ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ នៅថ្ងៃទី ២១ ខែមីនានេះ ដើម្បីបន្តពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យនេះស្របតាមបរិការណ៍ថ្មី។
យោងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី ១៧ ខែមីនា បង្ហាញថា ពិធីដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរនឹងមានការចូលរួមពីលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, សមាគមធុរកិច្ច និងវិស័យឯកជនតាមប្រព័ន្ធវីដេអូ។
លិខិតដដែលបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានពិនិត្យឃើញពីសារៈសំខាន់ និងភាពចាំបាច់ក្នុងការរៀបចំ និងដាក់ឱ្យអនុវត្ត«យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» សំដៅកំណត់នូវចក្ខុវិស័យរួម គោលបំណង គោលដៅ និងវិធានការជាយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យនេះស្របតាមបរិការណ៍កម្ពុជាដែលស្ថិតក្នុងស្ថានភាពទ្វេទិស មានទាំងបញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងឆ្លើយតបនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងពិភពលោក។
ជាមួយគ្នានេះដែរ ចក្ខុវិស័យនៃយុទ្ធសាស្ត្រ គឺការអភិវឌ្ឍវិស័យនេះឱ្យទៅជាឧស្សាហកម្ម ដែលមានចីរភាព បរិស្ថានមានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ច។
ក្នុងវេទិកាសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២២ កាលថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២២ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យកាត់ដេរជាវិស័យចន្ទល់សេដ្ឋកិច្ចសំខាន់សម្រាប់កម្ពុជា ដូចនេះចាប់តាំងពីឆ្នាំ ២០២០ មក ក្រសួងបានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ។
លោកបន្ថែមថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ តម្លៃបន្ថែមនៅក្នុងវិស័យកាត់ដេរ គឺស្ថិតនៅទាបនៅឡើយ ព្រោះទំនិញដែលកម្ពុជាផលិត នៅមានលក្ខណៈសាមញ្ញ ដូច្នេះដើម្បីឱ្យវិស័យនេះទទួលបានតម្លៃខ្ពស់ ហើយអាចផលិតទំនិញល្អប្រសើរជាងមុនបាន ដែលសុទ្ធសឹងត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រនេះ។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាបានប្រាប់ថា យុទ្ធសាស្ត្រនេះនឹងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគបន្ថែមទៀតនៅក្នុងវិស័យកាត់ដេរស្បែកជើងនៅកម្ពុជា ខណៈច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានានឹងជំរុញកំណើនការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរទៅក្រៅប្រទេស៕ LA