សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបសហការជាមួយសហភាពសហព័ន្ធកម្ពុជាខេត្តនឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ ២០២២ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរនាពេលដ៏ខ្លីខាងមុខនេះ និងដើម្បីជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តឱ្យមានសកម្មភាពឡើងវិញ។
លោក ស៊ុន ចំណាន នាយករដ្ឋបាលខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៦ ខែមីនាថា សម្រាប់ការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ ២០២២ មិនជាធំដុំអ្វីទេ គឺខាងសហភាពសហព័ន្ធកម្ពុជាខេត្តជាអ្នករៀបចំ និងក៏មិនទាន់ដឹងថា មានល្បែង និងកម្មវិធីអ្វីខ្លះនៅឡើយទេ ព្រោះបច្ចុប្បន្នកំពុងរៀបចំ។
លោកបានបន្តថា ទោះរៀបចំសង្ក្រាន្ត ឬក៏មិនរៀបចំ ក៏ខេត្តសៀមរាបទទួលបានទេសចរច្រើនដែរ ព្រោះជាខេត្តទេសចរណ៍ ជាក់ស្តែងនៅពេលបុណ្យឆ្លងឆ្នាំសកលខេត្តទទួលបានភ្ញៀវទេសចរច្រើន។ ដូច្នេះក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ក៏នឹងមានភ្ញៀវទេសចរច្រើនដែរស្របពេលខេត្តក៏បានរៀបចំផ្លូវទាំង ៣៨ ខ្សែរួចរាល់ហើយ ដោយនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី ៤ ខែមេសា ខាងមុខ។
លោកថ្លែងថា៖ «អ៊ីចឹងវានឹងកើនឡើង ហើយភ្ញៀវទេសចរ។ ម្យ៉ាងបច្ចុប្បន្នខេត្តក៏មានភ្ញៀវទេសចរបរទេសជាហូរហែដែរ ដោយមានជើងហោះហើរពីថៃ និងសិង្ហបុរី។ តាមតួលេខដែលខ្ញុំទទួលបានផ្ទះសំណាក់ និងសណ្ឋាគារបានបើកដំណើរការឡើងវិញបានប្រមាណ ៨០ ទៅ ៩០ ភាគរយហើយ»។
លោក មូល សំនៀង បុគ្គលិកទទួលភ្ញៀវនៃសណ្ឋាគារ ភីឡាសៀមរាប និយាយថា ការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ ២០២២ ដើម្បីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺល្អសម្រាប់វិស័យទេសចរណ៍ និងអាជីវកម្មសណ្ឋាគារនៅក្នុងខេត្តសៀមរាប ខណៈបច្ចុប្បន្នសណ្ឋាគារ និងផ្ទះសំណាក់ មួយចំនួនធំមិនទទួលបានភ្ញៀវចូលស្នាក់នៅទេ។
លោកប្រាប់ថា៖ «ការរៀបចំព្រឹត្តិការណ៍នេះវាល្អ ព្រោះនៅពេលមានមនុស្សមកលេងច្រើន សណ្ឋាគារ និងផ្ទះសំណាក់នឹងមិនស្ងាត់ឡើយ»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានស្វាគមន៍ចំពោះការរៀបចំព្រឹត្តិការណ៍ ដោយលោកលើកឡើងថា ព្រឹត្តិការណ៍នេះនឹងជួយដល់ប្រជាពលរដ្ឋខេត្តសៀមរាបបង្កើនប្រាក់ចំណូលតាមរយៈការចំណាយរបស់ភ្ញៀវទេសចរ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ បើខេត្តដទៃទៀតអាចធ្វើបានដូចខេត្តសៀមរាប គឺជាការល្អ ព្រោះអាចជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកឱ្យរីកចម្រើនបានថែមមួយកម្រិតទៀត»៕ LA