ភ្នំពេញៈ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោកបានប្តេជ្ញាថា នឹងនាំចូលអង្ករពីកម្ពុជាឱ្យបានកាន់តែច្រើន និងបើកទូលាយសម្រាប់ការនាំចូលផលិតផលកសិកម្មផ្សេងៗទៀត សំដៅធ្វើយ៉ាងណាជំរុញការដោះដូរទំនិញរវាងប្រទេសទាំង ២ ក្រោយពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានចូលជាធរមានកាលពីពេលថ្មីៗនេះ។
លោក ស៊ី ជីនភីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនបានធ្វើការប្តេជ្ញាចិត្តនេះនៅក្នុងជំនួបពិភាក្សាការងារទៅលើចំណុចជាច្រើននៅលក្ខណៈទ្វេភាគីតំបន់ និងបញ្ហារបស់ពិភពលោកតាមទូរស័ព្ទជាមួយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២ នេះ។
លោកថា បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនបានចូលជាធរមាន ដូច្នេះចិននឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិតផលកសិកម្មមួយចំនួនទៀត ដូចជាផ្លែ ចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកបានថ្លែងថា៖ «កម្ពុជាត្រូវប្រើប្រាស់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជាឱ្យបានល្អប្រសើរ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ភាគីចិននឹងបង្កើនការនាំចូលកសិផលគុណភាពខ្ពស់របស់កម្ពុជា បង្កើតកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនបន្ថែមទៀតជាមួយភាគីកម្ពុជា»។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន កើនឡើងយ៉ាងឆាប់រហ័ស ហើយគម្រោងកសាងធំៗនៅក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ត្រូវបានដំណើរការយ៉ាងរលូន ដែលនេះបង្ហាញយ៉ាងច្បាស់អំពីសមិទ្ធផលនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន ព្រមទាំងបញ្ជាក់យ៉ាងច្បាស់អំពីកម្ពុជា និងចិន គឺជាបងប្អូនដែកថែបយ៉ាងពិតប្រាកដ។
លោកបញ្ជាក់ថា៖ «ភាគីកម្ពុជារីករាយចាប់យកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ នៅឆ្នាំក្រោយជាឱកាស ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងមនុស្សសាស្ត្រ ជាដើមឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ឱ្យឈានដល់កម្រិតថ្មីមួយទៀត»។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២០ ខែមីនាថា ជាមួយការប្តេជ្ញាចិត្តដែលធ្វើឡើងដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន នឹងក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារយក្សនៅអាស៊ីមួយនេះ។
លោកបានថ្លែងថា៖ «សហព័ន្ធស្រូវអង្ករមានការរីករាយនិងសាទរចំពោះរឿងដ៏វិជ្ជមានសម្រាប់វិស័យស្រូវអង្ករយើងដែលថ្នាក់ដឹកនាំទាំង ២ បានពិភាក្សាគ្នាតាមទូរស័ព្ទកន្លងមកនេះ។ ការណ៍នេះបង្ហាញអំពីចំណងមិត្តភាពដ៏រឹងមាំចំពោះវិស័យសេដ្ឋកិច្ចដែលនឹងជះឥទ្ធិពលវិជ្ជមានដល់វិស័យស្រូវអង្ករកម្ពុជាយើង»។
បើយោងតាមលោក សារ៉ន ក្នុងរយៈពេល ២ ខែ កំណើនការនាំចេញអង្ករពីកម្ពុជាទៅចិនកើនឡើងជាង ៥៦ ភាគរយ បើប្រៀបធៀបទៅ ២ ខែដូចគ្នាក្នុងឆ្នាំ ២០២១។ មកទល់ពេលនេះលោកថា កម្ពុជាបានសម្រេចនៃការនាំចេញបានជាង ២២ ភាគរយនៃកូតាឆ្នាំ ២០២២ នេះ គឺយើងបាននាំចេញជាង ១២ ម៉ឺនតោនរួចហើយ។
លោកបញ្ជាក់ថា៖ «បើយោងតាមបរិមាណនេះ យើងអាចនិយាយថា សម្រាប់ MoU ជាមួយភាគីចិន ដែលអនុញ្ញាតឱ្យយើងអាចធ្វើការនាំចេញបាន ៤០ ម៉ឺនតោន នឹងសម្រេចទៅតាមផែនការនៅត្រឹមខែ ១២ ឆ្នាំ ២០២២ នេះ។ នេះសបញ្ជាក់ថា ភាគីចិនមានឆន្ទៈក្នុងការផ្សព្វផ្សាយអង្ករយើងទៅកាន់ទីផ្សារចិន និងមួយទៀត គឺប្រជាពលរដ្ឋចិនមានការយល់ដឹងច្រើនអំពីគុណភាព និងស្តង់ដាគុណភាពរបស់អង្ករកម្ពុជា លើសពីនោះទៅទៀត គឺវិស័យឯកជនចិនក៏បានជួយទិញអង្ករកម្ពុជាយើងច្រើន»។
តាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទឹកប្រាក់ជិត ៨ ពាន់លានដុល្លារ កើន ៣៨,៣៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០៕ LA