សៀមរាបៈ ព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៦ ០០០ នាក់ឱ្យទៅទស្សនា និងផ្តិតយករូបភាពដ៏កម្រដែលព្រះអាទិត្យដើរគោចរនៅចំកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះ មាន ២ ដងក្នុង ១ ឆ្នាំ ដែលលើកទី ១ ត្រូវចំថ្ងៃទី ២១ ខែមីនា និងលើកទី ២ នៅថ្ងៃទី ២២ ខែកញ្ញា។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែមីនាថា ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវទេសចរជាង ៦ ០០០ នាក់មកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះជាបាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» បានន័យសាមញ្ញ រយៈពេលថ្ងៃ និងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត។
លោក កុសល បានពន្យល់ថា ព្រឹត្តិការណ៍នេះគឺជាចំណុចដ៏សំខាន់របស់ប្រាសាទអង្គរវត្ត ដែលបង្ហាញពីចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំពោះភាពទាក់ទាញ និងអស្ចារ្យដែលបុព្វបុរសខ្មែរយើងកាលពីជំនាន់មុនបានប្រមូលផ្តុំគំនិតច្នៃប្រឌិតសាងសង់ប្រាសាទឱ្យស្រប និងបន្ស៊ីជាមួយនឹងធម្មជាតិ។
លោកថ្លែងថា៖ «វាបង្ហាញពីអរិយភាពការគិតរបស់មនុស្សខ្មែរយើងជំនាន់មុន។ កាលពីអតីតកាលដូនតារបស់យើង គឺអស្ចារ្យ។ អ៊ីចឹង បានជាគេចង់មកមើលច្រើន។ ព្រឹត្តិការណ៍នេះក៏ចូលរួមទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងមកលេងកម្សាន្តនៅខេត្តសៀមរាបផងដែរ»។
បើតាមក្រសួងទេសចរណ៍ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានទៅទស្សនាព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះ។ ចំនួននេះច្រើនកុះករ ក្រោយវិបត្តិជំងឺកូវីដរាតត្បាត ២ ឆ្នាំមកនេះ។
ព្រឹត្តិការណ៍សមរាត្រីនៅឆ្នាំនេះកើតឡើងចំថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ ដែលគេអាចមើលថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ប្រសិនបើអាកាសធាតុអំណោយផលល្អ។
ថ្វីដ្បិតឆ្នាំនេះមានពពកបិទបាំងបន្ដិចក្ដី ប៉ុន្តែគេនៅតែអាចមើលឃើញព្រះអាទិត្យពណ៌ក្រហមស្រាលរះឡើងចំចំណុចកណ្ដាលកំពូលប្រាសាទ ខណៈអ្នកទេសចរបង្ហាញការរីករាយយ៉ាងខ្លាំង។
ក្រសួងទេសចរណ៍បានបន្តថា៖ «ទិដ្ឋភាពមនុស្សកកកុញនេះដូច្នេះពិតជាបង្ហាញយ៉ាងច្បាស់ពីភាពជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល ហើយខេត្តសៀមរាប ក៏ជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ទេសចរអំឡុងពេលជំងឺកូវីដ ១៩ នេះ»។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២២ ថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រីខែមីនានេះត្រូវចំថ្ងៃទី ២១ ខែមីនា ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។
អ្នកជំនាញរូបនេះពន្យល់ថា សមរាត្រី គឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដីដែលតែងកើតមាននៅក្នុងពិភពលោក។ ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាជាលក្ខណពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យប្រាសាទអង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។
ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ ១ ជាកន្លែងល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់លើពិភពលោក ខណៈលេខ ២ បានទៅលើ Haleakala Crater របស់អាមេរិក។ នេះបើតាមការសិក្សាថ្មីដោយគេហទំព័រដ៏ល្បី Mornings.co.uk។
ក្រសួងទេសចរណ៍បង្ហាញថា ចុងសប្ដាហ៍ទី ២ ខែមីនា ឆ្នាំ ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ២៧ ៥៤៣ នាក់បើធៀបនឹងចុងសប្តាហ៍ទី ១ ខេត្តនេះទទួលបានត្រឹមតែ ១៨ ៦០៩ នាក់ប៉ុណ្ណោះ៕ LA