ភ្នំពេញៈ កម្ពុជា​នឹង​ដំឡើង​ស្ថានីយ​បញ្ចូល​ចរន្តអគ្គិសនី​ចំនួន​ ១០ ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សំខាន់ៗ​ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ (EV) ​សំដៅ​សម្រេច​ទៅតាម​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ជំរុញ​ការប្រើប្រាស់​រថយន្ត និង​រថយន្តក្រុង​អគ្គិសនី​ឱ្យបាន ៤០​ ភាគរយ និង​ម៉ូតូ ៧០ ​ភាគរយ​ត្រឹម​ឆ្នាំ​ ២០៥០ សម្រាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ការបំភាយ​ឧស្ម័ន​កាបូន​សូន្យ​របស់​រដ្ឋាភិបាល​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ក្នុង​កម្មវិធី​មួយ​កាលពី​ថ្ងៃទី​ ២២ ខែមីនា​ថា ក្រសួង​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ស្ថានីយ​ប្រេងឥន្ធនៈ ដើម្បី​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ដំឡើង​ស្ថានីយ​បញ្ចូល​ចរន្តអគ្គិសនី​ដែលជា​កិច្ច​ខំប្រឹងប្រែង​ ដើម្បី​ជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ (EV)​។

លោក​ថ្លែងថា​៖ «​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ​ក៏បាន​រួមចំណែក​កសាង​ស្ថានីយ​បញ្ចូល​ចរន្តអគ្គិសនី​ចំនួន ៤ ​កន្លែង​ដល់​ក្រសួង​យើង​ផងដែរ ដោយ​ស្ថានីយ ១​ នឹងត្រូវ​ដំឡើង​នៅ​ក្រសួង ១ ​នៅ​ខេត្តបាត់ដំបង ១ ​នៅ​សៀមរាប និង​ ១​ ទៀត​នៅ​ក្រុងព្រះសីហនុ​»​។

លោក​បន្ថែមថា​៖ «​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ដូចជា Caltex, PTT និង Total ក៏​យល់ព្រម​ដំឡើង​ស្ថានីយ​បញ្ចូល​ចរន្តអគ្គិសនី​នៅ​ស្ថានីយប្រេងឥន្ធនៈ​របស់​ពួកគេ​ផងដែរ​។ យើង​សង្ឃឹមថា ត្រឹម​ចុង​ឆ្នាំនេះ យើង​ប្រហែល​ជា​មាន​ស្ថានីយ​បញ្ចូល​ចរន្ត​អគ្គិសនី យ៉ាងហោចណាស់​ចំនួន ១០ ​កន្លែង​ក្នុងប្រទេស​។ នេះ​ជា​អ្វីដែល​យើង​ចង់ឱ្យ​អ្នក​ដឹងថា ក្រៅពី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ យើង​ក៏​រួមចំណែក​រក្សា​បរិស្ថាន​ស្អាត​ផងដែរ​»​។

លោក​ប្រាប់ទៀតថា ក្រសួង​នឹងធ្វើ​បទបង្ហាញ​ពី​រថយន្ត EV នៅ​ថ្ងៃទី ​២៦ ខែមីនា ខាងមុខ ខណៈ​ក្រសួង​បាន​អញ្ជើញ​ក្រុមហ៊ុន​ផលិត​រថយន្ត EV និង​ម៉ូតូ EV ទាំងអស់​មក​តាំង​បង្ហាញ ហើយក៏​នឹងមាន​ការពិភាក្សា​ជា​ក្រុម​អំពី​យុទ្ធសាស្ត្រ​របស់​ប្រទេស​ឆ្ពោះទៅរក EV ផងដែរ​។

កាលពី​ថ្ងៃទី​ ១១ ខែមីនា ក្រសួង​សាធារណការ​បាន​បើក​សិក្ខាសាលា​អន្តរក្រសួង​ដោយ​សហការ​ជាមួយនឹង​ក្រុមហ៊ុន EnergyLab ដើម្បី​ស៊ើបអង្កេត​លើ​គោលនយោបាយ​ដែល​អាច​ត្រូវ​បានអនុម័ត​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​រថយន្ត EV​។ សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​របស់​រដ្ឋ អគ្គិសនី​កម្ពុជា អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់​ (GIZ) និង​សម្ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​។

លោក វ៉ាស៊ីម សូរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅពេល​ថ្មីៗ​នេះ​ថា កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ជំរុញ​ការប្រើប្រាស់​រថយន្ត និង​រថយន្តក្រុង​អគ្គិសនី​ឱ្យបាន ៤០ ​ភាគរយ និង​ម៉ូតូ ៧០ ​ភាគរយ​ត្រឹម​ឆ្នាំ​ ២០៥០ ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ការបំភាយ​ឧស្ម័ន​កាបូន​សូន្យ​រយៈពេល​វែង​របស់​រដ្ឋាភិបាល​។ លោក​បន្តថា ក្រសួង​បាន​ខិតខំ​ចាត់វិធានការ ដើម្បី​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ស្ដីពី​ការបង្កើន​ការប្រើប្រាស់​រថយន្ត EV ដែល​រួមមាន​ការរៀបចំ​សិក្ខាសាលា និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​៕ LA

វីដេអូ៖