ភ្នំពេញៈ ទឹកប្រាក់នៃការនាំចេញ- នាំចូលទំនិញរបស់ក្រុមហ៊ុន/សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) បានបង្ហាញពីសញ្ញាកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងនៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ ការនាំចេញ-នាំចូលមានទឹកប្រាក់សរុប ៤៣៧ លានដុល្លារកើនជិត ៤៣ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមទិន្នន័យដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបាន។
ទិន្នន័យឱ្យដឹងថា ក្នុងខែមករា និងកុម្ភៈ ឆ្នាំ ២០២២ ការនាំចេញ-នាំចូលទំនិញរបស់ក្រុមហ៊ុន/សហគ្រាសនៅក្នុង SSEZ មានចំនួន ៤៣៧ លានដុល្លារ កើនឡើង ៤២,៨១ ភាគរយ ពីចំនួន ៣០៦ លានដុល្លារ នារយៈពេលដូចគ្នាឆ្នាំ ២០២១។
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ដែលទើបបានចុះទៅពិនិត្យសកម្មភាពនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះបាននិយាយថា ក្រៅពីភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ និងនយោបាយមានស្ថិរភាពល្អ ប្រទេសកម្ពុជាក៏កិច្ចសហការផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចល្អជាមួយប្រទេសជាច្រើនលើពិភពលោកផងដែរ ជាពិសេសប្រទេសមានទីផ្សារធំៗដូចជា អាមេរិក ចិន សហគមន៍អឺរ៉ុប កូរ៉េ និងជប៉ុន។ លោកបន្តថា លក្ខណពិសេសមួយទៀតដែលធ្វើឱ្យសកម្មភាពនៃចង្វាក់ផលិតកម្មនៅ SSEZ មានដំណើរការល្អ គឺដោយសារកម្ពុជាអាចគ្រប់គ្រងបានការឆ្លងរាលដាលកូវីដ ១៩ បានល្អ ហើយយុទ្ធនាការចាក់វ៉ាក់សាំងក៏ទទួលបានជោគជ័យផងដែរ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៧ ខែមីនា ថា៖ «ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយប្រសិទ្ធភាព និងភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល ព្រមទាំងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសនានាលើពិភពលោកបានធ្វើឱ្យកម្ពុជាអាចរក្សាបាននូវលំនឹង និងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ពិសេសក្នុងដំណាក់កាលដ៏លំបាកនេះ។ ភាពវិជ្ជមានទាំងអស់នេះ ត្រូវបានបង្ហាញតាមរយៈកំណើនការនាំចេញផលិតផលជាបន្តបន្ទាប់របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ»។
យោងតាម លោក ឌីម៉ង់ នៅ SSEZ បច្ចុប្បន្នមានរោងចក្រ/សហគ្រាសជាង ៣០០ និងមានកម្មករបម្រើការចន្លោះពី ៨-១០ ម៉ឺននាក់។
លោកលើកឡើងថា បច្ចុប្បន្នមិនត្រឹមតែការផលិតរបស់ SSEZ កើនឡើងប៉ុណ្ណោះទេ សូម្បីតែសកម្មភាពដឹកជញ្ជូនទំនិញរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានកំណើនខ្ពស់ដែរ ខណៈកំពង់ផែបាននិងកំពុងដំណើរការអភិវឌ្ឍ និងពង្រីកសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា ទោះបីក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្ម និងសេដ្ឋកិច្ចគ្រប់ប្រទេសលើពិភពលោក ក៏សកម្មភាពនៃការបញ្ជាទិញ និងចង្វាក់ផលិតកម្មនៅ SSEZ មិនបានធ្លាក់ចុះឡើយ។ លោកបន្ថែមថា ភាពវិជ្ជមានទាំងនេះអាចបណ្តាលមកពីកត្តារួមផ្សំមួយចំនួនដូចជា ច្បាប់វិនិយោគកម្ពុជាមានលក្ខណៈអំណោយផល, ទំនុកចិត្តរបស់អ្នកវិនិយោគ, សម្បូរកម្លាំងពលកម្ម, អត្ថប្រយោជន៍ដែលអាចទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាសម្រេចបាន,(ទ្វេភាគី និងពហុភាគី)។
លោកនិយាយថា៖ «តាមការសង្កេតចំនួនទឹកប្រាក់នាំចេញ-នាំចូលរបស់ SSEZ បានកើនឡើងជាបន្តបន្ទាប់ ទោះក្នុងពេលស្ថានភាពនៃការឆ្លង-រាលដាលជំងឺកូវីដ ១៩ នៅលើពិភពលោកមិនទាន់បញ្ចប់ក៏ដោយ។ ចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត ពិសេសការនាំចេញទៅកាន់ប្រទេសជាសមាជិកនៃ RCEP»។
RCEP មានប្រទេសតំបន់អាស៊ានទាំង ១០ ជាសមាជិក និងប្រទេស ៥ ទៀតរួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
យោងតាម SSEZ ក្នុងឆ្នាំ ២០២១ ទឹកប្រាក់នាំចូល-នាំចេញទំនិញ ក្នុង SSEZ មានតម្លៃសរុប ២ ២៣៤ លានដុល្លារ កើនឡើង ៤២,៧៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២០។
គិតត្រឹមឆ្នាំ ២០២១ តំបន់សេដ្ឋកិច្ចពិសេសដែលត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសកម្ពុជា មានចំនួនសរុប ៣៩។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕ LA