ភ្នំពេញៈ បន្ទាប់ពីពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅទីផ្សារប្រទេសចិនបានចូលជាធរមាន ក្រសួងកសិកម្ម បានអំពាវនាវឱ្យអ្នកនៅក្នុងវិស័យផលិតកម្មមៀនប៉ៃលិន ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់នាំចេញផ្លែមៀនស្រស់ទៅទីផ្សារប្រទេសចិន ឱ្យរួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ឱ្យបានឆាប់រហ័ស។
សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះកាលបរិច្ឆេទថ្ងៃទី ២៥ ខែមីនា ឱ្យដឹងថា យោងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ ស្តីពីវឌ្ឍនភាពនៃការចរចាបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីនាំចេញផ្លែមៀនកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ ជម្រាបជូនដំណឹងបន្ថែមដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងផ្នែកឯកជនពាក់ព័ន្ធជ្រាបថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅប្រទេសចិន ត្រូវបានចូលជាធរមានកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។
សេចក្តីជូនដំណឹងបន្តថា៖ «អនុវត្តតាមស្មារតីកិច្ចប្រជុំកំពូលរវាងព្រះរាជាណាចក្រកម្ពុជាជាមួយសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ស្តីពីការជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលបានចូលជាធរមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ នាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនសម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។
បន្ថែមពីលើនេះ សេចក្តីជូនដំណឹងបានបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើរការនេះ ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ អាចទំនាក់ទំនងដោយផ្ទាល់ទៅអគ្គនាយកដ្ឋានកសិកម្ម ដែលជាអង្គភាពជំនាញមានសមត្ថកិច្ចជាតិទទួលបន្ទុកលើការងារពាក់ព័ន្ធនឹងការចរចាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីជំរុញការនាំចេញកសិផល (រុក្ខជាតិ និងផលិតផលរុក្ខជាតិ) ទៅកាន់ប្រទេសនានារួមទាំងប្រទេសចិនផងដែរ៕