ភ្នំពេញៈ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងបច្ចេកទេសរវាងកម្ពុជា-កាតា នឹងផ្តល់ភាពវិជ្ជមានជាច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសការពង្រីកទីផ្សារនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ា ព្រមទាំងអាចទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរតំបន់មជ្ឈិមបូព៌ាឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើន។ នេះបើយោងតាមក្រុមអ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៦ ខែមីនា បានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើខ្លឹមសារ និងពន្លឿនការបញ្ចប់សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងបច្ចេកទេសរវាងកម្ពុជា-កាតា ជាមួយតំណាងក្រសួងស្ថាប័នពាក់ព័ន្ធសរុប ១២ ស្ថាប័ន។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំកិច្ចប្រជុំខាងលើបានលើកឡើងថា សេចក្ដីព្រាងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងបច្ចេកទេសរវាងកម្ពុជា-កាតា ត្រូវបានឆ្លងកាត់ការចរចា និងការត្រួតពិនិត្យកម្រិតអន្តរក្រសួង ទាំងកម្រិតបច្ចេកទេសច្រើនដងរួចមក ហើយភាគីទាំង ២ (កម្ពុជា-កាតា) បានឯកភាពស្ទើរទាំងស្រុងទៅលើខ្លឹមសារនៃសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះរួចហើយដែរ។
លោកថ្លែងថា៖ «កម្ពុជាកំពុងពន្លឿនបញ្ចប់សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងខាងលើ ដើម្បីអាចឈានដល់ការចុះហត្ថលេខា នាពេលវេលាសមស្រប»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២០ ខែមីនាថា បន្ថែមលើកិច្ចសហប្រតិបត្តិការដែលប្រទេសទាំង ២ កំពុងមានតាមរយៈការភ្ជាប់ជើងហោះហើរ (Qatar Airways) ការពន្លឿនការបញ្ចប់សេចក្ដីព្រាងនេះនឹងជួយកម្ពុជាឱ្យទទួលបានផលប្រយោជន៍ជាច្រើន។ ការពង្រីកកិច្ចសហប្រតិបត្តិការនេះ នឹងមិនត្រឹមតែជាការពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប្រៀបដូចជាការពង្រីកទីផ្សារកម្ពុជាទៅតំបន់មជ្ឈិមបូព៌ាដែលសុទ្ធសឹងជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន។
លោកបញ្ជាក់ថា៖ «ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកាតា គឺជាការពង្រឹងសមត្ថភាពថ្មីមួយទៀតរបស់កម្ពុជា ដើម្បីកាត់បន្ថយលើការពឹងផ្អែកលើទីផ្សារដែលកម្ពុជាកំពុងមានតាមរយៈការប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗមានដូចជា GSP និង EBA ជាដើម។ ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មមានន័យថា ការបើកទីផ្សារនាំចេញផលិតផលកម្ពុជា»។
យោងតាមលោក លឹម ហេង កម្ពុជាកំពុងនាំចេញផលិតផលមួយចំនួនទៅប្រទេសកាតា មានដូចជា ផលិតផលវាយនភណ្ឌ កសិកម្ម និងអាហារហាឡាល់ជាដើម។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បាននិយាយថា ការហោះហើរផ្ទាល់របស់ក្រុមហ៊ុន Qatar Airways មករាជធានីភ្នំពេញបានផ្តល់ផលវិជ្ជមានជាច្រើនសម្រាប់វិស័យទេសចរណ៍កម្ពុជា ខណៈភ្ញៀវមកពីតំបន់មជ្ឈិមបូព៌ា គឺជាភ្ញៀវដែលមានសក្តានុពល និងចំណាយច្រើន។
លោកបានបន្តថា ទោះយ៉ាងណាដើម្បីឱ្យកម្ពុជាកាន់តែមានសក្តានុពលទាក់ទាញទេសចរ និងអ្នកវិនិយោគពីតំបន់មជ្ឈិមបូព៌ា កម្ពុជាចាំបាច់ត្រូវតែរៀបចំសេវាទទួលអ្នកទាំងនោះក្នុងកម្រិតខ្ពស់ជាងពេលបច្ចុប្បន្ន ដែលមានដូចជា កន្លែងស្នាក់នៅ កន្លែងទទួលទាន (អាហារហាឡាល់) និងកន្លែងថ្វាយបង្គំព្រះជាដើម។
លោកលើកឡើងថា៖ «វិស័យទេសចរណ៍កម្ពុជា ត្រូវការការរៀបចំបន្ថែមទៀតទាំងចំនួនទីតាំង និងគុណភាព (កម្រិតខ្ពស់) ក្នុងការទទួលភ្ញៀវមកពីប្រទេសកាតា និងតំបន់មជ្ឈិមបូព៌ាឱ្យបានកាន់តែច្រើន»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា កាតា គឺជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងប្រជាជនមានប្រាក់ចំណូលខ្ពស់ ហេតុនេះប្រសិនបើកម្ពុជាអាចបង្កើនបានកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយនោះ វានឹងជួយឱ្យកម្ពុជាទទួលបានផលចំណេញពីការនាំចេញទំនិញ និងភ្ញៀវទេសចរជាច្រើន។ លោកបានបន្ថែមថា ម្យ៉ាងទៀតដោយសារប្រទេសកាតា មានជំនាញលើវិស័យប្រេងឧស្ម័នច្រើន ដូច្នេះជាការប្រសើរណាស់ប្រសិនបើកម្ពុជាអាចទាក់ទាញវិនិយោគិនកាតាឱ្យចូលមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាលើវិស័យនេះ។
បើយោងតាមលោក សុវិជាតិ សេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងបច្ចេកទេសរវាងកម្ពុជា និងកាតា បានបញ្ចូលកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពសំខាន់ៗដូចជា វិស័យពាណិជ្ជកម្ម, ពន្ធគយ, វិនិយោគ, ឧស្សាហកម្ម, កសិកម្ម, ទូរគមនាគមន៍, រ៉ែ និងថាមពល, វិទ្យាសាស្ត្រ, ទេសចរណ៍, និងការដឹកជញ្ជូន។ កិច្ចព្រមព្រៀងនេះនឹងផ្តល់នូវមូលដ្ឋានគតិយុត្តជាសារវន្តសម្រាប់កាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងកាតា នាពេលអនាគត សំដៅបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ៕ LA