ភ្នំពេញៈ គណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាងសង់បានកំណត់យកថ្ងៃទី ៣០ ខែមីនា ខាងមុខ ដើម្បីបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ ក្នុងខេត្តកំពត ខណៈដែលការសាងសង់សម្រេចបានជិត ១០០ ភាគរយហើយ។
លោក សុខ សុគុណ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្រោយកិច្ចប្រជុំអន្តរក្រសួងស្តីពីវឌ្ឍនភាពគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត កាលពីពេលកន្លងមកថា គម្រោងនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ ប៉ុន្តែសកម្មភាពនៃការសាងសង់ត្រូវបានពន្យារមួយរយៈដោយសារការរីករាលដាលជំងឺកូវីដ ១៩។
លោកបន្តថា យ៉ាងណាក៏ដោយ ពេលនេះការសាងសង់សម្រេចបានជិត ១០០ ភាគរយហើយ ដោយឡែកចំពោះអគារទទួលភ្ញៀវវិញសម្រេចបានជាង ៨០ ភាគរយ។ តាមការគ្រោងទុករបស់ក្រុមការងារក្រសួងសាធារណការ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនពិគ្រោះយោបល់ គម្រោងនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី ៣០ ខែមីនា ប៉ុន្តែកាលបរិច្ឆេទសម្ពោធឱ្យប្រើប្រាស់ នៅមិនទាន់ដឹងនៅឡើយទេ។
បើតាម លោក សុគុណ ក្រោយបញ្ចប់គម្រោងទាំងស្រុង គណៈកម្មការអន្តរក្រសួងនឹងរកពេលសមស្រប ដើម្បីសម្ពោធដាក់ឱ្យដំណើរការ ដោយនឹងមានការអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាគណៈអធិបតី។
លោកនិយាយថា៖ «ក្នុងកិច្ចប្រជុំនៅព្រឹកនេះ តាមការតាំងចិត្តរបស់ក្រុមការងារបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមីនា ប៉ុន្តែវាអាចនឹងត្រូវចំណាយពេលបន្តិចបន្តួចទៀតក្នុងការរៀបចំសម្អាតផ្សេងៗ» ។
បើតាមលោក សុគុណ នៅពេលដាក់ដំណើរការ វានឹងក្លាយជាកំពង់ផែទេសចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ព្រោះកម្ពុជាមិនធ្លាប់មានការតភ្ជាប់ពីខេត្តកំពត ទៅកាន់តំបន់កោះនានា ឬប្រទេសដទៃទេចាប់តាំងពីសម័យព្រះបាទអង្គឌួង រហូតមកទល់បច្ចុប្បន្ន។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបាននិយាយថា ការបង្កើតឱ្យមានកំពង់ផែទេសចរណ៍នេះ គឺជាមធ្យោបាយថ្មីមួយទៀតនៃការបញ្ជូនភ្ញៀវទេសចរចេញទៅក្រៅ និងទទួលភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវទឹកមកកាន់ខេត្តកំពត។
លោកបន្តថា កំពង់ផែនេះក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនភ្ញៀវទេសចរទៅលេងកម្សាន្តតាមបណ្តាកោះនានាក្នុងដែនសមុទ្រកម្ពុជា និងបង្កភាពងាយស្រួល និងផ្តល់ឱកាសសម្រាប់តម្រូវការភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវទឹកផងដែរ។
លោកថ្លែងថា៖ «គម្រោងត្រូវរំពឹងថា នេះនឹងជួយលើកស្ទួយ វិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត ជាពិសេសរមណីយដ្ឋាននានាក្នុងខេត្តកំពត និងទិសដៅតំបន់ឆ្នេរផ្សេងៗទៀត»។
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិក្នុងខេត្តកំពត ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពនៅក្នុងមហាអនុតំបន់មេគង្គ (GMS)។
តាមផែនការ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ត្រូវបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ និងការឆ្លងជំងឺនេះចូលក្នុងសហគមន៍ ព្រមទាំងបញ្ហាអាកាសធាតុផងនោះ បានធ្វើឱ្យដំណើរការសាងសង់មានការយឺតយ៉ាវ និងពន្យារពេល ២ លើករហូតមកទល់បច្ចុប្បន្ន៕ LA