ភ្នំពេញៈ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Gan Kim Yong បានអះអាងថា សិង្ហបុរីប្តេជ្ញាចិត្តជួយពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ និងសន្យាជួយគាំទ្រពេញលេញ ដើម្បីជួយកម្ពុជាឱ្យទទួលជោគជ័យនៅក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសកិច្ចប្រជុំចង្អៀតខាងមុខ។
ការលើកឡើងរបស់លោក Gan Kim Yong ធ្វើឡើងក្នុងអំឡុងពេលជួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជាតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ១៤ ខែមីនា ស្តីពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី និងជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២៨ (28th AEM Retreat) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៧ ខែមីនា នេះ។
លោក Gan Kim Yong បាននិយាយថា ប្រទេសសិង្ហបុរីប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជាឱ្យបានកាន់តែល្អ ព្រមទាំងចូលរួមគាំទ្រពេញលេញក្នុងការផ្តល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជាឱ្យទទួលជោគជ័យនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។
លោកថ្លែងថា៖ «សិង្ហបុរីប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយនឹងកម្ពុជាបន្ថែមទៀត និងជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២ និងអាទិភាពការងារប្រចាំឆ្នាំ ២០២២ ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២»។
ក្នុងជំនួបពិភាក្សានោះកម្ពុជា-សិង្ហបុរី ក៏បានផ្លាស់ប្ដូរយោបល់លើរបៀបវារៈមួយចំនួន ដែលគ្រោងនឹងលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំចង្អៀតនាថ្ងៃទី ១៦-១៧ ខែមីនា នេះផងដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីដល់កម្ពុជាដែលបច្ចុប្បន្នកំពុងកាន់តួនាទីជាប្រធានដឹកនាំអាស៊ាន និងកន្លងមកបានដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំលើកទី ១ នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កិច្ចប្រជុំលើកទី ៥៣ នៃរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។
អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា គិតមកដល់ត្រឹមឆ្នាំ ២០២២ កម្ពុជា-សិង្ហបុរី មានទំនាក់ទំនងការទូត និងពាណិជ្ជកម្មជាផ្លូវការជាមួយគ្នាជិត ៥៧ ឆ្នាំមកហើយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការផ្លាស់ប្តូរទំនិញ និងការចូលបណ្តាក់ទុនរបស់អ្នកវិនិយោគសិង្ហបុរីនៅកម្ពុជាបានបង្ហាញពីភាពវិជ្ជមានជាបន្តបន្ទាប់ ពិសេសចាប់ពីឆ្នាំ ២០១០។ លោកបន្តថា សិង្ហបុរី គឺជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងទាំងកម្រិតតំបន់ និងពិភពលោក ហេតុនេះការប្តេជ្ញាចូលរួមជួយគាំទ្រដល់ភាពរីកចម្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា គឺជាធាតុផ្សំដ៏សំខាន់ក្នុងការបង្កើតនូវកាលានុវត្តភាពថ្មីៗ ដើម្បីរួមចំណែកដល់សម្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៥ ខែមីនា ថា៖ «នេះជាការផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅមួយបន្ថែមទៀតដល់វិនិយោគិនបរទេស ពិសេសវិនិយោគិនសិង្ហបុរី ក្នុងការចូលមកបណ្តាក់ទុននៅកម្ពុជាពិសេសនៅក្នុងអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ តាមរយៈនេះវាក៏នឹងជួយពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកាន់តែច្រើនបន្ថែមទៀត»។
ជាទូទៅផលិតផលដែលកម្ពុជានាំទៅប្រទេសសិង្ហបុរីមានដូចជា ផលិតផលវាយនភណ្ឌ កសិកម្ម និងគ្រឿងអលង្ការ ជាដើម ចំណែកទំនិញដែលសិង្ហបុរីនាំមកកម្ពុជាមានដូចជា ប្រេងឥន្ធនៈ សម្ភារការិយាល័យ ភេសជ្ជៈ សារធាតុគីមីឧស្សាហកម្ម គ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិក។
យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្មកម្ពុជា ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២១ មានទឹកប្រាក់ជាង ៤ ៣៦៨,៨ លានដុល្លារ កើនឡើង ៥១,២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានចំនួន ២ ៨៨៨,២ លានដុល្លារ។
តួលេខបង្ហាញទៀតថា ក្នុងរយៈពេលខាងលើការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ១១២,៣ លានដុល្លារ ថយចុះ ៩៥,៤៧ ភាគរយ និងការនាំចូលពីសិង្ហបុរីវិញមានទឹកប្រាក់ជាង ៤ ២៥៦,៤៧ លានដុល្លារ កើនឡើង ៩៣៨,១២ ភាគរយ។
ទាក់ទងនឹងឱនភាពជញ្ជីងពាណិជ្ជកម្មខាងលើ លោក ហុង វណ្ណៈ អះអាងថា កម្ពុជាត្រូវតែខិតខំបន្ថែមទៀតក្នុងការធ្វើពិពិធធម្មផលិតផលនាំចេញរបស់ខ្លួន ដើម្បីបង្កើនសក្តានុពលនាំចេញ ក៏ដូចជាការកាត់បន្ថយឱនភាពជញ្ជីងពាណិជ្ជកម្មខាងលើផងដែរ។
ទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យដឹងថា គិតត្រឹមចុងឆមាសទី ១ ឆ្នាំ ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានទឹកប្រាក់សរុប ៣៩ ពាន់លានដុល្លារ ដោយមានអត្រាកំណើនមធ្យមប្រចាំឆ្នាំ ៩,៦ ភាគរយ។ ក្នុងចំណោមប្រទេសបណ្តាក់ទុននៅកម្ពុជាច្រើនជាងគេ គឺសិង្ហបុរីស្ថិតនៅលេខ ៤ ដោយមានប្រាក់ ២,៤ ពាន់លានដុល្លារស្មើ ៦,៤% នៃការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា៕ LA