ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានកត់សម្គាល់ពីសារៈសំខាន់នៃការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ថា ជាកម្លាំងចលករមួយ ដើម្បីជំរុញប្រទេសកម្ពុជាក្នុងការបញ្ចប់ឋានៈប្រទេសអភិវឌ្ឍន៍តិចតួចរបស់ខ្លួននៅឆ្នាំ ២០២៨។
លោក ប៉ាន សូរស័ក្តិ បានធ្វើការអត្ថាធិប្បាយកាលពីថ្ងៃទី ១៤ ខែមីនា ក្នុងសិក្ខាសាលាស្តីពី «កិច្ចព្រមព្រៀង RCEP៖ ភាពពាក់ព័ន្ធ បញ្ហាប្រឈម និងកំណើនអនាគតនៃអាស៊ីបូព៌ា និងអាស៊ាន» ដែលបានរៀបចំរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម (TTRI) នៃក្រសួងពាណិជ្ជកម្ម។
លោកបានឱ្យដឹងថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ ជាការពិតណាស់សម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា កិច្ចព្រមព្រៀង RCEP មិនគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ ប៉ុន្តែគឺជាកាតាលីករក្នុងការជំរុញ ការស្ដារសេដ្ឋកិច្ចឡើងវិញក្នុងតំបន់ក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ ១៩។ កិច្ចព្រមព្រៀងនេះ ក៏ជាយន្តការដែលអាចជួយសង្គ្រោះតំបន់ទាំង ២ ក្នុងស្ថានភាពមិនប្រាកដប្រជាជាសកល រួមមានការជាប់គាំងនៃប្រព័ន្ធពហុភាគីនិយមនៅអង្គការពាណិជ្ជកម្មពិភពលោក WTO ការដាក់ចេញគោលនយោបាយគាំពារនិយមឯកតោភាគីនៃរដ្ឋមួយចំនួន និងផលប៉ះពាល់ជាសកលនៃវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោកថ្លែងថា៖ «សម្រាប់ប្រទេសកម្ពុជា កិច្ចព្រមព្រៀងបង្កើតជាវេទិកាផ្លូវច្បាប់ទំនើប ដែលជំរុញប្រទេសឱ្យបង្កើតកិច្ចព្រមព្រៀងសេរីបន្ថែមទៀត ដោយប្រើកិច្ចព្រមព្រៀង RCEP ជាគំរូ ឬកម្រិតកំណត់សេរីភាវូបនីយកម្ម និងធ្វើកំណែទម្រង់ជាច្រើន ធានារក្សាស្ដង់ដារបស់ខ្លួន ដែលអាចសមាមាត្រនឹងកម្រិតដែលកិច្ចព្រមព្រៀងនេះអាចទទួលយកបានរួមទាំងនៅផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ និងស្ថាប័ន»។
លោក ប៉ាន សូរស័ក្តិ បានបន្ថែមថា៖ «កិច្ចព្រមព្រៀងនេះ ក៏ជាកិច្ចអន្តរាគមន៍រយៈពេលវែងសម្រាប់ដំណើររបស់កម្ពុជានៅក្នុងការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់ខ្លួននៅឆ្នាំ ២០២៨ និងការខិតខំប្រឹងប្រែង ដែលគ្រោងទុករបស់ប្រទេស ដើម្បីសម្រេចបាននូវស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០»។
យោងតាមរបាយការណ៍ចុងក្រោយពីធនាគារពិភពលោក (WB) ចេញផ្សាយកាលពីចុងខែកុម្ភៈ កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ៣ នៃការបង្កើនប្រាក់ចំណូលសម្រាប់ប្រទេសពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បន្ទាប់ពីប្រទេសវៀតណាម និងម៉ាឡេស៊ី ខណៈការនាំចេញរបស់កម្ពុជានឹងមានកំណើនប្រមាណ ៦,៥ ភាគរយ ដោយជាប់លេខ ៣ បន្ទាប់ពីប្រទេសវៀតណាម ១១,៤ ភាគរយ និងជប៉ុន ៨,៩ ភាគរយ។
យោងតាមឯកសារស្រាវជ្រាវកម្រាស់ ៤៦ ទំព័រ កាលពីខែកុម្ភៈរបស់ធនាគារពិភពលោកដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃសុក្រក្រោមចំណងជើងថា៖ «ការលុបបំបាត់ផលប៉ះពាល់សេដ្ឋកិច្ច និងការចែកចាយនៃកិច្ចព្រមព្រៀង RCEP តាមសេណារីយោត្រឹមឆ្នាំ ២០៣៥ ដោយផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP ដែលត្រូវបានចុះហត្ថលេខាកាលពី ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយប្រទេសសមាជិកចំនួន ១៥ ហើយបានចូលជាធរមានកាលពីខែមករា ឆ្នាំ ២០២២ ថ្មីៗនេះ។ RCEP ក៏មានសក្តានុពលក្នុងការលើកកម្ពស់ជីវភាពប្រជាជន ២៧ លាននាក់បន្ថែមទៀតទៅជាប្រជាជនមានប្រាក់ចំណូលកណ្តាលមធ្យមត្រឹមឆ្នាំ ២០៣៥។
លោក សូរស័ក្តិ បញ្ជាក់ថា ក្នុងនាមជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតលើពិភពលោក កិច្ចព្រមព្រៀង RCEP ដែលមានសមាជិក ១៥ ប្រទេស មានផលិតផលក្នុងស្រុកសរុប ២៦,២ ពាន់ពាន់លានដុល្លារ ដែលតំណាងឱ្យប្រហែល ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក ២៨ ភាគរយនៃពាណិជ្ជកម្មពិភពលោក និង ៣២,៥ ភាគរយនៃការវិនិយោគសកល។
លើសពីនេះ យោងតាមការសិក្សារបស់វិទ្យាស្ថាន ERIA កម្ពុជាត្រៀមទទួលបានការកើនឡើង ៧,៣ ភាគរយក្នុងការនាំចេញ ២៣,៤ ភាគរយក្នុងការវិនិយោគ និង ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបពីការអនុវត្តកិច្ចព្រមព្រៀងនេះ ក្រោយចូលជាធរមានតាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។
លោកលើកឡើងថា៖ «ក្រៅពីនេះ កិច្ចព្រមព្រៀងនេះក៏បង្កើតឥទ្ធិពលជាវិជ្ជមានបន្ថែមទៀត រួមទាំងកាលានុវត្តភាពក្នុងការស្ដារកិច្ចអភិវឌ្ឍន៍ឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងបរិវត្តកម្មផ្នែករចនាសម្ព័ន្ធក្រោយការរីករាលដាលជំងឺកូវីដ ១៩ តាមរយៈការផ្ដល់ឱកាសការងារ ជំរុញការវិនិយោគ កាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការទទួលអត្ថប្រយោជន៍ប្រកបដោយបរិយាប័ន្នពីកិច្ចព្រមព្រៀងនេះ»។ លោកបន្តថា៖ «វាត្រូវរំពឹងថា កិច្ចព្រមព្រៀង RCEP នឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មក្នុងតំបន់ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ ១៩ និងការស្តារឡើងវិញក្រោយការរីករាលដាលជំងឺកូវីដ ១៩»៕ LA
វីដេអូ៖