ភ្នំពេញៈ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៤,៨ ម៉ឺនតោនទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ កើនឡើង ៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយប្រមូលបានប្រាក់ជាង ៧៦ លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមទិន្នន័យក្នុងខែមករា និងកុម្ភៈ ឆ្នាំ ២០២២ ការនាំចេញជ័រកៅស៊ូសម្រេចបានក្នុងបរិមាណ ៤៨ ៥០៩ តោន កើនឡើង ៦ ភាគរយបើធៀបនឹងរយៈពេល ២ ខែដើមឆ្នាំ ២០២១ និងទទួលបានប្រាក់ជិត ៧៦,៨៨ លានដុល្លារ។ សម្រាប់តម្លៃជ័រកៅស៊ូក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ គឺមានតម្លៃជាមធ្យម ១ ៥៨៥ ដុល្លារ ក្នុង ១ តោន ធ្លាក់ចុះតិចតួចធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
ដោយឡែកក្នុងរយៈពេលខាងលើការនាំចេញឈើកៅស៊ូសម្រេចបាន ៨០៨ ម៉ែត្រគុប កើន ៦៦ ភាគរយ និងទទួលបានប្រាក់ ៣៥៥ ៩៤៦ ដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគលើកៅស៊ូមិនសូវមានភាពរីកចម្រើនទេ ព្រោះតម្លៃជ័រកៅស៊ូកម្ពុជាត្រូវពឹងផ្អែកទាំងស្រុងទៅលើទីផ្សារអន្តរជាតិ ហើយទិន្នន័យដែលកម្ពុជាប្រមូលបាន គឺពឹងផ្អែកតែទៅលើការនាំចេញមួយមុខប៉ុណ្ណោះ។ ភាពអវិជ្ជមានទាំងនេះធ្វើឱ្យការវិនិយោគលើដំណាំកៅស៊ូ នៅពេលនេះមិនសូវផុលផុសខ្លាំងទេ។
ទោះយ៉ាងណា លោកលើកឡើងថា ការបើកដំណើរការរោងចក្រផលិតកង់កៅស៊ូរបស់ក្រុមហ៊ុន Cart Tire Co., Ltd ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០២១ បាននិងកំពុងចូលរួមចំណែកធ្វើឱ្យទីផ្សារនេះមានភាពល្អប្រសើរឡើងវិញជាបណ្តើរៗ។
លោកនិយាយថា៖ «យើងរំពឹងថា ការបណ្តាក់ទុនថ្មីៗលើរោងចក្រផលិតកង់រថយន្ត និងការបើករោងចក្រដំឡើងរថយន្តនៅកម្ពុជានឹងធ្វើឱ្យតម្រូវការប្រើប្រាស់ជ័រកៅស៊ូនៅកម្ពុជាកើនឡើង ហើយតម្លៃក៏កើនឡើងជាងមុនផងដែរ»។
នៅកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំកៅស៊ូសរុប ៤០៤ ០៤៤ ហិកតា ក្នុងនោះផ្ទៃដីកំពុងចៀរជ័រ មានចំនួន ៣១០ ១៩៣ ហិកតា និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ ហិកតា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន កាលពីថ្ងៃទី ២៣ ខែមីនា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្នុងឆ្នាំ ២០២១ កម្ពុជារកចំណូលបានជាង ៦១០ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ៕