ភ្នំពេញៈ តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតបានហក់ឡើងជាង ៥ ៣០០ រៀល ក្នុង ១ លីត្រចាប់ពីថ្ងៃទី ១៦ មីនា ដល់ថ្ងៃទី ៣១ មីនា ឆ្នាំ ២០២២ នេះ នៅលើទីផ្សារលក់រាយនៅកម្ពុជា។
តម្លៃប្រេងឥន្ធនៈចាប់ពីថ្ងៃទី ១៦ ដល់ ២៨ មីនា បានបន្តឡើងថ្លៃ ៥០០ រៀលបន្ថែមទៀតដោយកើនដល់តម្លៃ ៥ ៣០០ រៀល ក្នុង ១ លីត្រ សម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូតមានតម្លៃដូចគ្នា។ នេះបើតាមការជូនដំណឹងពីក្រសួងពាណិជ្ជកម្ម។
តម្លៃនេះបានបង្កឱ្យប្រជាពលរដ្ឋដែលប្រកបរបរក្នុងកិច្ចការដឹកជញ្ជូនដែលជាអ្នកប្រើប្រាស់ផ្ទាល់នូវប្រេងសាំងជាចាំបាច់មានក្តីបារម្ភចំពោះការបាត់បង់ប្រាក់ចំណូលដែលបានរងផលប៉ះពាល់ដោយសារការរីករាលជំងឺកូវីដ ១៩ អស់រយៈពេលជាង ២ ឆ្នាំ រួចទៅហើយ។
បើតាមការឱ្យដឹងពីប្រជាពលរដ្ឋអ្នកលក់ដូរតាមផ្ទះ អ្នកដឹកអីវ៉ាន់តាមអនឡាញ អ្នករត់ម៉ូតូឌុប អ្នករត់រ៉ឺម៉កកង់ ៣ និងអ្នកបើកបររថយន្តតាក់ស៊ីបានប្រាប់ថា នៅតាមតំបន់ជាយក្រុង និងតាមបណ្តាខេត្តមួយចំនួនប្រេងសាំងធម្មតាមានតម្លៃ ៥ ៥០០ រៀល ខណៈដែលស្ថានីយខ្លះអស់ប្រេងក្នុងស្តុកថែមទៀតផង។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក ប៉ែន សុវិជាតិ ធ្លាប់បានលើកឡើងថា ការឡើងថ្លៃនៃប្រេងឥន្ធនៈនេះ គឺជានិន្នាការរបស់ពិភពលោកដោយក្នុងនោះប្រេងអន្តរជាតិក៏មានការឡើងថ្លៃដូចគ្នា។តែលោកបញ្ជាក់ថា នៅពេលដែលតម្លៃប្រេងឡើងដល់កម្រិតមួយខ្ពស់ពេក ក្រសួងនឹងបើកកិច្ចប្រជុំបន្ទាន់មួយជាមួយវិស័យឯកជនពាក់ព័ន្ធ ដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហានេះ៕