ភ្នំពេញៈ ស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់ឈានមុខគេរបស់កម្ពុជា បានចាប់ផ្ដើមដំណើរការសាងសង់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយមានសមត្ថភាពបំពេញកង្វះខាត ២៥ ភាគរយរបស់ប្រទេស។
គម្រោងដែលបានដំណើរការសាងសង់កាលពីថ្ងៃទី ២២ ខែមីនា គឺជា ការវិនិយោគរបស់ក្រុមហ៊ុន Private Infrastructure Development Group Company InfraCo Asia តាមរយៈក្រុមហ៊ុនក្នុងស្រុក Khmer Cold Chain Company Limited (KCCC) និងកំពង់ផែស្វយ័តភ្នំពេញ។
លោក Allard Nooy អគ្គនាយកក្រុមហ៊ុន InfraCo Asia បានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានសាងសង់ថា គម្រោងឃ្លាំងត្រជាក់ខេត្តកណ្តាល គឺជាគំនិតផ្តួចផ្តើមដោយក្រុមហ៊ុន InfraCo Asia តាមរយៈក្រុមហ៊ុន Khmer Cold Chain។ គម្រោងនេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Infunde Development ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ InfraCo Asia សម្រាប់អាស៊ីអាគ្នេយ៍។ ស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់នេះមានទីតាំងផ្ទេរទំនិញ ៥០ ហ្វ៊ីត។
លោក Allard បញ្ជាក់ថា៖ «ឃ្លាំងស្តុកទំនិញត្រជាក់ និងស្ថានីយផ្ទេរទំនិញដែលចាប់ផ្តើមសាងសង់នៅថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបម្រើដល់ឧស្សាហកម្មកម្ពុជា រួមទាំងកសិករ អាជីវកម្មកសិកម្ម ក្រុមហ៊ុនលក់រាយអាហារ និងក្រុមហ៊ុនឱសថ ដើម្បីទទួលបានទីផ្សារនាំចេញក្នុងតំបន់ ក៏ដូចជាសម្រួលដល់ការនាំចូលផលិតផលក្នុងស្រុក»។
លោក ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញបានឱ្យដឹងថា ការចាប់ផ្ដើមសាងសង់ ឃ្លាំងស្តុកទំនិញត្រជាក់នេះ គឺជាការជូនដំណឹងដល់សាធារណជន ធុរជន និងវិនិយោគិនថា កំពង់ផែភ្នំពេញមានឃ្លាំងស្តុកទំនិញត្រជាក់សម្រាប់បម្រើពួកគេ។
លោកថ្លែងថា៖ «PPAP បានសម្រេចចិត្តសហការជាមួយ Khmer Cool Chain សម្រាប់ការសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់នេះ គឺដោយសារ PPAP ត្រូវការឃ្លាំងស្តុកទំនិញត្រជាក់ ដើម្បីបម្រើសាធារណជន ពិសេសវានឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការលើកកម្ពស់វិស័យឡូជីស្ទិកនៅកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា ឃ្លាំងស្ដុកទំនិញត្រជាក់ មានសារៈសំខាន់ណាស់ ព្រោះកម្ពុជាត្រូវការឃ្លាំងស្តុកទំនិញ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស។
លោកបន្តថា៖ «ថ្ងៃនេះយើងបានមើលឃើញការចាប់ផ្ដើមការសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់ដែលអាចគ្រប់គ្រងបាន ២៥ ភាគរយនៃទំហំផ្ទុកសរុបនៅក្នុងប្រទេស។ យើងសូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដែលមានទំនុកចិត្តលើរដ្ឋាភិបាលក្នុងការវិនិយោគលើឃ្លាំងស្តុកទំនិញត្រជាក់នៅថ្ងៃនេះ»។
លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាតែម្នាក់ឯងមិនអាចបំពេញទៅតាមតម្រូវការហេដ្ឋារចនាសម្ព័ន្ធទាំងអស់ក្នុងប្រទេសបានទេ។ យើងត្រូវការវិស័យឯកជនធ្វើជាដៃគូក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការទាំងមូលនៅកម្ពុជា»។
យោងតាមការសិក្សាអំពីតម្រូវការរបស់ទីផ្សារ, គម្រោងចាំបាច់ត្រូវការពង្រីកទីតាំងផ្ទេរ និងស្តុកទំហំ ១៤០ ០០០ ម៉ែត្រគុបបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅត្រឹមឆ្នាំ ២០៣០។ ស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់របស់ក្រុមហ៊ុន Khmer Cold Chain ថ្មីនេះនឹងផ្ដល់ទីតាំងទំហំ ៣៦ ២០៥ ម៉ែត្រគុបបន្ថែមទៀត ដែលបំពេញកង្វះខាតបច្ចុប្បន្នបានចំនួនជាង ២៥ ភាគរយ ដើម្បីឱ្យស្របទៅតាមកំណើននៃតម្រូវការទីផ្សារ។
លោក Allard បញ្ជាក់ថា៖ «នៅក្នុងក្រុមហ៊ុន InfraCo Asia យើងមានមោទនភាពក្នុងការជួយធ្វើឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកការបិទគម្លាតនេះ ហើយសង្ឃឹមថា គម្រោងនេះនឹងដើរតួជាកាតាលីករសម្រាប់ការអភិវឌ្ឍនាពេលអនាគតក្នុងវិស័យនេះ»។
លោកបន្ថែមថា៖ «គម្រោងឃ្លាំងស្តុកទំនិញត្រជាក់ខេត្តកណ្តាលនឹងមិនអាចដំណើរការទៅបានទេ បើគ្មានការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា»៕ LA