២,២៦ លានដុល្លារ កើនឡើង ២២,៦៩ ភាគរយ ធៀបនឹងរយៈពេល ២ ខែដើមឆ្នាំ ២០២១។ ក្នុងនោះខែកុម្ភៈ ឆ្នាំ ២០២២ ចំណូលពន្ធអាករគ្រប់ប្រភេទមានចំនួន ២២៣,៩៦ លានដុល្លារស្មើនឹង ៧,៩៤ ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។
លោកបន្ថែមថា ចំណូលនេះបើធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២១ បានកើនឡើងជិត ១២ ភាគរយ ដែលស្មើនឹងប្រមាណជាង ៩៦ លានដុល្លារ។ ក្នុងនោះចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ ប្រភេទ បានបន្តរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២១ ដោយក្នុងនោះពន្ធលើប្រាក់ចំណូលកើនឡើង ១៤,១៨ ភាគរយ, អាករលើតម្លៃបន្ថែមកើន ៥,៥២ ភាគរយ អាករពិសេសកើន ១៧,១៩ ភាគរយ,ពន្ធលើប្រាក់បៀវត្សរ៍កើន ២៣,១៧ ភាគរយ, និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យកើនឡើង ១៦,៩៨ ភាគរយ។
លោក វិបុល ចាត់ទុកថា ការកើនឡើងចំណូលរបស់ពន្ធដារក្នុងរយៈពេល ២ ខែនេះ គឺជាសមិទ្ធផលដ៏ជោគជ័យមួយ។
លោកបញ្ជាក់ថា៖ «សម្រាប់ឆ្នាំ ២០២២ ដើម្បីធានាប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធឱ្យបានតាមគ្រប់ផែនការ អង្គភាពទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹងអនុវត្តវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធរួមមាន បន្តអនុវត្តតាមអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពង្រឹងកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានអាល់កុលក្នុងស្រុក ពង្រឹងការគ្រប់គ្រងការបង្វិលសងអាករតម្លៃបន្ថែម, គ្រប់គ្រងតាមដានលិខិតប្រកាសពន្ធរបស់សហគ្រាស និងការពង្រឹងលើការងារមួយចំនួនទៀត»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ការកើនឡើងចំណូលពន្ធដារក្នុងដើមឆ្នាំ ២០២២ នេះ ដោយសារតែស្ថានភាពសេដ្ឋកិច្ចចាប់ផ្តើមល្អប្រសើរ។
ទោះយ៉ាងណាលោកបន្ថែមថា ដោយសារថ្មីនេះមានវិបត្តិប្រេងឥន្ធនៈឡើងថ្លៃនឹងធ្វើឱ្យប៉ះពាល់ទៅដល់ការដឹកជញ្ជូន ដែលកើតឡើងដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ស្របពេលដែល OPEC កាត់បន្ថយការផ្គត់ផ្គង់ប្រេង និងគួបផ្សំនឹងអាមេរិកបន្ទាបអត្រាប្តូរប្រាក់ដុល្លារផង បានធ្វើឱ្យកើតមានអតិផរណានៅក្នុងប្រទេស។ លោកបន្តថា កត្តាទាំងនេះអាចរារាំងដល់សម្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជាខ្លះ។
បែបនេះក្តីលោកបញ្ជាក់ថា៖ «ខ្ញុំយល់ថា សេដ្ឋកិច្ចកម្ពុជា បើទោះមិនបានឡើងដូចនឹងការព្យាករ (៥,៦ ភាគរយ) ក៏មិនអាចថយដែរ គឺនៅមានកំណើនដដែល ពីព្រោះការកើនឡើងនៃថ្លៃប្រេងវាជះឥទ្ធិពលដល់ការចាយវាយនៅក្នុងស្រុក ដូចនេះវាប៉ះពាល់ដល់វិស័យលក់រាយ និងវិស័យសេវាកម្ម។ ចំណែកការនាំចេញរបស់យើងក៏អាចប្រឈមនឹងផលប៉ះពាល់តិចតួចដែរ។ ជារួមឆ្នាំនេះសេដ្ឋកិច្ចនឹងបន្តមានកំណើនគ្រាន់តែកើនមិនដូចការរំពឹងទុក»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២២ បានដាក់ផែនការឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលឱ្យបាន ២ ៨១៩,៥៤ លានដុល្លារក្នុងឆ្នាំ ២០២២ នេះ ខណៈឆ្នាំ ២០២១ អង្គភាពនេះប្រមូលចំណូលបានជាង ២,៧ ពាន់លានដុល្លារស្មើនឹង ១២៤,០២ ភាគរយ លើសផែនការច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២១៕ LA