ភ្នំពេញៈ វិស័យឯកជនបានអះអាងថា ការនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិនដោយផ្ទាល់ និងតាមច្រកវៀតណាម កំពុងតែជួបបញ្ហាប្រឈមខ្លាំង ដោយសារការរីករាលជាថ្មីនៃមេរោគកូវីដ ១៩ ក្នុងប្រទេសចិន និងការប្រកួតប្រជែងតម្លៃខ្លាំងជាមួយប្រទេសជិតខាង។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេមបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២២ ខែមីនាថា ការនាំចេញស្វាយកំពុងជួបបញ្ហាដោយសារវិធានការបិទខ្ទប់របស់ប្រទេសចិន បានធ្វើឱ្យស្វាយស្រស់របស់កម្ពុជា និងប្រទេសដទៃទៀតកកស្ទះនៅកំពង់ផែ ខណៈតម្លៃវិញក៏ធ្លាក់ចុះខ្លាំងដែរ។ លោកបន្ថែមថា សម្រាប់ការនាំចេញស្វាយស្រស់ទៅតាមវៀតណាម គឺបានផ្អាក ដោយសារការបិទច្រកព្រំដែនរវាងចិន និងវៀតណាម ខណៈស្វាយនាំចេញត្រង់ទៅប្រទេសចិនបានកកស្ទះដោយសារតែកំពង់ផែភាគច្រើនត្រូវបានផ្អាក ព្រោះការផ្ទុះឡើងវិញនៃមេរោគកូវីដ ១៩ ទើបបណ្តាលឱ្យការបញ្ជាទិញធ្លាក់ចុះ ព្រោះផ្សារមួយចំនួនត្រូវបានបិទខ្ទប់។
លោកថ្លែងថា៖ «បញ្ហាប្រឈមមួយទៀត គឺដល់ពេលប្រទេសជិតខាងប្រមូលផលស្វាយដែរ ដូចនេះមានការប្រកួតប្រជែងតម្លៃខ្លាំង។ ចំពោះបញ្ហានេះ ខ្ញុំគិតថាវាកើតតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ទោះយ៉ាងណាយើងត្រូវតែពង្រឹងរៀបចំឡើងវិញ ធ្វើយ៉ាងណាដើម្បីឱ្យស្វាយយើងមានស្តង់ដាខ្ពស់ មានរោងចក្រលាងសម្អាត វេចខ្ចប់ និងប្រព្រឹត្តិកម្មទឹកក្តៅ ដើម្បីសម្លាប់ពងរុយ។ មួយទៀតការឡើងថ្លៃនៃធាតុចូលកសិកម្ម ក៏ជាបញ្ហាប្រឈមមួយសម្រាប់ការនាំចេញស្វាយស្រស់នេះដែរ»។
ទោះយ៉ាងណាលោកអះអាងថា ការនាំចេញស្វាយទៅប្រទេសចិននៅតែអាចដំណើរការបានគ្រាន់តែមានចំនួនតិចតួចប៉ុណ្ណោះ។ មិនត្រឹមតែកម្ពុជាទេ ប្រទេសវៀតណាមក៏ជួបបញ្ហានេះដែរ ព្រោះជាពេលវេលាដ៏លំបាក។ លោកបន្តថា បើសិនអាច គេគួរមានយន្តការ ដើម្បីរៀបចំប្រមូលកែច្នៃជាតំណាប់ ឬទឹកស៊ីរ៉ូសម្រាប់រយៈពេលវែង ឬមធ្យមនាពេលអនាគត។
