ភ្នំពេញៈ ការផ្លាស់ប្តូរទំនិញទ្វេភាគីរវាងកម្ពុជា-កូរ៉េ នៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ មានទឹកប្រាក់ជាង ១៩៥ លានដុល្លារ កើនជាង ២២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈការនាំចូលពីប្រទេសកូរ៉េបានហក់ឡើងរហូតដល់ជិត ៤០ ភាគរយ។ នេះបើយោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។
ទិន្នន័យ Kita កាលពីចុងសប្តាហ៍មុនឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២២ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ១៩៥,១២ លានដុល្លារ កើនពីចំនួន ១៥៨,៩៤ លានដុល្លារ នារយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ឬស្មើនឹងកំណើន ២២,៧៦ ភាគរយ។ ក្នុងនោះការនាំទំនិញពីប្រទេសកូរ៉េ មកកម្ពុជាមានទឹកប្រាក់ ១៣០,៥៧ លានដុល្លារ កើន ៣៩,១ ភាគរយពីចំនួន ៩៣,៩០ លានដុល្លារ និងការនាំទំនិញពីកម្ពុជាទៅទីផ្សារកូរ៉េ មានទឹកប្រាក់ ៦៤,៥៥ លានដុល្លារ ធ្លាក់ចុះ -០,៨ ភាគរយ ពីចំនួន ៦៥,០៥ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ប្រទេសកម្ពុជា និងកូរ៉េ ក្រៅពីមានកិច្ចសហប្រតិបត្តិការល្អផ្នែកនយោបាយ និងពាណិជ្ជកម្ម កម្ពុជាក៏មានពលករខ្លួនជាច្រើននាក់កំពុងបម្រើការនៅប្រទេសកូរ៉េផងដែរ។ ទំនាក់ទំនងទាំងនេះបានធ្វើឱ្យកំណើននៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ កើនឡើងជាលំដាប់ ពិសេសចាប់ពីឆ្នាំ ២០២២ នេះតទៅ។ លោកបន្តថា ក្រៅពីការវិនិយោគរបស់ជនជាតិកូរ៉េ ដែលកំពុងមានភាគច្រើននៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ ការវិនិយោគលើវិស័យផ្សេងៗទៀតពិសេសវិស័យកសិកម្មត្រូវរំពឹងថា នឹងមានកំណើនខ្ពស់ចាប់ពីពេលនេះតទៅ។
លោកបានបន្តថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានន័យការចរាចរទំនិញរវាងប្រទេសជាដៃគូនឹងមានភាពងាយស្រួលជាងមុន ហើយក៏អាចមានលក្ខខណ្ឌនៃការលើកលែងពន្ធមួយចំនួនដែរ ដូច្នេះកម្ពុជាដែលជាប្រទេសមានកម្លាំងពលកម្មសម្បូរបែប នឹងអាចទទួលបានអត្ថប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ»។
បើតាមលោក លឹម ហេង ទំនិញសំខាន់ៗដែលកម្ពុជានាំទៅទីផ្សារកូរ៉េមានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និងផលិតផលកសិកម្ម។ ចំណែកផលិតផលដែលកម្ពុជានាំចូលមកវិញរួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិក ជាដើម។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ២១ ខែមីនាថា ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា កូរ៉េ បានបន្តកើនឡើងជាលំដាប់បើទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពល្អប្រសើរដូចមុនពេលមានវិបត្តិជំងឺកូវីដ ១៩ និងវិស័យដឹកជញ្ជូននៅមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។ លោកបន្តថា សម្រាប់រយៈពេលទៅមុខ ទំហំទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងមានកម្រិតខ្ពស់បន្ថែមទៀត ព្រោះក្រៅពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលប្រទេសកម្ពុជា និងកូរ៉េ ជាសមាជិកបានចូលជាធរមានកាលពីដើមឆ្នាំ ២០២២ កម្ពុជា-កូរ៉េ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នាដែលរំពឹងចូលជាធរមានក្នុងឆ្នាំ ២០២២ នេះផងដែរ។
លោកបញ្ជាក់ថា៖ «ភាពវិជ្ជមាននេះនឹងកើតមានជាបន្តទៀត ពិសេសការចូលជាធរមាននៃ CKFTA ក្នុងពេលឆាប់ៗនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យមានសម្ទុះយ៉ាងខ្លាំង»។
ទោះយ៉ាងណា ជាមួយនឹងទិន្នន័យដែលបង្ហាញពីឱនភាពជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជា (ទឹកប្រាក់នាំចេញទាបជាងនាំចូល) លោក វណ្ណៈ បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម CKFTA នឹងអាចជួយឱ្យសកម្មភាពនៃការនាំចេញទំនិញពីកម្ពុជាទៅប្រទេសកូរ៉េកើនឡើង ព្រោះភាពអនុគ្រោះនៃលក្ខខណ្ឌកិច្ចព្រមព្រៀង នឹងជួយទាក់ទាញអ្នកវិនិយោគបរទេស ព្រមទាំងជនជាតិកូរ៉េ ឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ដើម្បីផលិតផលិតផលនាំចេញទៅទីផ្សារកូរ៉េវិញ។
លោកថ្លែងថា៖ «ខ្ញុំគិតថា CKFTA នឹងជួយកាត់បន្ថយគម្លាតនៃជញ្ជីងពាណិជ្ជកម្មខាងលើបានយ៉ាងច្រើន ព្រោះកត្តាភូមិសាស្ត្រ ច្បាប់វិនិយោគ និងកត្តាកម្លាំងពលកម្មសម្បូរបែប នឹងទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារកូរ៉េកាន់តែច្រើនក្នុងពេលឆាប់ៗ»។
ក្រសួងពាណិជ្ជកម្ម ធ្លាប់បានឱ្យដឹងថា កិច្ចព្រមព្រៀង CKFTA នឹងផ្តល់ការរួចពន្ធដល់ទំនិញកម្ពុជាជាង ១ ម៉ឺនមុខទៅកាន់ទីផ្សារកូរ៉េ។
ក្នុងឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងភាគីទាំង ២ មានទឹកប្រាក់សរុប ៩៥៦,១៣ លានដុល្លារ កើនឡើង ៨ ភាគរយបើធៀបឆ្នាំ ២០២០ ដែលមាន ៨៨៥,៣២ លានដុល្លារ។ នេះបើតាមទិន្នន័យ Kita៕ LA