ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ នៅថ្ងៃទី២១ ខែ មីនា ខាងមុខនេះ ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យនេះស្របតាមបរិការណ៍កម្ពុជា។
យោងតាមសេចក្តីជូនដំណឹង ក្រសួងសេដ្ឋកិច្ច ដែលបានចេញកាលពីថ្ងៃទី ១៧ ខែមីនា បានបង្ហាញថា ការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរនេះ នឹងមានការចូលរួមពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ដៃគូ អភិវឌ្ឍន៍, សង្គមស៊ីវិល, សមាគមធុរកិច្ច និងវិស័យឯកជន តាមប្រព័ន្ធ វីដេអូពីចម្ងាយ។
ក្នុងលិខិតដដែលនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានពិនិត្យឃើញពីសារៈសំខាន់ និងភាពចាំបាច់ ក្នុងការរៀបចំ និងដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» សំដៅកំណត់នូវ ចក្ខុវិស័យរួម គោលបំណង គោលដៅ និងវិធានការជាយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យនេះស្របតាមបរិការណ៍កម្ពុជាដែលស្ថិតក្នុងស្ថានភាពទ្វេទិស មានទាំងបញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងពិភពលោក។
ជាមួយគ្នានេះដែរ ចក្ខុវិស័យនៃយុទ្ធសាស្ត្រ គឺការអភិវឌ្ឍវិស័យនេះ ឱ្យទៅជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើ ផលិតផលថ្លៃខ្ពស់ និងមានលក្ខណពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច។
នៅក្នុងវេទិកាសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២ កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យកាត់ដេរជាវិស័យចន្ទល់សេដ្ឋកិច្ចសំខាន់សម្រាប់កម្ពុជា ដូចនេះ ចាប់តាំងពីឆ្នាំ២០២០មក ក្រសួងមានការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ។
លោកបានបន្ថែមថា នៅក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ តម្លៃបន្ថែមនៅក្នុងវិស័យកាត់ដេរ គឺស្ថិតនៅទាបនៅឡើយ ព្រោះទំនិញដែលកម្ពុជាផលិត នៅមានលក្ខណៈសាមញ្ញ ដូចនេះដើម្បីឱ្យវិស័យនេះ ទទួលបានតម្លៃខ្ពស់ ហើយអាចផលិតទំនិញល្អប្រសើរជាងមុនបាន ដែលសុទ្ធសឹងតែត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រនេះ។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានប្រាប់ថា យុទ្ធសាស្ត្រនេះ នឹងជំរុញនិងលើកទឹកចិត្តដល់អ្នកវិនិយោគបន្ថែមទៀត នៅក្នុងវិស័យកាត់ដេរស្បែកជើងនៅកម្ពុជា ខណៈដែលច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា នឹងជំរុញកំណើននៃការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរទៅក្រៅប្រទេស៕