ក្រុមហ៊ុនអង្គរហ្គ្រីន ក៏កំពុងជួបបញ្ហាស្រដៀងគ្នានេះដែរ ដោយ លោក វណ្ណ ឫទ្ធី នាយកប្រតិបត្តិនាយកដ្ឋាននាំចេញនៃក្រុមហ៊ុននេះបានប្រាប់ថា ចាប់តាំងពីខែតុលា ឆ្នាំ ២០២១ មកក្រុមហ៊ុនលោកមិនបាននាំស្វាយចេញទៅប្រទេសចិនទេ ដោយបាននាំទៅប្រទេសវៀតណាម និងថៃប៉ុណ្ណោះ។
លោកបន្ថែមថា កន្លងទៅ ក្រុមហ៊ុនបាននាំចេញស្វាយស្រស់ទៅប្រទេសចិនតាមរយៈវៀតណាម ប៉ុន្តែក្រោយមានការបិទច្រកព្រំដែនរវាងប្រទេសទាំង ២ ដោយបញ្ហាកូវីដ ១៩ ក្រុមហ៊ុនមិនអាចនាំស្វាយទៅចិនបានទេ។ ការនាំចេញដោយផ្ទាល់ជួបការលំបាកច្រើន ចំពោះមធ្យោបាយដឹកជញ្ជូន។
លោកបញ្ជាក់ថា៖ «ចំពោះការនាំចេញទៅចិនផ្ទាល់ យើងជួបការលំបាកច្រើនដូចជាកង្វះទូកុងតឺន័រ ពិបាកកក់ ហើយបញ្ហាកូវីដនៅចិនមិនទាន់ធូរស្រាលនៅឡើយ។ ការលក់របស់យើងដើមឆ្នាំនេះធ្លាក់ចុះ ៧០ ភាគរយបើធៀបនឹងឆ្នាំមុន»។
ចំពោះបញ្ហានេះ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មក្នុងកិច្ចពិភាក្សាជាមួយវិស័យឯកជនស្តីពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងខ្សែចង្វាក់ផលិតកម្មដំណាំ និងការនាំចេញក្នុងថ្ងៃទី ២២ ខែមីនា បានថ្លែងថា លោកគាំទ្រចំពោះការលើកឡើងរបស់វិស័យឯកជនពីបញ្ហាការនាំចេញស្វាយស្រស់នេះ ជាពិសេសបញ្ហាធាតុចូលកសិកម្ម។
លោកបន្ថែមថា តម្លៃស្វាយស្រស់នឹងមានបញ្ហានៅពេលការប្រមូលផលស្វាយក្នុងរដូវតែមួយជាមួយប្រទេសជិតខាងកម្ពុជា ដោយលោកជំរុញឱ្យកសិករ និងវិស័យឯកជនជំរុញការដាំដុះស្វាយខុសរដូវវិញ។
លោកនិយាយថា៖ «ក្រសួងកសិកម្ម បានសហការជាមួយក្រុមហ៊ុនឯកជនក្នុងស្រុក ដើម្បីកៀរគរអ្នកវិនិយោគធ្វើយ៉ាងណាទាក់ទាញពួកគេឱ្យបោះទុនលើផ្នែកកែច្នៃ និងរោងចក្រលាងសម្អាតឱ្យបានច្រើន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ ពេលប្រមូលផលស្វាយ»។
របាយការណ៍ក្រសួងកសិកម្មបង្ហាញថា ក្នុងឆ្នាំ ២០២១ ការនាំចេញស្វាយស្រស់ និងផលិតផលពីផ្លែស្វាយមានបរិមាណសរុប ២៦៥ ២២៩,៧៦ តោនដោយក្នុងនោះផ្លែស្វាយស្រស់មាន ២៤២ ៤៨៣,៧៦ តោន កើនឡើង ១៤៨,៣៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ទីផ្សារវៀតណាមស្រូបយកផលិតផលផ្លែស្វាយស្រស់ច្រើនជាងគេ ដោយមាន ១៩៩ ០៧៧,៣៨ តោន, ថៃ ៣៨ ៤១៩,២៨ តោន, ចិន ៤៧៧១ តោន, និងប្រទេសកូរ៉េ ១៤៩,១១ តោន៕ LA