ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងដើម្បីគាំទ្រដល់ក្រុមហ៊ុនកាត់ដេរ និងយីហោសម្លៀកបំពាក់ទាន់សម័យរបស់អឺរ៉ុបនៅកម្ពុជា។
MoU នេះ ធ្វើឡើងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីកម្ពុជា និងសហភាពអឺរ៉ុបបានសន្យាជាថ្មីថា នឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី បើទោះបីសេដ្ឋកិច្ចធ្លាក់ចុះដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។ MoU នេះបានចុះហត្ថលេខាកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ នៅវិទ្យាស្ថានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកាត់ដេរកម្ពុជា (CGTI) នៅរាជធានីភ្នំពេញ។
ស្ថិតក្រោម MoU នេះ EuroCham នឹងបង្កើតកម្មវិធីបណ្តុះបណ្តាលសាធារណៈជាមួយ CGTI ដែលផ្តោតលើប្រភពវាយនភណ្ឌប្រកបដោយនិរន្តរភាព សុវត្ថិភាព និងសុខភាពការងារ និងការអនុលោមតាមច្បាប់។
លោក គង់ សាង ប្រធាន GMAC បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាថា សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មសំខាន់។ ភាពជោគជ័យ និងកំណើននៃការនាំចេញដ៏ល្អនៃឧស្សាហកម្មរបស់កម្ពុជាអាចចាត់ទុកជាផ្នែកដ៏ធំ ចំពោះលទ្ធភាពចូលទីផ្សារអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបដែលត្រូវបានផ្តល់ឱ្យស្ថិតក្រោមគម្រោងអ្វីៗគ្រប់យ៉ាងលើកលែងសព្វាវុធ (EBA)។
លោកថ្លែងថា៖ «វាមានសារៈសំខាន់ក្នុងការទាញយកប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា តាមរយៈសក្តានុពលកំណើនកាន់តែច្រើន។ MoU ដែលចុះហត្ថលេខានេះគឺជាភាពជាដៃគូមួយដែលមិនអាចកាត់ថ្លៃបាននៅក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្មតាមរយៈការបង្កើនសមត្ថភាពក្នុងវិស័យជាច្រើន និងការពិភាក្សារួមគ្នា ដើម្បីផ្ដល់ឥទ្ធិពលលើគោលនយោបាយជាប់ពាក់ព័ន្ធ»។
លោក TassiloBrinzer ប្រធាន EuroCham Cambodia បានឱ្យដឹងថា EuroCham តំណាងឱ្យការច្របាច់បញ្ចូលគ្នាដ៏ល្អនៃម៉ាកយីហោសម្លៀកបំពាក់ទាន់សម័យឈានមុខគេរបស់អឺរ៉ុប ដែលដើរតួនាទីដ៏សំខាន់ក្នុងឧស្សាហកម្មកាត់ដេរ និងផលិតកម្មរបស់កម្ពុជា។
លោកនិយាយថា៖ «ដូច្នេះ មានការរួមសហការគ្នាយ៉ាងរឹងមាំនៅទូទាំងមូលដ្ឋានសមាជិកភាពរបស់យើង ដែលធ្វើឱ្យយើងក្លាយជាមហាអំណាចមួយ ដែលមានសមត្ថភាពជំរុញផលប្រយោជន៍នៃឧស្សាហកម្មនេះ និងអ្នកពាក់ព័ន្ធរបស់ខ្លួនឆ្ពោះទៅមុខ»។
លោកបានបន្តថា៖ «ការទទួលយកគំនិតផ្តួចផ្តើមថ្មីៗដូចជា ខ្សែចង្វាក់ផ្គត់ផ្គង់ ច្បាប់ត្រួតពិនិត្យឱ្យបានល្អិតល្អន់នៅក្នុងសហភាពអឺរ៉ុប ជាការពិតនឹងមានសារៈសំខាន់នៅក្នុងការបង្កើនឱកាសនាំចេញ។ យើងមានក្តីរីករាយដែល GMAC ជាអង្គការឧស្សាហកម្មដ៏សំខាន់ គឺជាដៃគូរបស់យើងក្នុងដំណើរដ៏សំខាន់នេះ។ យើងកំពុងរង់ចាំកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងដើម្បីបន្ថែមទស្សនវិស័យរបស់អឺរ៉ុបចំពោះឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជាកាន់តែទូលំទូលាយ»។
យោងតាមលោក គង់ សាង សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ចម្បងរបស់កម្ពុជា។ ក្នុងឆ្នាំ ២០២០ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងសហភាពអឺរ៉ុប មានទំហំទឹកប្រាក់ប្រមាណ ៤ ៣០០ លានដុល្លារ ហើយនៅក្នុងឆ្នាំ ២០២១ កើនដល់ ៤ ៥០០ លានដុល្លារ ដែលក្នុងនោះការនាំចេញសម្លៀកបំពាក់មាន ២ ២០៧ លានដុល្លារ ស្បែកជើង ៣៨៣ លានដុល្លារ និងផលិតផលធ្វើដំណើរមានទឹកប្រាក់ ៩៣ លានដុល្លារ សរុបមានចំនួន ២៦៨៣ លានដុល្លារ ដែលស្មើនឹងប្រមាណ ៦០ ភាគរយ នៃទំហំពាណិជ្ជកម្មសរុប។
លោកលើកឡើងថា៖ «ពិតណាស់ ភាពជោគជ័យ និងកំណើននាំចេញដ៏ល្អរបស់យើងមួយចំណែកធំគឺបានមកពីភាពអនុគ្រោះពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបសម្រាប់ការនាំចូលផលិតផលពីកម្ពុជា ដោយកម្ពុជាស្ថិតក្នុងស្ថានភាពជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។ វាជាកិច្ចការសំខាន់ណាស់ដែលកម្ពុជាត្រូវរក្សា និងពង្រឹងថែមទៀតនូវសមត្ថភាពប្រកួតប្រជែង ដើម្បីបន្តទាញយកប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាតាមរយៈសក្តានុពលនៃកំណើនការនាំចេញ៕ LA