ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានព្យាករថា នៅក្នុងឆ្នាំ ២០២២ នេះខ្លួននឹងទទួលបានបរិមាណទូកុងតឺន័រចំនួន ៣៩៤ ៦៧៩ TEUs កើនឡើង ១៣ ភាគរយធៀបនឹងឆ្នាំ ២០២១ ដោយសារតែស្ថានភាពធូរស្រាលនៃការរីករាលដាលជំងឺកូវីដ ១៩ ទោះជាមានមេរោគបំប្លែងថ្មីក៏ដោយ។
លោក ហ៊ឺ បាវី អគ្គនាយក PPAP បាននិយាយថា ជាមួយស្ថានភាពធូរស្រាលនៃការរីករាលដាលជំងឺកូវីដ និងអត្រានៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំងក្នុងតំបន់ និងពិភពលោកមានអត្រាដ៏ខ្ពស់ដែលបង្កើតភាពស៊ាំក្នុងសហគមន៍នោះ បានជំរុញឱ្យប្រទេសនានាបើកសេដ្ឋកិច្ចទូលំទូលាយជាងមុន ដែលជាកត្តាធ្វើឱ្យសកម្មភាពទំនិញឆ្លងកាត់ផែ នឹងកាន់តែមានសកម្មភាពជាងមុន។
លោកបានថ្លែងថា៖ «កសភ ទទួលបាននូវកំណើនកុងតឺន័រឆ្លងកាត់ជាមធ្យមប្រចាំឆ្នាំចន្លោះពី ១៥-១៨ ភាគរយ ទោះបីជាមានវិបត្តិកើតឡើងដោយជំងឺកូវីដ ១៩ ក៏ដោយ។ ជាក់ស្តែង នៅឆ្នាំ ២០២០ កសភ ទទួលបានបរិមាណកុងតឺន័រ ២៩០- ៨៥៧ TEUs កើនឡើងចំនួន ៣,៤៩ ភាគរយបើធៀបនឹងឆ្នាំ ២០១៩ និងនៅឆ្នាំ ២០២១ មានចំនួន ៣៤៨ ៨៩៨ TEUs កើន ២០ ភាគរយធៀបនឹងឆ្នាំ ២០២០។ នៅក្នុងឆ្នាំ ២០២២ កសភ ព្យាករថា នឹងទទួលបានបរិមាណកុងតឺន័រ ៣៩៤ ៦៧៩ TEUs កើនឡើង ១៣ ភាគរយ ធៀបនឹងឆ្នាំ ២០២១»។
ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៅក្រុមហ៊ុន CSX លោកស្រី គឹម សុផានីតា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលកន្លងមកថា ការប៉ាន់ប្រមាណពីការកើនឡើងប្រាក់ចំណេញសុទ្ធរបស់កំពង់ផែភ្នំពេញ ក្នុងឆ្នាំ ២០២១ គឺបង្ហាញពីប្រតិបត្តិការអាជីវកម្មដ៏រឹងមាំដែលបានពីកំណើនទំនិញ និងកុងតឺន័រ។
លោកស្រីបានបន្តថា៖ «ឆ្នាំ ២០២១ គឺជាឆ្នាំដែលមានការរំខានសម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់សកល និងឡូជីស្ទិក ប៉ុន្តែខ្ញុំគិតថាកម្ពុជាមិនសូវរងផលប៉ះពាល់ទេ។ ទោះបីជាមានការរឹតបន្តឹងលើការធ្វើដំណើរ និងអាជីវកម្មមួយចំនួន ក៏ដំណើរការរបស់កំពង់ផែភ្នំពេញនៅតែរឹងមាំ ដោយសារកម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកដែលគ្រប់គ្រងស្ថានភាពជំងឺកូវីដបានល្អ»។
កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ ស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់ឈានមុខគេរបស់កម្ពុជាបានចាប់ផ្ដើមដំណើរការសាងសង់នៅក្នុងផែភ្នំពេញ ដែលស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយវាមានសមត្ថភាពបំពេញកង្វះខាតសរុប ២៥ ភាគរយរបស់ប្រទេសកម្ពុជា។
លោក ហ៊ឺ បាវី ថ្លែងថា ការចាប់ផ្ដើមសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់នេះនឹងជូនដំណឹងដល់សាធារណជន ធុរជន និងវិនិយោគិនថា កំពង់ផែភ្នំពេញមានឃ្លាំងស្តុកទំនិញត្រជាក់សម្រាប់បម្រើពួកគេ។
លោកថ្លែងថា៖ «PPAP បានសម្រេចចិត្តសហការជាមួយនឹងក្រុមហ៊ុន Khmer Cool Chain សម្រាប់ការសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់នេះ ដោយសារ PPAP ត្រូវការឃ្លាំងស្តុកទំនិញត្រជាក់បែបនេះ ដើម្បីបម្រើដល់សាធារណជន ជាពិសេសវានឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការលើកកម្ពស់វិស័យឡូជីស្ទិក»។
នៅក្នុងឆ្នាំ ២០២០ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ២៩,៤៨ លានដុល្លារ (មិនទាន់ធ្វើសវនកម្ម) ធ្លាក់ចុះ ៦ ភាគរយធៀបនឹង ៣១,៣១ លានដុល្លារ (ធ្វើសវនកម្មរួច) កាលពីឆ្នាំ ២០១៩។
លោក ហ៊ី បាវី បាននិយាយថា ការធ្លាក់ចុះប្រាក់ចំណូលឆ្នាំ ២០២០ គឺដោយសារស្ថានភាពជំងឺកូវីដ ១៩ រីករាលដាលដែលធ្វើឱ្យប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ៕ LA