ភ្នំពេញៈ ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ នៅសួនច្បារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។
សេចក្តីជូនដំណឹងដែលផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី ២៤ ខែមីនា បានឱ្យដឹងថា ពិធីសម្ពោធនេះនឹងធ្វើឡើងក្រោមអធិបតីភាពរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី តំណាងអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គការដៃគូអភិវឌ្ឍន៍ថ្នាក់ជាតិ និងអន្តរជាតិ សមាជិកសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលមានចំនួនប្រហែល ៣០០ រូប។
ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានក្រសួងពាណិជ្ជកម្ម ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ ដោយបានរៀបចំចងក្រង និងតម្កល់សៀវភៅបន្ទុក «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ក្រោមកិច្ចគាំទ្ររបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) និងសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ក្រោមជំនួយពីពលរដ្ឋអាមេរិក USAID, សហភាពអឺរ៉ុប និងស៊ីដា (EU/Sida), ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ), ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមូលនិធិ October Hill Foundation។
គោលបំណងសំខាន់ៗនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» រួមមាន៖ ផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញាដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រោមច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅលើទីផ្សារជាតិ និងអន្តរជាតិ, អភិរក្សចំណេះដឹងចំណេះធ្វើ និងទេពកោសល្យតាមបែបប្រពៃណីរបស់ប្រជាកសិករ និងសហគមន៍ជនជាតិពូនក្នុងខេត្តមណ្ឌលគិរី តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក «ទឹកឃ្មុំព្រៃមណ្ឌលគិរី», លើកកម្ពស់គុណភាព សម្បកវេចខ្ចប់ ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងចូលរួមថែរក្សាតំបន់ព្រៃការពារជាគោលដៅទេសចរណ៍, និងបង្កើនចង្វាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។
យោងតាមលិខិតជូនដំណឹងខាងលើនៅក្នុងព្រឹត្តិការណ៍សម្ពោធនេះក៏នឹងមានការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី (Earth Hour) ឆ្នាំ ២០២២ និងមានស្តង់សម្រាប់ដាក់តាំងបង្ហាញ និងលក់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទឹកឃ្មុំព្រៃមណ្ឌលគិរី, ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់ និងផលិតផលម៉ាកសមូហភាពអង្ករព្រះវិហារ និងអំបុកកំពង់ធំ ព្រមទាំងផលិតផលផ្សេងៗទៀត ដោយចាប់ពីថ្ងៃ ២៦ រហូតដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២៕